លោកបៃដិន៖ មេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែ «ប្រយុទ្ធដើម្បីខ្លួនឯង» ខណៈតាលីបង់ ចូលកាន់កាប់៦៥%នៃផ្ទៃប្រទេស

កាល​ពី​ថ្ងៃ​អង្គារ​នេះ​​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ចូ បៃដិន​​ថា​លោក​មិន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ខណៈ​ពេល​ដែល​សហភាព​អឺរ៉ុប​ប៉ាន់​ស្មាន​ថា​ក្រុម​ឧទ្ទាម​តាលីបង់​បាន​ចូល​កាន់​កាប់​ ៦៥ ភាគ​រយ​នៃ​ផ្ទៃ​ប្រទេស​នេះ​។

នៅ​ឯ​​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន​លោក​បៃដិន​និយាយ​ថា​៖ «យើង​ចំណាយ​អស់​ជាង​មួយ​ទ្រីលាន​ដុល្លារ​ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​។ យើង​បណ្ដុះបណ្ដាល​ និង​បំពាក់​ឧបករណ៍​ទំនើប​ឱ្យ​កង​អាហ្វហ្គានីស្ថាន​ជាង​ ៣០ ម៉ឺន​នាក់​»​។

«មេដឹកនាំ​អាហ្វហ្គានីស្ថាន​ត្រូវ​តែ​រួម​គ្នា​» លោក​បៃដិន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «ពួកគេ​ត្រូវ​តែ​ប្រយុទ្ធ​ដើម្បី​ខ្លួន​ឯង​ប្រយុទ្ធ​ដើម្បី​ជាតិ​របស់​ពួកគេ​»។

កាល​ពី​ខែ​មេសា​កន្លង​ទៅ​ លោក​បៃដិន​ បាន​បញ្ជា​ឱ្យ​ដក​ទាហាន​អាមេរិក​នៅ​សល់​ក្នុង​​ប្រមាណ​ ៣០០០ នាក់​ចេញ​ពី​អាហ្វហ្គានីស្ថាន​ត្រឹម​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ខាងមុខ​នេះ​ បើ​ទោះ​បី​ជា​លោក​ត្រូវ​បាន​ទីប្រឹក្សា​ប្រាប់​ថា​ការ​ធ្វើ​បែប​នេះ​នឹង​បង្ក​ឱ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស​នេះ​។

ខណៈ​ពេល​ដែល​អាមេរិក​ដក​ខ្លួន​ចេញ​ពី​អាហ្វហ្គានីស្ថាន​ ក្រុម​តាលីបង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដណ្ដើម​ការ​គ្រប់​គ្រង​នៅ​តំបន់​ជា​ច្រើន​យ៉ាង​ឆាប់​រហ័ស​ បើ​តួ​បី​ជា​កង​កម្លាំង​របស់​ខ្លួន​មាន​ចំនួន​តិច​ជាង​កង​យោធា​អាហ្វហ្គានីស្ថាន​ក៏​ដោយ​។ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ក្រុម​ឧទ្ទាម​នេះ​បាន​ចូល​កាន់​កាប់​ទី​រួម​ខេត្ត​ទី​៧​ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​សប្ដាហ៍​។

បើ​យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​នាំ​ពាក្យ​ក្រុម​ឧទ្ទាម ​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​បាន​ផ្ទុះ​ឡើង​ ហើយ​ទីក្រុង​ដ៏​សំខាន់​​Pul-e-Khumri​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​តាលីបង់​ ដោយ​ទីក្រុង​នេះ​គឺ​ចំណុច​ប្រសព្វ​នៃ​ផ្លូវ​ជាតិ​ត​ភ្ជាប់​រដ្ឋធានី​កាប៊ុល​ទៅ​នឹង​តំបន់​ភាគ​ខាង​ជើង​និង​ភាគ​ខាង​លិច​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​។ អ្នក​វិភាគ​បាន​និយាយ​ថា​ការ​កាន់​កាប់​ទីក្រុង​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​តាលីបង់​ដើម្បី​កាត់​ផ្ដាច់​រដ្ឋធានី​កាប៊ុល​ពី​កង​យោធា​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​។

ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​មួយ​រូប​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ឥឡូវ​នេះ​តាលីបង់​បាន​កាន់កាប់​ប្រមាណ ៦៥ ​ភាយ​រយ​នៃ​ផ្ទៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​កំពុង​ធ្វើ​ការ​គំរាមកំហែង​កាន់​កាប់​ទី​រួម​ខេត្ត​ចំនួន​ ១១​បន្ថែម​ទៀត​ និង​គ្រោង​កាត់​ផ្ដាច់​ក្រុង​កាប៊ុល​ពី​កង​យោធា​នៅ​ខាង​ជើង​។

រដ្ឋាភិបាល​ក្រុង​កាប៊ុល​បាន​ដក​កម្លាំង​ពួកគេ​ចេញ​ពី​តំបន់​ជនបទ​ដែល​ពិបាក​ការពារ​មក​ផ្ដោត​លើ​កន្លែង​មាន​ប្រជាជន​ច្រើន​វិញ​។ រដ្ឋាភិបាល​នេះ​ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ឱ្យ​ដាក់​សម្ពាធ​អន្តរជាតិ​លើ​ប្រទេស​ប៉ាគីស្ថាន​ឱ្យ​បញ្ឈប់​លំហូរ​សមាជិក​ក្រុម​តាលីបង់​ឆ្លង​ដែន​ចូល​អាហ្វហ្គានីស្ថាន​។ ប៉ាគីស្ថាន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​ខ្លួន​គាំទ្រ​ក្រុម​តាលីបង់​។

សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​គោលដៅ​តាលីបង់​ ដើម្បី​ជា​ជំនួយ​ដល់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន​ ការ​វាយ​ប្រហារ​ទាំង​នេះ​មាន​លក្ខណៈ​ខ្សោយ ​ហើយ​មិន​បាន​ជួយ​បញ្ឈប់​ការ​វាយ​លុក​របស់​ក្រុម​តាលីបង់ ឬ​ទាមទារ​ទីក្រុង​មក​វិញ​ទេ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner