ផាន់ គ្រាន់ តាំងចិត្តពង្រឹងសមត្ថភាព ក្រោយបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈ
ម្ចាស់ខ្សែក្រវ៉ាត់៣គ្រឿង ផាន់ គ្រាន់ បានតាំងចិត្តពង្រឹងសមត្ថភាព ត្រៀមឡើងសង្វៀនគុនខ្មែរជាថ្មី ក្រោយបាត់វត្តមានមួយរយៈ ដោយសារការធ្លាក់ចុះសមត្ថភាព ។
ផាន់ គ្រាន់ អះអាងថា ការធ្លាក់ចុះសមត្ថភាពខ្លាំង ធ្វើឲ្យបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈ ដោយសារឡើងគីឡូខ្លាំង ធ្វើឲ្យការប្រកួតមិនទទួលបានជោគជ័យ ។ ដូច្នោះត្រូវបង្ខំចិត្តផ្អាកការប្រកួតមួយរយៈសិន ងាកមកជួយលក់សាច់កាប់ប្រពន្ធ ដើម្បីជួយលើកកម្ពស់ជីវិភាពក្នុងគ្រួសារ ។
ម្ចាស់ខ្សែក្រវ៉ាត់៣គ្រឿងខាងលើ បញ្ជាក់ទៀតថា ការវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរជាថ្មីនេះ រំពឹងជឿជាក់ថា នឹងស្តារភាពល្បីល្បាញមកវិញ ដោយត្រូវពង្រឹងការហ្វឹកហាត់អោយខ្លាំងជាងមុន និងសម្រកគីឡូឲ្យនៅសល់ត្រឹម៦៣កន្លះប៉ុណ្ណោះ ។

គួររំលឹកថា ផាន់ គ្រាន់ ជាកីឡាករជើងខ្លាំងគុនខ្មែរមួយរូប ធ្លាប់គ្រងខ្សែក្រវ៉ាត់ចំនួន៣គ្រឿង ការបាត់មុខពីសង្វៀនដោយសារធ្លាក់ចុះសមត្ថភាពខ្លាំង នៅចុងឆ្នាំ២០១៨ ការហ្វឹកហាត់មិនគ្រប់គ្រាន់ ធ្វើឲ្យគីឡូឡើងខ្លាំង ការប្រកួតមិនទទួលបានជោគជ័យ បង្ខំចិត្តឲ្យឃ្លាតឆ្ងាញពីសង្វៀនគុនខ្មែរមួយរយៈ ៕
