គណៈកម្មការទី៧នៃព្រឹទ្ធសភា ស្វែងយល់ពីវឌ្ឍនភាពការរីកចម្រើនវិស័យទាំង៤ នៅក្នុងខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានផ្តល់នូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលជួបពិភាក្សាការងារមួយចំនួនជាមួយ គណៈប្រតិភូគណៈកម្មការទី៧ នៃ ព្រឹទ្ធសភាមួយក្រុមដឹកនាំដោយ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលបានអញ្ជើញមកបំពេញបេសកកម្មការងារ ដើម្បីចុះស្វែងយល់ពីវឌ្ឍនភាពនៃការរីកចម្រើន របស់ ខេត្តបាត់ដំបងកន្លងមក។

ជាពិសេសផ្តោតសំខាន់ពីវឌ្ឍនភាពនៃការរីកចម្រើន របស់វិស័យសំខាន់ៗទាំង៤ នៅក្នុងខេត្តបាត់ដំបង ក្នុងនោះរួមមាន៖វិស័យអប់រំ យុវជន និង កីឡា វិស័យធម្មការ និង សាសនា វិស័យវប្បធម៌ និង វិចិត្រសិល្បៈ និងវិស័យទេសចរណ៍ខេត្តបាត់ដំបង រួមនិងបណ្តាលវិស័យពាក់ព័ន្ធមួយចំនួនទៀត​ ។

តាមរយៈនៃកិច្ចជំនួបនេះឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងនូវសុន្ទរកថាស្វាគមន៍ចំពោះឯកឧត្តមប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភានិងប្រតិភូអមដំណើរ ដោយក្នុងនោះបានរាយការណ៍ពីសភាពការណ៍ទូទៅក្នុងខេត្ត ដែលទាក់ទងសន្តិសុខសណ្តាប់សង្គម ពីសុខសុវត្ថិភាពសាធារណៈ និងពីសក្តានុពលសេដ្ឋកិច្ចសង្គមរបស់ខេត្ត ជាពិសេសអំពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងខេត្តដែលបាន និងកំពុងតែបន្តនូវកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងខេត្តបាត់ដំបង រយៈពេលប៉ុន្មានឆ្នាំនេះជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង។

ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានប្រតិភូ និងជាប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលពាក់ព័ន្ធទៅលើវិស័យជាសមត្ថកិច្ចរួមមាន៖ វិស័យអប់រំយុវជននិងកីឡា, ធម្មការនិងសាសនា, វប្បធម៌និងវិចិត្រសិល្បៈ និង វិស័យទេសចរណ៍ បានថ្លែងអំពីគោលបំណង ក្នុងការបំពេញបេសកកម្ម របស់ខ្លួននៅលើទឹកដីខេត្តបាត់ដំបង ដោយបានលើកឡើងថា៖ នៅក្នុងដំណើរបំពេញបេសកកម្ម របស់គណៈកម្មការទី៧នេះ គឺដោយផ្តោតសំខាន់ក្នុងការស្វែងយល់ពីវឌ្ឍនៈភាពការរីកចម្រើន របស់ វិស័យទាំង៤ខាងលើ របស់ខេត្តបាត់ដំបង និងស្តាប់សេចក្តីរាយការណ៍ខ្លីៗ ពីចំណុចសកម្ម និងភាពអសកម្មបញ្ហាប្រឈមនិងរកដំណោះស្រាយគន្លឹះរួមដើម្បីជួយជម្រុញប្រសិទ្ធភាពការងារ និងប្រកបដោយគុណភាព នៅក្នុងវិស័យខាងលើនេះ និង ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីស្តាប់របាយកាណ៍សកម្មភាពការងារ និងពីវឌ្ឍនភាពរីកចម្រើនរបសយវិស័យនីមួយៗ ដែលបានលើកឡើងដោយលោកប្រធានមន្ទីរវិស័យជំនាញទាំង៤ខាងលើ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភាបានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ ពីសមិទ្ធផលនានាដែលខេត្តបាត់ដំបងសម្រេចបានកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលើគ្រប់វិស័យ

ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា ក៏បានរំលេចនូវការកោតសរសើរដល់វិស័យអប់រំសិក្សាខេត្ត ដែលបានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងជាគម្រូក្នុងការសាកល្បងផ្ទេរនូវមុខងារអប់រំកុមារតូច ពីមត្តេយ្យសិក្សារហូតដល់បឋមសិក្សា ដើម្បីសាកល្បងមុននឹងឈានប្រគល់ទៅឲ្យថ្នាក់ក្រោមជាតិគ្រប់គ្រងទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានថ្លែងការកោតសរសើរផងដែរដល់វិស័យធម្មការ និងសាសនាខេត្ត ដែលបានដឹកនាំបានល្អនិងចេះធ្វើឲ្យសាសនាដទៃទៀត មានភាពសុខុដុមនីយកម្ម ដោយមិនមានការរើសអើង បៀតបៀនរំខានគ្នាទៅវិញទៅមក ដោយប្រកាន់ខ្ជាប់ នូវសិទ្ធិក្នុងការគោរពនូវជំនឿសាសនារៀងខ្លួនម្នាក់ៗ ហើយថែមទាំងធ្វើឲ្យវិស័យនេះ រួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាល ក្នុងការកសាងនូវសមិទ្ធផលនានាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ថែម
ទៀតផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner