អង្គជំនុំជម្រះតុលាការកំពូល រំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង០០២/០២ ឆ្នាំ២០២២ខាងមុខ ក្រោយបើកសវនាការលើបណ្តឹងសាទុក្ខ

ភ្នំពេញ៖ ក្រោយពេលបើកសវនាការលើបណ្តឹងសាទុក្ខ អង្គជំនុំជម្រះតុលាការកំពូលរំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង ០០២/០២ នៅត្រីមាសទី៤ ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹង ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះតាមប្រព័ន្ធហ្សូម។

ឯកឧត្តម នេត្រ ភក្ង្រា បានបញ្ជាក់ថា រយៈពេល៤ថ្ងៃនៃការបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ មានប្រធានបទសំខាន់ៗរួមមានទី១៖ ភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី ត្រូវចាប់ផ្តើមជាមួយទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ ខៀវ សំផន ពាក់ព័ន្ធនឹងសុពលភាពនៃសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង និងរួមទាំងការពិចារណាជាទូទៅពាក់ព័ន្ធនឹងគោលការណ៍នីត្យានុកូលភាព, ទី២៖ យុត្តាធិការរួមបញ្ចូល ប្រធានបទតូចៗ ស្តីពីការបញ្ជូនសំណុំរឿង/វិសាលភាពនៃកិច្ចស៊ើបសួរតាមផ្លូវតុលាការ ភាពគ្រប់គ្រាន់នៃបទចោទក្នុងដីកាដំណោះស្រាយ យុត្តាធិការលើកម្មវត្ថុនៃរឿងក្តី អង្គហេតុដែលត្រូវបានដកចេញតាមរយៈកិច្ចដំណើរការបំបែកនីតិវិធី, ទី៣៖ បទឧក្រិដ្ឋ រួមបញ្ចូលប្រធានបទតូចៗស្តីពីច្បាប់ (និយមន័យ និងធាតុផ្សំ) ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋដែល ខៀវ សំផន ត្រូវបានសម្រេចដាក់ ពិរុទ្ធ ព្រមទាំងបញ្ហានីត្យានុកូលភាពពាក់ព័ន្ធ និងទី៤៖ វគ្គបិទសវនាការរួមបញ្ចូលបទបង្ហាញសង្ខេប បដិសេធរបស់មេធាវីការពារក្តី ព្រមទាំងឱកាសសម្រាប់ ខៀវ សំផន ថ្លែងទៅកាន់អង្គជំនុំជម្រះដោយផ្ទាល់នៅក្នុងអំឡុងពេលសវនាការលើបណ្តឹងសាទុក្ខ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា នៅក្នុងបណ្តឹងសាទុក្ខរបស់ខ្លួន ជនជាប់ចោទខៀវ សំផន តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានស្នើសុំដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖ ទី១៖ ជាចម្បងកត់សម្គាល់ពីមោឃភាពនៃសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដែលបានប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងសំអាងហេតុដែលបានជូនដំណឹងដល់ភាគីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយរំលោភលើវិធាន ផ្ទៃក្នុង, ទី២៖ ជាបន្ទាប់បន្សំ ធ្វើមោឃភាពសាលក្រម និងសំអាងហេតុសាលក្រម នៃសាលាដំបូង ដោយចេញសាលក្រមពីការគ្មានពិរុទ្ធភាពចំពោះបទចោទនីមួយៗ។ ខៀវ សំផន ត្រូវបានរកឃើញថាមានពិរុទ្ធភាពពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងទី៣៖ ជាបន្ទាប់បន្សំបំផុតកែប្រែការផ្តន្ទាទោស និងប្រកាសដាក់ទោសឱ្យេជាប់ពន្ធនាគារក្នុងរយៈពេលកំណត់មួយ។

បើតាមឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំណែកការិយាល័យសហព្រះរាជអាជ្ញាមិនបានប្តឹងសាទុក្ខសើរើលើផ្នែកពិរុទ្ធភាពប្រឆាំងជនជាប់ចោទទេ តែបានប្តឹងសាទុក្ខពាក់ព័ន្ធនឹងការរៀបអាពាហ៍ដោយបង្ខំ ដោយបានស្នើសុំអង្គជំនុំជម្រះតុលាការកំពូលសន្និដ្ឋានថា អង្គជំនុំជម្រះសាលាដំបូងមានកំហុសនៅពេលដែលអង្គជំនុំជម្រះបានសន្និដ្ឋានថា បរុសដែលត្រូវបានបង្ខំឱ្យរួមដំណេកនៅអាពាហ៍ពិពាហ៍របស់ពួកគេ មិនមែនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៃអំពើអមនុស្សធម៌ផ្សេងៗទៀតនោះទេ។ ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឱ្យដឹងថា សហព្រះរាជអាជ្ញាស្នើថា ការរកឃើញដោយមានកំហុសនេះទុកមួយអន្លើសិន ហើយការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ផ្សេងទៀតនេះ ត្រូវកែតម្រូវដោយរួមបញ្ចូលហិង្សាផ្លូវភេទលើជនរងគ្រោះជាបុរស ដើម្បីឱ្យជនរងគ្រោះទាំងបុរស និងទាំងស្រ្តីនៃអំពើបង្ខំឱ្យរួមដំណេកដូចគ្នានេះ ត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។ ការណ៍នេះ គឺត្រូវតាមវិធាន ១១០(៤) នៃវិធានផ្ទៃក្នុងដូចដែល ខៀវ សំផន ត្រូវបានផ្តន្ទាទោសរួចហើយចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ផ្សេងទៀត។

ចំណែកសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្នើសុំដោយសេចក្តីគោរពដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តាទី១៖ ច្រាលចោលបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន ទាំង ស្រុង, ទី២៖ តម្កល់ពិរុទ្ធភាព ខៀវ សំផន ទាំងអស់ និងទី៣៖ តម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។

តាមការបញ្ជាក់របស់ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ចច្ចុប្បន្ននេះ អតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិត១នាក់ កំពុងស្ថិតនៅក្នុងដំណាក់កាលជំនុំជម្រះនៃសំណុំរឿង ០០២/០២ ដែលជាផ្នែកចុងក្រោយនៃសំណុំរឿង០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម៤រូប។ ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ (ប្រមុខរដ្ឋ)នៃរបបកម្ពុជាប្រជាធិបតេយ្យ និងបច្ចុប្បន្នមានអាយុ៩១ឆ្នាំ។ ជនជាប់ចោទរូបនេះត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩(ឧក្រិដ្ឋកម្មសង្គ្រាម) និងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម។

គួររំឮកថា សវនាការលើអង្គសេចក្ដីក្នុងសំណុំរឿង០០២/០២ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤។ ការបង្ហាញភស្តុតាងបានចាប់ផ្តើមនៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៥ និងបានបញ្ចប់នៅថ្ងៃទី ១១ ខែមករាឆ្នាំ២០១៧។ សេចក្តីប្រកាសបិទបញ្ចប់ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៧។ ការជំនុំជម្រះក្តី រួមទាំងការស្តាប់សេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង លើសំណុំរឿង ០០២/០២ មានរយៈពេលសរុបចំនួន ២៨៣ថ្ងៃ។ ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មពីបុគ្គលសរុបចំនួន១៨៥នាក់ ក្នុងនោះមានសាក្សីបញ្ជាក់អង្គហេតុចំនួន ១១៤នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦៣នាក់ និងអ្នកជំនាញចំនួន៨នាក់។ សវនាការនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ដោយមានសាធារណជនចូលរួមស្តាប់ និងតាមដានសវនាការនេះដោយផ្ទាល់សរុបជិត១០ម៉ឺននាក់។

សាលក្រមក្នុងសំណុំរឿង ០០២/០២ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ ឧក្រដ្ឋកម្មទាំងនេះបានប្រព្រឹត្តឡើងនៅតាមទីកន្លែងនានា នៅក្នុងប្រទេសកម្ពុជា អំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យគ្រប់គ្រងប្រទេសពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ក្រោយការសម្រេចសេចក្តីលើសំណុំរឿងនេះ អង្គជំនុំជម្រះសាលាដំបូងនៃ សាលាក្តីខ្មែរក្រហម បានរួមបញ្ចូលគ្នានៃការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០២/០១ និងសំណុំរឿង០០២/០២ ប្រឆាំងនឹងនួន ជា និងខៀវ សំផនឱ្យជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយសម្រាប់ជនជាប់ចោទម្នាក់។ ខៀវ សំផន និងនួន ជា បានប្រកាសប្តឹងសាទុក្ខទៅកាន់អង្គជំនុំជម្រះតុលាការកំពូល ហើយអង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានចេញដីកា កំណត់កាលបរិច្ឆេទបើកសវនាការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ សវនាការ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ហើយថ្ងៃ សុក្រ ទី២០ ខែសីហា រក្សាជាថ្ងៃបម្រុងនៃសវនាការ។

ក្រោយការសម្រេចសេចក្តីលើសំណុំរឿងនេះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានរួមបញ្ចូលគ្នានៃការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០២/០១ និងសំណុំរឿង០០២/០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន ឱ្យជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួត។ សម្រាប់ជនជាប់ចោទម្នាក់។ ខៀវ សំផន និងនួន ជា បានប្រកាសប្តឹងសាទុក្ខទៅកាន់អង្គជំនុំជម្រះតុលាការកំពូល ហើយអង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក បានចេញដីកាកំណត់កាលបរិច្ឆេទបើកសវនាការនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ដោយឡែកសំណុំរឿងរបស់ជនជាប់ចោទ នួន ជា ត្រូវបានបិទបញ្ចប់ក្រោយពេលដែលលោកបានទទួលមរណភាពកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។ ជនជាប់ចោទ នួន ជា និងខៀវ សំផន ត្រូវបានរកឃើញមានពិរុទ្ធ ភាពក្នុងសំណុំរឿង ០០២/០១ ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

សវនាការ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ហើយថ្ងៃសុក្រទី២០ ខែសីហា រក្សាជាថ្ងៃបម្រុងនៃសវនាការ ហើយបើតាមការបញ្ជាក់របស់ប្រធានកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ដំណើរការសវនាការលើបណ្តឹងសាទុក្ខខាងមុខនឹងត្រូវប្រកាន់ខ្ជាប់ទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយក្រោមការសម្របសម្រួលរបស់ការិយាល័យរដ្ឋបាលនៃសាលាក្តីដឹកនាំដោយឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការ និងជាប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យ រដ្ឋបាលនៃសាលាក្តី បានរៀបចំស្របតាមបច្ចេកទេស និងសុវត្ថិភាពខ្ពស់បង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមបានបន្តថា សាធារណជនត្រូវបានកាត់បន្ថយការចូលរួមផ្ទាល់ និងលើកទឹកចិត្តតាមដានសវនាការតាមប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយផ្ទាល់ពីសវនាការដ៏មានសារៈសំខាន់នេះ៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner