មន្ទីរពេទ្យរាប់រយនៅហ្វីលីពីន ស្ទើអស់សមត្ថភាពទទួលអ្នកជំងឺទៀត ខណៈករណីកូវីដ១៩ កើនឡើងខ្លាំង
ក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃ ច័ន្ទ ថា មន្ទីរពេទ្យជិតមួយភាគប្រាំនៅក្នុងប្រទេសហ្វីលីពីន ស្ទើអស់សមត្ថភាពទទួលអ្នកជំងឺទៀត ក្រោយករណីកូវីដ-១៩ កើនឡើងខ្លាំងក្នុងប្រទេស ដោយសារវ៉ារ៉្យង់ឌែលតា។
ករណីឆ្លងវីរុសកូវីដនៅប្រទេសហ្វីលីពីន កំពុងកើនឡើងក្នុងអត្រាឆ្លងពី ៨.០០០ ទៅ ១០.០០០ នាក់ក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នេះបើយោងតាមទិន្នន័យផ្លូវការ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី Maria Rosario Vergeire បាននិយាយថា៖ « វាអាចទៅរួច ដែលករណីនឹងបន្តកើនឡើង សូម្បីតែបើទោះបីយើងរឹតបន្តឹង និងកំណត់កម្រិតដាក់ធ្វើចត្តាឡីស័កនៅមជ្ឃមណ្ឌលទទួលអ្នកជំងឺសម្រាប់ រដ្ឋធានីម៉ានីល និងតំបន់ជុំវិញនេះក៏ដោយ»។
លោកស្រី បាននិយាយថាក្នុងចំណោម មន្ទីរពេទ្យចំនួន ១.២៩១ នៅប្រទេសហ្វីលីពីន មន្ទីរពេទ្យប្រមាណ ២៣៦ កន្លែងបានឈានដល់ «កម្រិតធ្ងន់ធ្ងរ» ដែលមានទទួលអ្នកជំងឺជាង ៨៥ ភាគរយ ហើយដោយសារតែការកើនឡើងនៃករណីកូវីដកើនឡើងខ្លាំង។ ដោយឡែក មន្ទីរពេទ្យនៅតំបន់រដ្ឋធានី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ក៏កំពុងប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះដែរ ដោយមានអគារចំនួន ២៥ ក្នុងចំណោម ១៥៩ ទទួលអ្នកជំងឺស្ទើរពេញមន្ទីរពេទ្យ។
កាលពីថ្ងៃ សុក្រ សប្តាហ៍មុន អាជ្ញាធរបាន បិទខ្ទប់តំបន់រដ្ឋធានី និងទីក្រុងជាង ១៦ ដែលមានប្រជាជនជាង ១៣ លាននាក់ រយៈពេលពីរសប្តាហ៍ ដោយសារករណីទូទាំងប្រទេសជិតឈានដល់កម្រិតខ្ពស់បំផុតរយៈពេល ៤ ខែកន្លងមក។
ប្រទេសហ្វីលីពីន គ្រោងនឹងចែកចាយវ៉ាក់សាំងរហូតដល់ ៧០ លាននាក់នៅឆ្នាំនេះ ដោយបច្ចុប្បន្ន ប្រជាជនចំនួន ១១ លាននាក់ ទើបទទួលបានវ៉ាក់សាំងពេញលេញហើយ។ ប្រទេសនេះ រកឃើញករណីវិជ្ជមានសរុបប្រមាណ ១.៦៥ លានករណីហើយ ចាប់តាំងពីការរីករាលដាលនៃជំងឺនេះ និងមានចំនួនអ្នកស្លាប់ចំនួន ២៩.០០០ ករណីហើយ។
ប្រភព៖ CNA