កូរ៉េខាងជើងព្រមានអំពី «វិបត្តិសន្តិសុខ» ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងបង្កើនភាពតានតឹង

កាល​ពី​ថ្ងៃ​ពុធនេះ កូរ៉េខាងជើង​បាន​និយាយ​ថា​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ខកខាន​ឱកាស​កែ​លម្អ​ទំនាក់​ទំនង ហើយ​កំពុង​ប្រថុយ​នឹង «វិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ» ដោយ​ជ្រើស​រើស​បង្កើន​ភាព​តានតឹង​នៅ​ពេល​ពួកគេ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​។

នាយ​ឧត្ដមសេនីយ៍​ Kim Yong Chol ជា​អ្នក​នយោបាយ​មួយ​រូប​ដើរ​តួ​ដ៏​សំខាន់​ក្នុង​ការ​រៀប​ចំ​ជំនួប​រវៀង​មេដឹកនាំ​កូរ៉េខាងជើង​ និង​អាមេរិក​ បាន​ធ្វើ​ការ​រិះគន់​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​ចំពោះ​ការ​ឆ្លើយ​តប​ទៅ​នឹង​សុឆន្ទៈ​របស់​ទីក្រុង​ព្យុងយ៉ាង​ជាមួយ​នឹង​ «អំពើ​អរិភាព»​។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​រដ្ឋ​ KCNA លោក​ Kim Yong Chol ​ បាន​និយាយ​ថា​៖ «យើង​នឹង​ធ្វើ​ឱ្យ​ពួកគេ​ដឹង​អំពី​អ្វី​ដែល​ជា​ជម្រើស​ដ៏​គ្រោះថ្នាក់​ដែល​ពួកគេ​បាន​ធ្វើ និង​វិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ ដែល​ពួកគេ​នឹង​ប្រឈម​មុខ​ដោយ​សារ​តែ​ការ​ជ្រើស​រើស​ខុស​របស់​ពួកគេ​»​។

ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្អូន​ស្រី​របស់​មេដឹកនាំ​គីម ជុងអ៊ុន គឺ​លោកស្រី​គីម យ៉ូជុង​ បាន​ធ្វើ​ការ​ព្រមាន​ទីក្រុង​សេអ៊ូល​ និង​វ៉ាស៊ីនតោន​អំពី​សមយុទ្ធ​យោធា​រួមគ្នា​ប្រចាំ​ឆ្នាំ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​នេះ​។

កូរ៉េខាងត្បូង​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​សម្រាប់​ថ្ងៃ​ទី​ពីរ​ជាប់​គ្នា​កូរ៉េខាងជើង​មិន​បាន​ធ្វើ​ការ​ឆ្លើយ​តប​នឹង​ការ​ហៅ​ទូរស័ព្ទ​តាម​បណ្ដាញ​ទូរស័ព្ទ​អន្តរ​កូរ៉េ​ ដែល​ទើប​តែ​ត​ភ្ជាប់​វិញ​កាល​ពី​ចុង​ខែ​កក្កដា បន្ទាប់​ពី​កូរ៉េខាងជើង​បាន​កាត់​ផ្ដាច់​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​។

ការ​បន្ត​ឡើង​វិញ​ភ្លាម​ៗ​នៃ​ទំនាក់​ទំនង​អន្តរ​កូរ៉េ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ព្យាយាម​ទំនាក់ទំនង​តាម​រយៈ​ការ​ផ្ញើ​លិខិត​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជេអ៊ីន​ និង​លោក​គីម ជុងអ៊ុន​។ ប៉ុន្តែ​ការ​កើន​ឡើង​ភាព​តានតឹង​ទៅ​ពេល​ថ្មី​ៗ​នេះ​បាន​បង្ក​ការ​គំរាមកំហែង​ដល់​គោល​ដៅ​របស់​លោក​មូន​ក្នុង​ការ​កែ​លម្អ​ទំនាក់​ទំនង​ជា​មួយ​កូរ៉េខាងជើង​នៅ​អាណត្ត​ចុង​ក្រោយ​របស់​លោក​។

អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​កូរ៉េខាងជើង​បាន​ធ្វើ​ការ​រិះគន់​បែប​នេះ​ដើម្បី​បង្កើន​អានុភាព​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរចា​នា​ពេល​អនាគត ឬ​ដើម្បី​ទាមទារ​សម្បទាន​ពី​កូរ៉េខាងត្បូង ឬ​ដើម្បី​បង្វែរ​អារម្មណ​ពី​វិបត្តិ​របស់​ខ្លួន​៕

FILE PHOTO – A North Korean flag flies on a mast at the Permanent Mission of North Korea in Geneva October 2, 2014. REUTERS/Denis Balibouse

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner