ការស៊ើបអង្កេត Al Jazeera បង្ហាញពីរបៀបប្រើវិស័យកីឡាបាល់ទាត់ ដើម្បីលាងលុយកខ្វក់

ខ្សែវីឌីអូ​បែប​ស៊ើប​អង្កេត​របស់អង្គភាពស៊ើប​អង្កេត​​​ Al Jazeera (I-Unit) ​បាន​គាស់​កកាយ​ឱ្យ​ឃើញ​ថា​ ឧក្រិដ្ឋជន​អាច​ទិញ​ក្លឹប​បាល់​ទាត់​អង់គ្លេស​ ​ ដើម្បី​លាង​សម្អាត​ផល​ផ្លែ​នៃ​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​ ដោយ​លាត​ត្រដាង​ពី​ពិភព​ដ៏​ស្រពិច​ស្រពិល​នៃ​ភាព​ជាម្ចាស់​ក្លឹប​បាល់​ទាត់​អង់​គ្លេស​ និង​ពី​របៀប​ដែល​ឧក្រិដ្ឋជន​​រំលោភ​បំពាន​ច្បាប់​។​​

​ក្រោម​ចំណង​ជើង​ថា​ «​មនុស្ស​ដែល​លក់​បាល់​ទាត់​» ​ឬ​ «The​ Men​ Who​ Sell​ Football​» ​និង​មាន​រយៈពេល​​ចំនួន​​ជាង​ ៦០ ​នាទី​។​​ការ​ស៊ើប​អង្កេត​ បាន​បង្ហាញ​​ឈ្មួញ​កណ្តាល​ប្រាប់​អ្នក​យក​ព័ត៌មាន​សង្ងាត់​ អំពី​របៀប​ដែល​ពួក​គេ​​អាច​លាក់​លុយ​ និង​អត្តសញ្ញាណ​របស់​ឧក្រិដ្ឋជន​ នៅ​ពី​ក្រោយ​កិច្ច​ព្រម​ព្រៀង​ពី​ក្រៅ​ប្រទេស​ និង​ការ​បញ្ជូន​របាយការណ៍​សវនកម្ម​ក្លែង​បន្លំ​​ទៅ​អាជ្ញាធរ​បាល់​ទាត់​អង់គ្លេស​។ ​ការ​ស៊ើប​អង្កេត​ ក៏​បង្ហាញ​ផង​ដែរ​ពី​របៀប​ដែល​ឈ្មួញ​កណ្តាល​ដូច​គ្នា​ប្រើ ​«​ល្បិច​កខ្វក់​»​ ហើយ​អាច​ទទួល​បាន​លិខិត​ឆ្លង​ដែនថ្មី​សម្រាប់​ឧក្រិដ្ឋជន​ដែល​មាន​ឈ្មោះ​ថ្មី​ ដើម្បី​បញ្ឆោត​អាជ្ញាធរ​បាល់​ទាត់​។​

​លោក​​ Ben​ Cowdock ​ជា​អ្នក​ស៊ើប​អង្កេត​ទាក់ទង​នឹង​ការ​លាង​លុយ​កខ្វក់​មក​ពី​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​និយាយ​ថា​៖​ «​អ្នក​គាំទ្របា​ល់ទាត់​គួរ​តែ​ខឹង​សម្បារ​ ព្រោះ​ការ​ស៊ើប​អង្កេត​បង្ហាញ​ពី​ភាព​ងាយ​រង​គ្រោះ​នៃ​ប្រព័ន្ធ​បាល់​ទាត់​អង់គ្លេស​ ចំពោះ​ការ​ផ្តល់​មូល​និធិ​ពី​ប្រភព​ដែល​គួរ​ឱ្យ​សង្ស័យ​ និង​ម្ចាស់​ដែល​មិន​សាក​សម​សម្រាប់​ក្លឹប​របស់​ពួក​គេ​»​។​  

​ក្នុង​ចំណោម​ឈ្មួល​កណ្ដាល​ទាំង​អស់​ ដែល​អ្នក​យក​ព័ត៌មាន​សង្ងាត់​ Al Jazeera ​បាន​សម្ភាស៍​ គឺ​លោក​ Christopher Samuelson​។ លោក​គឺ​ជា​ភ្នាក់ងារ​សម្រាប់​ឧក្រិដ្ឋជន​ចិន​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​ ក្នុង​កិច្ច​ព្រម​ព្រៀង​ទិញ​ Derby ​County ​ដែល​ជា​ក្លឹប​បាល់​ទាត់​ចំណាស់​ជាង​គេ​មួយ​របស់​អង់គ្លេស​ និង​ជាម្ចាស់​ជើង​ឯក​អង់គ្លេស​ពីរ​ដង​ក្នុង​ទស្សវត្សរ៍​ឆ្នាំ ​១៩៧០​ ។ ​លោក ​Samuelson ​​ជា​អ្នក​គ្រប់​គ្រង​ក្នុង​មូល​និធិ​នៃ​ធុរៈ​ផ្សេង​ៗ​ និង​អ្នក​បង្កើត​កិច្ច​ព្រម​ព្រៀង​បាល់​ទាត់​ដែល​​​គេ​ស្គាល់​ថា​ជា​គ្រូវេទ​មន្ត​ ឬ​ «​The​ Magician»​ ។​

អ្នក​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ​អន្តរជាតិ​លោក​​ Adrian ​Gatton ​បាន​និយាយ​ថា​ លោក​ Samuelson​ អាច​ធ្វើ​ឱ្យ​ដំរី​មួយ​រលាយ​រូប​បាត់​បាន​ ដោយ​សម្ដៅ​លើ​ជំនាញ​របស់​ឈ្មួញ​កណ្ដាល​រូប​នេះ​ក្នុង​ការ​លាក់​បាំង​មូល​និធិ​ដោយ​ប្រើ ​Trust​ Accounts​  ឬ ​ការ​រៀប​ចំ​ផ្លូវ​ច្បាប់​ឱ្យ​ភាគី​ទីបី​កាន់​កាប់​មូល​និធិ​ ឬ​ទ្រព្យ​សម្បត្តិ​​ដើម្បី​ផល​ប្រយោជន៍​ឱ្យ​ភាគី​ផ្សេង​ទៀត​។​

រហស្ស​នាម​ «​បុរស​អស្ចារ្យ​ក្នុង​ស្រមោល​»​ លោក​ Samuelson ​គឺ​ជា​មនុស្ស​គោល​​​នៃ​ការ​ស៊ើប​អង្កេត​ការ​លាង​លុយកខ្វក់​នៅ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ ប៉ុន្តែ​លោក​មិន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​ទេ​។​

ក្នុង​​អត្តសញ្ញាណ​បែប​អនាមិក​ អតិថិជន​របស់​លោក​ Samuelson ​ដែល​ជា​ឧក្រិដ្ឋ​ជនជាតិ​ចិន​​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្ដម្ភ​និង​ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​សង្ងាត់​ហៅ​ឈ្មោះ​កាត់​ « ​Mr X​» ​ធ្លាប់​ត្រូវ​បាន​ផ្ដន្ទាទោស​ និង​ជាប់​ពន្ធគារ​រយៈ​ពេល​ ៧​ ឆ្នាំ​ ដោយ​កំបាំង​មុខ​ចំពោះ​ការ​សូក​ប៉ាន់​ និង​ការ​លាង​លុយ​ និង​​រត់ពន្ធ​ប្រាក់​ពី​ប្រទេស​ចិន​តាម​រយៈ​កាស៊ីណូ​នៅ​ក្រុង​ម៉ាកាវ​។​

​អ្នក​មាន​ជាប់​ឈ្មោះ​ឧក្រិដ្ឋ​ជន​រូប​នេះ​ បាន​ប្រាប់​លោក​ Samuelson ​ថា​ ឥឡូវ​នេះ​លោក​ចង់​លាង​សម្អាត​លុយ​ទាំង​នេះ​ ដោយ​ទិញ​ក្លឹប​បាល់​ទាត់​។ ​យ៉ាង​ណា​មិញ​ ​ច្បាប់​ស្ដី​ពី​ម្ចាស់​និង​នាយក​គ្រប់​គ្រង​របស់​សម្ព័ន្ធ​កីឡាបាល់​ទាត់​អង់គ្លេស​(EFL)​ បាន​ចែង​ថា​ ​អ្នក​ណា​ក៏​ដោយ​ដែល​ជាប់​ទោស​ឧក្រិដ្ឋកម្ម​យ៉ាងហោច​ណាស់​ពី​ ១២ ​ខែ​ មិន​អាច​ធ្វើ​ជាម្ចាស់​ក្លឹប​បាន​ទេ​។​

ដោយ​មិន​​ឆ្ងល់​ពី​ឧក្រិដ្ឋកម្ម​របស់​អតិថិជន​ខ្លួន​ លោក​ Samuelson បា​ន​ផ្តល់​ការ​ណែនាំ​ជា​ជំហាន​ៗ​ អំពី​របៀប​ដែល​លោក​អាច​ប្រើ​កិច្ច​ព្រម​ព្រៀង​ពី​ក្រៅ​ប្រទេស​ដើម្បី​លាក់​លុយ​ និង​អត្តសញ្ញាណ​របស់​វិនិយោគិន​រូប​នេះ​។​ ដើម្បី​លាក់​ការ​ផ្តន្ទាទោស​របស់​ «Mr X» ​លោក​ Samuelson ​បាន​ស្នើ​អ្នក​វិនិយោគ​មាន​ភាគហ៊ុន​ភាគ​តិច​ (Minority Investor) ចំនួន​ពីរ​រូប​ ​ ដើម្បី​ឈាន​មុខ​ការ​ទិញ​ក្លឹប​ Derby ​County ​ក្នុង​នាម​ជា​ម្ចាស់​ភាគ​ហ៊ុន​រួម​របស់​ក្រុម​ហ៊ុន​នៅ​ក្រៅ​ប្រទេស​ ដោយ​អ្នក​ទាំង​ពីរ​​ចុះ​ហត្ថលេខា​លើ​ «​លិខិត​ប្រកាស​​សេចក្តី​ទុក​ចិត្ត​»​ ដែល​ខ្លួន​កាន់​កាប់​ភាគ​ហ៊ុន​សម្រាប់​ «​Mr X​»​។ ​ក្រោមកា​រ​រៀប​ចំ​នេះ​ អត្ត​សញ្ញាណ​របស់​ «​Mr X​»​  នឹង​ត្រូវ​បាន​លាក់​បាំង​។​

​​​លោក Samuelson ​ថា​លោក​ត្រូវ​ប្រាកដ​ថា​វិនិយោគិន​ដែល​ជា​ឧក្រិដ្ឋជន​​ ត្រូវ​បាន​អនុម័ត​ដោយ​ EFL ​។ លោក​និយាយ​ថា៖​ «​ខ្ញុំ​នឹង​បង្កើត​គំនិត​អំពី​របៀប​មួយ​ដែល​យើង​អាច​រៀប​ចំ​រចនា​សម្ព័ន្ធ​ ដូច្នេះ​យើង​អាច​យក​ឈ្នះ ​EFL ​។ ​ខ្ញុំ​អាច​ដាក់​សម្ពាធ​លើ​លីគ​បាល់​ទាត់​បាន​»​។​

​​វីឌីអូ​​ស៊ើប​អង្កេត​ ក៏​បាន​បង្ហាញ​តួអង្គ​មួយ​ទៀត​គឺ​លោក​ Mel​ Morris ​ដែល​ជា​ម្ចាស់​ក្លឹប​ Derby County​។ ​លោក​ Samuelson​ បាន​ជួប​ពិភាក្សា​ជាមួយ​ម្ចាស់​ភាគហ៊ុន​ភាគ​តិច​រូប​នេះ​ អំពី​កិច្ច​ព្រម​ព្រៀង​ទិញ​ក្លឹប​ Derby ​ក្នុង​តម្លៃ​ ១៣៧​ លាន​ដុល្លារ​។​

​អ្នក​​​ជំនួញអន្តរជាតិ​ជើង​ចាស់​លោក​ Samuelson ​ក្នុង​ទស្សវត្សរ៍​ឆ្នាំ ​១៩៩០ ​បានចូ​ល​ដៃ​ចូល​ជើង​ក្នុង​ការ​បង្កើត​ឡើង​នូវ​ក្រុម​ហ៊ុន​ Valmet ​ដែល​ជាក្រុ​មហ៊ុន​មាន​កិច្ច​ព្រម​ព្រៀង​ពី​ក្រៅ​ប្រទេស​ធំ​បំផុត​មួយ​របស់​ពិភពលោក​។​ ក្រុមហ៊ុន​របស់​លោក​ បាន​ផ្ទេរ​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ចេញ​ពី​ប្រទេស​រុស្ស៊ី​សម្រាប់​អ្នក​មាន​អំណាច​ខាង​វិស័យ​ជំនួញ​មួយ​ចំនួន​រួម​ទាំង​លោក​ Boris Berezovsky ​ជន​ជាតិ​រុស្ស៊ី ​និង​លោក​ Badri Patarkatsishvili ​ជន​ជាតិ​ហ្សក​ហ្ស៊ី ​។​

​ក្នុង​ឆ្នាំ​ ២០០៤ លោក​ Samuelson ​​បាន​រៀប​ចំ​កិច្ច​​ព្រម​ព្រៀង​ពីក្រៅប្រទេសមួយ​​សម្រាប់ឧកញ៉ា​រុស្ស៊ី​លាក់អត្តសញ្ញាណ​​​ម្នាក់​ឈ្មោះ​ Boris Zingarevich ​ដើម្បីទិញក្លឹប​របស់​ Premier​ League ​ឈ្មោះ ​Everton​ ។​ ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នេះ​ បាន​បរាជ័យ ​ក្រោយពី​ឈ្មោះ​របស់​ឧកញ៉ា​រូប​នេះ​ ត្រូវ​​បាន​​បែក​​ធ្លាយ​​ដល់​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​។​​ បន្ទាប់​​មក​​ក្នុង​​ឆ្នាំ​​ ២០១២ ​​និង​​ ២០១៦​ ​លោក​បាន​បង្កើត​កិច្ច​ព្រម​ព្រៀង​​មួយ​ទៀត​ដើម្បី​ទិញ​ក្លឹប​អង់គ្លេស​ពីរ​គឺ​ ក្លឹប​ Reading ​និង​ Aston Villa ​​ប៉ុន្តែ​ក្រោយ​មក​ក្លឹប​ទាំង​ពីរ​​ត្រូវ​ខ្ស័យ​ហិរញ្ញ​វត្ថុ​ក្រោម​ម្ចាស់​អាថ៌​កំបាំង​ថ្មី​។​

​ឈ្មួញ​កណ្ដាលលោក​ Samuelson ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​សង្ងាត់​អំពី​របៀប​ដែល​លោក​ និង​សហការី​ម្នាក់​ទៀត​ដែល​ជា​អ្នក​ស៊ើប​អង្កេត​ឯកជន​គឺ​លោក​ Keith​ Hunter​ ប្រើ​​ «​ល្បិច​កខ្វក់​»​ ដើម្បី​បិទ​បាំង​កិច្ច​ព្រម​ព្រៀង​។​ លោក​ Hunter ​បាន​បញ្ជាក់​ថា​ លោក​បាន​យក​កំណត់ត្រា​ទូរស័ព្ទ​ឯកជន​របស់​អ្នក​កាសែត​ជនជាតិ​អង់គ្លេស​ម្នាក់​ ដើម្បី​ស្វែង​រក​ចារ​ជន​ដែល​ទម្លាយ​ឈ្មោះ​ឧកញ៉ា​រុស្ស៊ី​លោក​ Zingarevich ​។ ក្នុង​ករណី​ទិញ​ក្លឹប​ Aston Villa ​លោក​ Samuelson​ និយាយ​ថា​ ក្រុម​លោ​ក​ជា​អ្នក​គ្រប់​គ្រង​អ្វី​ដែល​លីគ​បាល់​ទាត់​និយាយ​នៅ​ពី​ក្រោយ​ឆាក​ដូច​ជា​ការ​រៀបចំ​ ប៉ុន្តែ​ក្លឹប​នេះ​មិន​ដឹង​ទេ​។​

​របាយការណ៍​ផ្ទៃ​ក្នុង​របស់​ប៉ូលីស​ Scotland Yard ​ជា​អតីត​អង្គភាព​របស់​លោក ​Hunter​ បាន​បង្ហាញ​ថា​ អ្នក​ស៊ើប​អង្កេត​រូប​នេះ​ ធ្លាប់​ស្ថិត​នៅ​ក្រោមការ​ស៊ើប​អង្កេត​របស់​ក្រុម​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​អ្នក​ពុក​រលួយ​​ក្នុង​នាម​​​បុគ្គលិក​របស់​​សេវាកម្ម​ប៉ូលីស​​មេត្រូ​ (​Metropolitan ​Police ​Service​)​ ប៉ុន្តែ​មិន​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នោះ​ទេ​។​

​​ទាំង​លោក​ Samuelson ​និង​លោក Hunter បាន​និយាយ​ថា​ ខ្លួន​​អាច​ជួយ​អ្នក​យក​ព័ត៌មាន​សម្ងាត់​ទទួល​បាន​លិខិត​ឆ្លងដែន​ថ្មី​សម្រាប់​អតិថិជន​ម្នាក់​របស់​ខ្លួន​ ហើយ​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​អតិថិជន​រូប​នោះ​ដើម្បី​បញ្ឆោត​អាជ្ញាធរ​បាល់​ទាត់​។

​​មុន​នឹង​ណែនាំអ្ន​ក​យកព័​ត៌មាន​សង្ងាត់​ Al Jazeera ​អំពី​ភ្នាក់ងារ​ទំនាក់​ទំនង​នៅ​ប្រទេស​ស៊ីប​ លោក​ Hunter ​និយាយ​ថា​៖​ «​យើងបាន​ធ្វើ​រឿង​នេះ​ជាច្រើន​ដង​មក​ហើយ​ សម្រាប់​អ្នក​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់​ជាង​ថៅកែ​របស់​អ្នក​ទៅ​ទៀត​ ខ្ញុំ​​​ធានា​»​។​

​នៅ​ក្នុង​ការ​ប្រជុំ​ជា​បន្ត​បន្ទាប់​ បណ្តាញ​នៃ​ការ​ពង្រឹង​សមត្ថភាព​ដែល​រួម​មាន​ទាំង​សមា​ជិក​សភា​ និង​អនុប្រធាន​សភា​ បាន​សម្តែង​ឆន្ទៈ​ក្នុង​ការ​ជួយ​វិនិយោគិន​ឧក្រិដ្ឋជន​អាថ៌​កំបាំ​ង ក្នុង​ការ​ទទួល​បាន​លិខិត​ឆ្លង​ដែន​សហភាព​អឺរ៉ុប​ជាមួយ​ឈ្មោះ​ថ្មី​ ទោះ​បី​ជា​ការ​ផ្តន្ទាទោស​ព្រហ្ម​ទណ្ឌ​ អាច​ដក​សិទ្ធិ​អ្នក​ដែល​បាន​ដាក់​ពាក្យ​​តាម​រយៈ​គម្រោង​លិខិត​ឆ្លង​ដែន​សម្រាប់​ការ​វិនិយោគ​​​នៅក្នុង​​ប្រទេស​ក៏​ដោយ​។​

​យ៉ាងណា​មិញ​ ​ការ​ស៊ើប​អង្កេត​លើ​លិខិត​ឆ្លង​ដែន​ប្រទេស​ស៊ីប​ ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ខែ​តុលា​ឆ្នាំ​ ២០២០​ បង្ក​ឱ្យ​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​​លាលែង​ចេញ​ពី​មុខ​តំណែង​ ការ​ស៊ើប​អង្កេត​របស់​សហភាព​អឺរ៉ុប​និង​រដ្ឋាភិបាល​ស៊ីប​ ការ​ដក​ហូត​គ្រោង​ការណ៍​លិខិត​ឆ្លង​ដែន​ និង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​អំពើ​ពុក​រលួយ​ជាច្រើន​សប្តាហ៍​ក្នុង​ប្រទេស​នេះ​។​

​ឆ្លើយតប​នឹង​ការ​រក​ឃើញ​របស់​អង្គភាព​ស៊ើប​អង្កេត​​ Al Jazeera ​មេធាវី​របស់​លោក​ Samuelson ​បាន​និយាយ​ថា​ លោក​មិន​មាន​គេ​ប្រាប់​ថា​ Mr X ​ធ្លាប់​ជាប់​​ទោស​ព្រហ្មទណ្ឌ​ពី​បទ​លាង​លុយ​កខ្វក់​ និង​សូក​ប៉ាន់​នោះ​​ទេ ហើយ​ប្រសិន​បើ​លោក​ដឹង​ពី​ឧក្រិដ្ឋកម្ម​ណាមួយ​ លោក​នឹង​បញ្ចប់ការ​ពិភាក្សា​ភ្លាម​ៗ។​

​ចំណែក​ឯ​លោក​ Morris ​ដែល​ជាម្ចាស់​ក្លឹប​ Derby ​County ​​វិញ​ បាន​និយាយ​ថា​ ក្លឹប​របស់​លោក​អាច​លក់​ឱ្យ​បាន​តែ​ទៅ​អ្នក​ដែល​អាច​មើល​ថែ​វា​បាន​ល្អ​ប៉ុណ្ណោះ ​ហើយ​អ្នក​ទាំង​នោះ​មិន​មាន​ទំនាក់​ទំនង​ផ្លូវ​ការ​ណាមួយ​ជាមួយ​ឈ្មួញ​កណ្ដាល​លោក​ Samuelson ​នោះ​ទេ​។​

​ប្រភព៖ Ajazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner