ភាពតានតឹងរវាងអាមេរិក និងចិនកើនឡើង នៅអង្គការសហប្រជាជាតិ ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង

កាល​ពី​ថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លោក​អាន់តូនី ប្លីងគែន​បាន​ធ្វើ​ការ​រិះ​គន់​សកម្មភាព​របស់​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​បាន​ប្រាប់​អង្គ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិពីរឿង​​ការ​ផ្ទុះ​ជម្លោះ​នៅ​តំបន់​នេះ​ ឬ​តំបន់​សមុទ្រ​ដទៃ​ទៀត​«នឹង​មាន​ផល​វិបាក​ជា​សកល​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​ពាណិជ្ជកម្ម​» ដែល​ការ​លើក​ឡើង​បែប​នេះ​បង្ក​ឱ្យ​ការ​រិះគន់​ពី​ភាគី​ចិន​វិញ​។

«យើង​បាន​ឃើញ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​គ្រោះ​ថ្នាក់​រវាង​នាវា​នៅ​សមុទ្រ និង​សកម្មភាព​បង្ក​ហេតុ ដើម្បី​ជំរុញ​ការ​ទាមទារ​ដែន​សមុទ្រ​ដោយ​ខុស​ច្បាប់​» លោក​ប្លីងគែន​និយាយ​បែប​នេះ​ ដោយ​បន្ថែម​ទៀត​ថា​ក្រុង​វ៉ាស៊ីនតោន​មាន​ការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​ដែល​ «បំភិត​បំភ័យ​ និង​យាយី​ រារាំង​រដ្ឋ​ដទៃ​ទៀត​ទៀត​ពី​ការ​ចូល​ប្រើ​ធនធាន​ដែន​សមុទ្រ​របស់​ពួកគេ​ដោយ​ស្រប​ច្បាប់​»​។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ​បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​ថា​៖ «នៅ​ពេល​រដ្ឋ​មួយ​មិន​ប្រឈម​នឹង​ផល​វិបាក​ពី​ការ​មិន​អើ​ពើ​ចំពោះ​ច្បាប់​ទាំង​នេះ វា​នឹង​ជំរុញ​ឱ្យ​មាន​និទ្ទណ្ឌភាព​និង​អស្ថិរភាព​កាន់​តែ​ច្រើន​ឡើង​នៅ​គ្រប់​ទី​កន្លែង​»​។

ជា​ការ​ឆ្លើយ​តប​នឹង​លោក​ប្លីងគែន ឯកអគ្គរដ្ឋទូត​រង​របស់​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ដាយ ប៊ីង បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា​បាន​«បង្ក​បញ្ហា​ពី​អ្វី​មួយ​ដែល​តូចតាច​ ដោយ​បញ្ជូន​នាវា​ និង​យន្តហោះ​យោធា​ទំនើប​ៗ​តាម​អំពើ​ចិត្ត​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​ការ​បង្ក​ហេតុ និង​ការ​ព្យាយាម​ជា​សាធារណៈ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​រវាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​»​។ លោក​បាន​បន្ត​ទៀត​ថា​៖ «ប្រទេស​នេះ​ខ្លួន​ឯង​បាន​ក្លាយ​ជា​ការ​គំរាម​កំហែង​ធំ​បំផុត​ចំពោះ​សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​»​។

សមុទ្រ​ចិន​ខាង​ត្បូង​បាន​ក្លាយ​ជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​តានតឹង​ជា​ច្រើន​នៃ​ទំនាក់​ទំនង​ចិន​-អាមេរិក​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ច្រានចោល​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ការ​ទាមទារ​ទឹក​ខុស​ច្បាប់​ដោយ​ទីក្រុង​ប៉េកាំង​នៅ​ដែន​សមុទ្រ​ដ៏​ធំធេង​ ដែល​រួម​មាន​ផ្នែក​មួយ​ចំនួន​នៃ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ប្រទេស​វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner