ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងែនេះផ្តល់ជូនលោកអ្នកនូវការសម្រេចរាល់ កិច្ចការងារដែលអ្នកកំពុងប្រតិបត្តិ។ ក្នុងនោះដែរ ការពិភាក្សាចរចាគួរតែត្រូវធ្វើឡើងនៅពេលនេះផងដែរ ពីព្រោះរាល់ពាក្យសំដីរបស់អ្នកនឹងមានមនុស្សយកចិត្តទុកដាក់ និងគាំទ្រណាស់។ ទិសសំណាងបំផុតក្នុងពេលនេះ គឺទិសនិរតី នៅទីនោះលោកអ្នកអាចនឹងរពឹងថាទទួលបានឳកាសច្រើន។ ដោយឡែក បញ្ហាតូចតាចខ្លះអាចនឹងប្រាកដខ្លួននៅរវាងពេលព្រឹកតែម្តង ដូច្នេះសូមព្យាយាមអត់ធ្មត់ ហើយអនុគ្រោះឲ្យបានច្រើន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អប្រសើរណាស់។ ថ្ងៃនេះចូរខំប្រឹងប្រែងធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ប៉ុន្តែមិនមានន័យថាត្រូវយកចិត្តយកថ្លើមគេនោះទេ។ លោកអ្នកទទួលបានអំណោយផលក្នុងការពិនិត្យ វាយតម្លៃ និងធ្វើការអនុវត្តការងារដោយងាយស្រួលណាស់ ដូច្នេះចូរខំប្រឹងប្រែងបំពេញនាទីរបស់អ្នក ទាំងនេះហើយជាចំណុចដែលនឹងត្រូវកត់សម្គាល់។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះពេលវេលា ប្រយ័ត្នក្រែងមិនអាចបញ្ចប់ការងារបានទាន់ពេល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ លោកអ្នកអាចទទួលដំណឹងក្នុងការចាកចេញបំពេញការងារផ្លូវឆ្ងាយ ដូច្នេះសូមត្រៀមខ្លួន ព្រមទាំងពិនិត្យរាល់កិច្ចការទាំងអស់កុំឲ្យមានការខ្វះខាត។ ក្នុងនោះសូមចងចាំថា ការជឿទុកចិត្តត្រូវតែស្ថិតនៅក្នុងកំរិតដែលអាចគ្រប់គ្រងបាន។ អ្នកមិនមានហេតុផលណាមួយទៅជាមនុស្សដែលផ្តល់ឲ្យអ្នកគ្រាន់តែអារម្មណ៍ស្រមៃនោះទេ។ ក្រៅពីនេះ ​សូមចំណាយពេល និងយកចិត្តទុកដាក់ចំពោះសេចក្តីសុខក្នុងក្រុមគ្រួសារឡើងវិញ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ លោកអ្នកមានមនុស្សស្រលាញ់រាប់អាននឹងជួយយកអាសារណាស់។ តែទោះបីជាយ៉ាងនេះក៏សូមកុំភ្លេចខ្លួន ពីព្រោះស្ថានភាពខាងក្រៅមួយចំនួនកំពុងបង្ករជាបញ្ហាដល់អ្នកផងដែរ។​ មតិឈ្នានីសទាំងនោះ គួរកុំយកចិត្តទុកដាក់ទើបជាការល្អ។ ដោយឡែក ប្រសិនបើលោកអ្នកមានបំណងធ្វើអ្វីមួយ សូមកុំភ័យខ្លាច ឬរងចាំជំនួយឡើយ ពីព្រោះអ្នកមានសមត្ថភាពពេញលេញ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការនានារបស់លោកអ្នកដំណើរការទៅដោយប្រក្រតី។ ក្នុងនោះលោកអ្នកអាចនឹងមានសំណាងនៅពេលព្រឹក ហើយដែលនាំមកឲ្យដោយមនុស្សជាទីស្រលាញ់។ លាភសំនាងនេះ អាចមិនទាក់ទងនឹងលុយកាក់នោះទេ គឺច្រើនតែសម្ភារៈទោវិញទេ។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្នក្នុងការនិយាយស្តីជាមួយមិត្តរួមការងារ ឬមនុស្សដែលជួយជ្រោមជ្រែងអ្នក ពីព្រោះកំហុសដោយអចេតនាកើតឡើងខ្ពស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទី ព្រមទាំងលុយកាក់ជាច្រើន។ ទន្ទឹមនឹងនេះ រាល់ភារកិច្ច​ការងារ និងអាជីវកម្មនានាធានាថាមិនជួបបញ្ហាអ្វីសោះឡើយ។ លោកអ្នកមានអំណាច និងឥទ្ធិពលវិជ្ជមានចំពោះស្ថនភាពទាំងឡាយនៅជុំវិញខ្លួន។ ហើយប្រសិនបើអ្នក ចង់ប្រារព្វពិធីមង្គលដូចជាសាងសង់ផ្ទះ ឡើងផ្ទះ​ បើកហាងថ្មី នឹងស្គាល់តែសុខសុភមង្គល និងភាពរុងរឿង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ សូមរក្សាភាពរស់រាយរាក់ទាក់ជានិច្ច ហើយគួរ ដាក់ចិត្តថ្លើមក្នុងភារកិច្ចការងារទាំងឡាយរបស់អ្នក។ ក្រៅពីនេះសូមចងចាំថា មិនគួរប្រើប្រាស់ពេលនេះ ទៅពិភាក្សាការងារធំ ឬគម្រោងដែលបានរៀបចំនោះទេ ពីព្រោះអ្នកមិនអាចទាក់ទាញការចាប់អារម្មណ៍ដោយភាពវិជ្ជមាននោះទេ។ ចូរព្យាយាមកែប្រែស្ថានភាពនេះដោយភាពស្ងប់ស្ងៀម គឺប្រសើរជាង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះធាតុទឹកនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ដូច្នេះរាល់កិច្ចការងារទាំងឡាយរបស់អ្នកធានាថាមិនជួបបញ្ហាអ្វីទាំងអស់ ។ ចំពោះការចំណាយដើមទុនទាំងឡាយ គឺមិនគួរមានការព្រួយបារម្ភនោះទេ ពីព្រោះអ្វីៗនឹងឈានទៅដល់ការចំណេញ។ ផ្ទុយទៅវិញ សូមលោកអ្នកកុំប្រមាថចំពោះស្ថានការណ៍ គួរចេះអត់អោន។ ចំពោះរឿងរ៉ាវរបស់អ្នកដទៃ សូមទុកឲ្យគេដោះស្រាយ ព្យយាមចាកចេញ ហើយបំពេញតួនាទីរបស់អ្នក។ ក្រៅពីនេះ បើអាចគួររក្សាដំណើរឲ្យបានជិតបំផុត។​

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបរនានារបស់លោកអ្នកអាចនឹងទទួលផលដ៏ប្រសើរណាស់ ប៉ុន្តែក៏ទាមទារពេលវេលា និងកំលាំងកាយចិត្តរបស់អ្នកខ្លាំងជាងសព្វដងផងដែរ។​ បញ្ហាដែលលំបាក គឺដោយសារលោកអ្នកមិនអាចមានលទ្ធភាពពេញលេញដំណើរធ្វើទំនាក់ទនង និងសុំការពិភាក្សាឡើយ។ ទន្ទឹមនឹងនោះ មានមនុស្សមួយចំនួនមិនមានបំណងល្អចំពោះអ្នកនោះទេ ដូច្នេះវាជាការល្អប្រសើរ ប្រសិនបើអ្នកព្យាយាមបំពេញការងារដោយឯកឯង។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នចំពោះការសម្រេចចិត្ត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះកើតឡើងច្រើនណាស់។ ចំពោះរាល់ការងារទាំងឡាយវិញ ក៏នឹងអាចសម្រេចទៅបានដោយងាយស្រួលបំផុត។ ជម្លោះ ឬបញ្ហាមួយចំនួននៅក្នុងរង្វង់ការងារអាចនឹងប្រាកដខ្លួននៅរវាងពេលថ្ងៃ ដូច្នេះសូមប្រយ័ត្នឲ្យបានខ្ពស់ អ្វីៗទាំងអស់ត្រូវពិនិត្យ ពីព្រោះបញ្ហានេះមិនទាន់អាចកំណត់ប្រភពនោះទេ។ ក្រៅពីនេះ សូមកុំសំដែងភាពជោគជ័យ ពីព្រោះអាចបណ្តាលឲ្យមានមនុស្សឈ្នានីស ច្រើនជាងអ្នកអបអរ។ ចំពោះលោកអ្នកដែលចង់រៀបចំពិធីមង្គលនានា សូមសម្រេចធ្វើចុះ មង្គលនឹងកើតឡើងសម្រាប់ជីវិតអ្នក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ លោកអ្នកអាចសម្រេចដា់ចេញការងារថ្មី មុខរបរថ្មី ការបណ្តាក់ទុន និងសូម្បីតែការផ្លាស់ប្តូរការងារ។ សូមរីករាយទទួលយកអំណោយផលផ្នែកសេដ្ឋកិច្ចនៅចុងបញ្ចប់ម៉ោងការងារល្ងាចនេះ។ សូមបញ្ចៀសពីបញ្ហា ការឈ្លោះប្រកែកក្នុងក្រុមការងារអាចកើតឡើង។ អ្នកគួរចេះវាយតម្លៃពីផលប៉ះពាល់ និងផលប្រយោជន៍ មិនដូច្នេះការធ្លាក់ខ្លួនទៅក្នុងបញ្ហាអ្នកដទៃគឺមានភាពងាយស្រួលណាស់។ ដោយឡែក អ្នកទទួលបានអំណោយផល ក្នុងការស្វែងរកពត៌មាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការចាស់ថ្មីទាំងឡាយ។ ចំពោះកិច្ចការងារទាក់ទងនឹងលុយកាក់ ឬផ្នែកហិរញ្ញវត្ថុ មើលឃើញថានឹងទទួលបានលាភធំ។ ក្រៅពីនេះ លោកអ្នកអាចមានលទ្ធភាពចរចាការងារទាំងឡាយ បើទោះបីជាមួយនឹងមនុស្សដែលធ្លាប់តានតឹងនឹងអ្នកក្តី។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារគួរតែផ្អាកសិនទើបប្រសើរ ពីព្រោះការងារចាស់ក៏កំពុងប្រព្រឹត្តិទៅយ៉ាងល្អ អ្នកគួរប្រើពេលអភិវឌ្ឍន៍នេះវិញទើបមិនសូវចំនាយពេលច្រើន។ ដោយឡែក លោកអ្នកទទួលបានភាពសុខសាន្ត សម្រាប់ផ្លូវចិត្តណាស់។

ចំណាំៈ

ឆ្នាំទាំង៥ ថោះ ម្សាញ់ មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនទទួលយកតំណែងការងារ លាភសក្ការៈ ការសម្រេចជោគជ័យក្នុងភារកិច្ចការងារក្នុងពេលនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner