ឯកឧត្តម គឹម សន្តិភាព៖ អនុវត្តន៍បម្រាមគោចរ២សប្តាហ៍ ទប់ទល់បាននូវការរីករាលដាលក្នុងកម្រិតធ្ងន់ធ្ងរក្នុងសហគមន៍

ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ បានបញ្ជាក់ថា ក្នុងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ គឺប្រជាពលរដ្ឋច្រើនលើសលប់ បានចូលរួមអនុវត្តគោរពតាមវិធានការដែលអាជ្ញាធររាជធានី ខេត្ត បានដាក់ចេញ និងទប់ទល់បាននូវការរីករាលដាលក្នុងកម្រិតធ្ងន់ធ្ងរក្នុងសហគមន៍។ ចំនួននៃការឆ្លងមេរោគកូវីដ-១៩ ប្រចាំថ្ងៃ គឺមានកម្រិតថយជាងខែមុន។

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ បានមានប្រសាសន៍ប្រាប់ AMS ថា លទ្ធផលនៃការអនុវត្តច្បាប់របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ គឺប្រជាពលរដ្ឋបានចូលរួមច្រើនលើសលប់អនុវត្តគោរពតាមវិធានការដែលអាជ្ញាធររាជធានី ខេត្ត បានដាក់ចេញ។ ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងរយៈពេល១៤ថ្ងៃ ក្នុងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺមានបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលត្រូវបានអាជ្ញាធរមូលដ្ឋានតាមរាជធានី-ខេត្តនីមួយៗ គឺមាន៩៥៥៦ករណី និងឃាត់ខ្លួនមនុស្ស ដើម្បីធ្វើការអប់រំ និងពិន័យ គឺមានចំនួន១៦៥៤៧នាក់ និងជនដែលល្មើសវិធានការសុខាភិបាល ដែលត្រូវបញ្ជូនទៅតុលាការមានចំនួន៣២នាក់។

ចំពោះការឃាត់យានយន្តមានចំនួន៧២៦១គ្រឿង ការបទអាជីវកម្មមួយកន្លែង និងការពិន័យជាប្រាក់គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានជាង៤៥២លានរៀល។ ឯកឧត្តមបញ្ជាក់ថា “បុគ្គលដែលល្មើសប៉ុន្មាននាក់នេះ គឺជាបុគ្គលដែលព្យាយាមមិនអនុវត្តនូវវិធានការរបស់អាជ្ញាធរហើយ បានជាអាជ្ញាធរអនុវត្តនៅវិធានការច្បាប់ចំពោះបុគ្គលប្រភេទនេះ។ ការដែលដាក់ចេញនៅវិធានការនានានេះ គឺក្នុងគោលបំណងការពារអាយុជីវិត ក៏ដូចជាសុខមាលលភាពបងប្អូនប្រជាពលរដ្ឋយើង ពីព្រោះយើងដឹងថា មេរោគកូវីដ-១៩នេះ វាអត់ស្គាល់អ្នកជាអ្នកណាទេ ហើយក៏គ្មានស្គាល់ថ្ងៃស្គាល់យប់ដែរការចម្លង។ ទន្ទឹមជាមួយនឹងការឆ្លងនេះ មេរោគនេះ ក៏បានបំផ្លាញនៅអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើងដែរ។ ដូច្នះហើយវិធានការដើម្បីការពារសុខមាលភាពបងប្អូន ការពារនៅអាយុជីវិតបងប្អូន គឺជារឿងចាំបាច់ដែរត្រូវធ្វើ។ អ្នកប្រហែសប៉ុន្មាននាក់នេះ គឺជាអ្នកដែលអាចនឹងបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺក្រុមគ្រួសារខ្លួនឯងតែម្តងដែលបានអនុវត្តនៅវិធានការត្រឹមត្រូវ។ ដូច្នេះហើយបើសិនជាមិនពង្រឹងអនុវត្តវិធានការច្បាប់ទេ ជនប៉ុន្មាននាក់នេះហើយដែលគាត់នឹងទៅបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់បងប្អូនប្រជាពលរដ្ឋដែលជាក្រុមគ្រួសារគាត់ជាដំបូងនោះ។ ដូច្នេះហើយការអនុវត្តវិធានការច្បាប់ចំពោះបុគ្គលមួយចំនួនដែលនៅល្មើសវិធានការនេះ គឺអាជ្ញាធរមិនមានការរារែកក្នុងការអនុវត្តទេ។”

អ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ បានបញ្ជាក់ថា ទន្ទឹមនឹងការរកឃើញបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល មានចំនួន១៦៥៤៧នាក់ គឺឃើញថា អាជ្ញាធរមានសមត្ថកិច្ចចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់នៅតាមទីតាំងនានា គឺមានជាង១៣០០០ទីតាំង។ មានប្រជាពលរដ្ឋចូលរួមអនុវត្ត គឺមានចំនួនច្រើនលើសលប់ណាស់ បើប្រៀបធៀបចំនួនប្រជាពលរដ្ឋទូទាំងប្រទេស និងមួយចំនួនអ្នកដែលល្មើស គឺមានភាគរយតិច។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសូមថ្លែងអំណរគុណដែលប្រជាពលរដ្ឋទាំងអស់ ដែលបានសហការជាមួយអាជ្ញាធរ ស្តាប់តាមអ្វីដែលជាវិធានការរបស់អាជ្ញាធរ។

ឯកឧត្តម គឹម សន្តិភាព បានមានប្រសាសន៍ថា អ្វីដែលជាប្រសិទ្ធភាពបំផុតនៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ គឺថ្នាំទិព្វនោះ គឺការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ គឺចេញពីបុគ្គលម្នាក់ៗ គឺការចូលរួមអនុវត្តវិធានការសុខាភិបាលពាក់ព័ន្ធទៅនឹងការការពារ «អនុវត្ត៣កុំ ៣ការពារ» ហើយនឹងអនុវត្តរាល់វិធានការសុខាភិបាលដែលបានដាក់ចេញមានដូចជា ការចាក់វ៉ាក់សាំង ការពាក់ម៉ាស់ និងរក្សាគម្លាត កុំទៅទីកន្លែងណាដែលមានការបិទជិត និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅវិធានការដែលរដ្ឋបាលដែលអាជ្ញាធររាជធានី-ខេត្ត បានដាក់ចេញ ទាំងអស់នេះហើយ គឺជាថ្នាំទិព្វក្នុងការចូលរួមទប់ស្កាត់ការីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner