ក្រុមហ៊ុន ខេស៊ីមិន រួមចំណែក​ប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្តកំពត


កំពត៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មីប្រភេទ“ដែលតា” នៅក្នុងសហគមន៍ ក្រុមហ៊ុនកំពតខេស៊ីមិន បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់បង្ការការពារជំងឺកូវីដ១៩ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១១ ខែសីហា។

អំណោយដែលតំណាងក្រុមហ៊ុនកំពត ខេស៊ីមិន ខូអិលធីឌីបានផ្តល់ជូនរួមមាន ម៉ាស៊ីនវាស់កំដៅចំនួន ៥គ្រឿង អាល់កុលចំនួន៩០លីត្រ ម៉ាស់ចំនួន១០០ប្រអប់ និងថវិកាចំនួន១៥០០០ ដុល្លារ មកប្រគល់ជូនដល់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅសាលាខេត្តកំពត។ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ទោះស្ថិត​នៅក្នុង​បរិបទ​នៃការឆ្លងជំងឺកូវីដ១៩ក្តី ក្រុមហ៊ុននៅតែបន្តដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួនធម្មតា ហើយមិនមានការព្យួរការងារបុគ្គលិក កម្មករណាម្នាក់ឡើយ។ លោកបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ពិសេសឯកឧត្តមជាវ តាយអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ជួយសម្រួលដល់ក្រុមហ៊ុន និងបានខិតខំទប់ស្កាត់មិនឲ្យជំងឺកូវីដ១៩ឆ្លងដល់កម្មករ បុគ្គលិកក្រុមហ៊ុន។ ហើយដើម្បីជាការតបស្នង ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនដ៏វៃឆ្លាត និងជាមួយរដ្ឋបាលខេត្តកំពត ទើបក្រុមហ៊ុនបាននាំយកអំណោយ មកប្រគល់ជូននាពេលនេះ។

ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងបានចាត់ទុកអំណោយសប្បុរសទាំងអស់នេះពិតជាមានសារៈសំខាន់ ចាំបាច់សម្រាប់បម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់កូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី ប្រភេទ “ដែលតា” មិនឲ្យកើតមាននៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រនៃខេត្តកំពត។ហើយថវិកាទាំងនេះក៏អាចជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវនេះបានមួយកម្រិតផងដែរ។
ឯកឧត្តម បានបញ្ជាក់ថាស្ថានភាពនៃការឆ្លងរីករាលដាលកូវីដ១៩នៅខេត្តកំពត លែងជាបញ្ហាប្រឈមខ្លាំងទៀតហើយ ព្រោះគិតដល់ថ្ងៃទី ១១ខែសីហានេះ ទូទាំងខេត្តមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលចំនួន១៩៧នាក់ប៉ុណ្ណោះ ខណៈដែលប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង កើនដល់ជាង១០ម៉ឺននាក់៕ Sila Sarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner