ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅ ព្រឹកថ្ងៃ១៤ កុម្ភៈ ២០២០ បានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ និងបានសម្រេចអញ្ជើញទៅកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ។
ក្នុងជំនួបដ៏ស្និតស្នាលនេះ សម្តេចតេជោ ក៏នឹងថ្លែងសារទៅកាន់ជនរួមជាតិកម្ពុជាពីខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងកិច្ចការជួយរបស់កម្ពុជាលើកប៉ាល់ខ្នាតយក្សរបស់អាមេរិកមួយនេះ ក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។ សម្តេចតេជោ ធ្លាប់បានថ្លែងថា ការអនុញ្ញាតឱ្យនាវានេះចូលគឺបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។ កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។
កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់៕ធ.ដ