អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីនៃការសម្ភោធការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាល និង ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រឡាញ់
សៀមរាប៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី អញ្ជើញជាអធិបតី ក្នុងការដាក់ឲ្យដំណើរការជាផ្លូវការយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាល និងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រឡាញ់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំងគណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក ស្មៀនឃុំ និងមេឃុំក្នុងទូទាំងស្រុក សរុបចំនួន ២៥៣ នាក់ ក្នុងនោះស្រីចំនួន ១១៧នាក់ ។
លោកស្រី មុន្នី រង្សី អភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា យោងតាមសេចក្តីសម្រេចលេខ០១៣ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ដីពីការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រង នៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រឡាញ់ ដែលប្រកាសដាក់ឲ្យដំណើរការនាពេលនេះ គឺបានមកពីការច្របាច់បញ្ចូលពីការិយាល័យជំនាញនានានៅថ្នាក់ស្រុកសរុបចំនួន ១៣ ការិយាល័យ មានបុគ្គលិកជាក់ស្ដែងចំនួន ៤៧រូប ក្នុងនោះស្រី១៥នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រឡាញ់នាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា ផ្អែកតាមបទពិសោធន៍ក្នុងបណ្តាប្រទេសជាច្រើនទាំងនៅក្នុងតំបន់ និងលើពិភពលោក កំណែទម្រង់ វិមជ្ឈការត្រូវបានឱ្យតម្លៃថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ ធនធានសាធារណៈក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកប ដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ទោះយ៉ាងនេះក្តី ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការនៅតាមប្រទេសនីមួយៗមានលក្ខណៈផ្សេងៗគ្នា គឺអាស្រ័យទៅតាមកត្តាភូមិសាស្ត្រប្រជាសាស្ត្រ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងប្រពៃណី នៃប្រទេសនីមួយៗ។ ក្នុងបរិបទនៃប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណង សំខាន់ៗចំនួន៣ រួមមាន៖
ទីមួយ៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋ និងជាតួអង្គ ដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទីពីរ៖ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋានស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋមានលទ្ធភាពមានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ នេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ទីបី៖លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តី សម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាព ក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕ ដោយ ស៊ាន សុផាត