ឥទ្ធិពលនយោបាយរបស់ កឹម សុខា-សម រង្ស៊ី សាបរលាបទៅតាមអ្វីដែលអតីតមន្ត្រីក្រោមបង្គាប់របស់ខ្លួនកំពុងតែបែកបាក់គ្នាជាបំណែកៗ

ភ្នំពេញៈ ឥទ្ធិពលនយោបាយរបស់មេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បាននិងកំពុងសាបរលាបទៅតាមអ្វីដែលអតីតមន្ត្រីក្រោមបង្គាប់របស់ខ្លួនកំពុងតែបែកបាក់គ្នាជាបំណែកៗ ហើយបានទៅបង្កើតគណបក្សរៀងៗខ្លួន ដោយសារតែបានដឹងថា ខ្មោចគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញទេ ហើយអ្វីដែលពួកគេទន្ទឹងរង់ចាំថា គណបក្សសង្គ្រោះជាតិរស់ឡើងវិញ ក៏វាលែងមានទៀតដែរ។ មានន័យថា ពួកគេមិនគាស់ខ្មោចយកមកហិត ដូច កឹម សុខា-សម រង្ស៊ី ស្រមើស្រមៃនោះឡើយ។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី១០ ខែសីហានេះថា ការដែលលោកសម្រេចចិត្តបង្កើតគណបក្សកែទម្រង់កម្ពុជា ដោយសារតែគណបក្សសង្គ្រោះជាតិមិនមានឱកាសវិលត្រឡប់មកវិញបាន ពីព្រោះពេលវេលា៣ឆ្នាំជិត៤ឆ្នាំហើយ និងយន្តការអន្តរជាតិក្នុងការជួយដោះស្រាយហាក់ដូចជាមិនមានអ្វីធំដុំដែលអាចជួយដោះស្រាយបាន។ ទន្ទឹមនេះជំហរនយោបាយរបស់អ្នកធំៗហាក់ដូចជាមិនឃើញមានការសម្របសម្រួលគ្នាទៅវិញទៅមក។ ដូច្នេះលោកយល់ថា មិនមានលទ្ធភាពសង្គ្រោះជាតិចូលមកសាជាថ្មីទេ ។

លោកបានបញ្ជាក់ថា “បើសិនជាពលរដ្ឋខ្មែរចង់ចូលរួមដើម្បីជំរុញ ឬក៏ស្តារលទ្ធិប្រជាធិបតេយ្យឲ្យបានល្អឡើងវិញ ទាល់តែយើងម្នាក់ៗមានកាតព្វកិច្ចចូលរួមដើម្បីធ្វើម៉េចឲ្យប្រជាធិបតេយ្យល្អឡើងវិញ។ បើសិនជានាំគ្នានៅស្ងៀម ហើយនាំគ្នាបន្ទោស។ អាហ្នឹងខ្ញុំគិតថា ប្រហែលជាមិនអាចត្រឡប់មកវិញទេប្រជាធិបតេយ្យដែលយើងរំពឹងទុកនោះ”។

ចំណែកលោក ផាន់ ច័ន្ទស័ក្តិ អតីតមេធាវីការពារលោក កឹម សុខា បានថ្លែងថា អ្នកក្បត់ឆន្ទៈរាស្រ្ត គឺសម រង្ស៊ី និងកឹម សុខា ដែលយល់ព្រមចូលសភានៅក្នុងឆ្នាំ២០១៤ រំសាយមហាបាតុកម្មដែលបាតុករខំលក់ឆ្កែ លក់ឆ្មា យកលុយមកតវ៉ា ឯណោះទេ។ ចំណែកអ្នកដែលបានសុំសិទ្ធិធ្វើនយោបាយ និងចេញបង្កើតបក្សពេលនេះ គឺជាជនរងគ្រោះពិតប្រាកដដល់ទៅពីរត្រួត និងមិនមែនជាអ្នកក្បត់ឆន្ទះរាស្រ្តឡើយ។ ដូច្នេះក្បត់ឆន្ទៈរាស្រ្តខ្លួនឯង កុំបំភ្លៃទំលាក់កំហុសឱ្យគេ ឱ្យឯង។

អ្នកតាមដានការវិវត្តស្ថានភាពនយោបាយនៅកម្ពុជាមួយរូបបានបញ្ចេញមតិថា អ្វីដែលបាននិងកំពុងកើតនាពេលនេះ បានបង្ហាញច្បាស់ថា អតីតអ្នកគាំទ្រ អ្នកដើរតាម កឹម សុខា-សម រង្ស៊ី លែងមានសង្ឃឹមលើខ្មោចដែលងាប់ទៅហើយនោះមិនអាចរស់ឡើងវិញឡើយ ហើយពួកគេក៏មិនទៅ”គាស់ខ្មោច យកមកហិត”ដែរ ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner