ប្រ៊ុយណេ រកឃើញករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង ក្នុងរយៈពេល ១៥ខែ

ប្រ៊ុយណេ​រក​ឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ-១៩ចំនួន ៤២ករណី កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។ ចំនួន​នេះ​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​សម្រាប់​ករណី​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​នេះ ខណៈ​កាល​ពី​ចុង​សប្ដាហ៍​មុន ប្រទេស​នេះ​រក​ឃើញ​មាន​ការ​ឆ្លង​ចូល​សហគមន៍​ជា​លើក​ដំបូង ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ប្រ៊ុយណេ​លោក Mohd Isham Jaafar លើក​ឡើង​ប្រភព​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩​ក្នុង​ឆ្នាំ​នេះ អាច​ចេញ​ពី​សណ្ឋាគារ​សម្រាប់​ធ្វើ​ចត្តាឡីស័ក។ អាជ្ញាធរ​ប្រ៊ុយណេ​ក៏​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ឆ្លង​ព្រំដែន​ម៉ាឡេស៊ី-ប្រ៊ុយណេ​ដោយ​ខុស​ច្បាប់ ដែល​មាន​ការ​សង្ស័យ​ថា ការ​ឆ្លង​ព្រំដែន​នេះ អាច​ជា​ប្រភព​ចម្លង​មួយ​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​សុខាភិបាល​បន្ថែម​ថា សំណាក​ទាំង​អស់​នេះ​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​សិង្ហបុរី ដើម្បី​ធ្វើ​តេស្ត​រក​មើល​វ៉ារ្យង់​ដែលតា ដែល​អាច​ចម្លង​ជំងឺ​កូវីដ-១៩​ខ្លាំង​ជាង​ធម្មតា។

ក្រោយ​ពី​រក​ឃើញ​ឆ្លង​ចូល​សហគមន៍​ភ្លាម រាជការ​ប្រ៊ុយណេ​ក៏​ធ្វើ​ការ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ដាក់​បម្រាម​បិទ​សាលារៀន វិហារ​ឥស្លាម និង​ជំនួញ​មិន​ចាំ​បាច់​មួយ​ចំនួន។

៣៣ភាគ​រយ នៃ​ប្រជាជន​ប្រមាណ ៤៥ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​នេះ​ទទួល​បាន​វ៉ាក់សាំង​យ៉ាង​តិច​មួយ​ដូស។ នេះ​បើ​តាម​ទិន្នន័យ​ដោយ​រដ្ឋាភិបាល​ប្រ៊ុយណេ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner