ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាននឹងក្លាយជាបរាជ័យដ៏អាម៉ាសថ្មីមួយទៀតនៅអាស៊ីបន្ទាប់ពីបរាជ័យនៅតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៧៥៖ របបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និងវៀតណាមខាងត្បូង ត្រូវបានដួលរលំមួយពព្រិចភ្នែក ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញ

ភ្នំពេញ៖ ពិភពលោកកំពុងតាមដានដោយយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍នៅប្រទេសអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ន ដែលក្រុមតាលីបង់បានវាយដណ្ដើមកាន់កាប់បានទីក្រុងចំនួន១៥ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ ហើយម្លាំងតាលីបង់ បាននិងកំពុងតែបន្តរុលឆ្ពោះទៅកាន់កាប់រដ្ឋធានីកាប៊ុល ដើម្បីឈានទៅគ្រប់គ្រងអំណាចទាំងស្រុងនៅអាហ្វហ្គានីស្ថាន។ ស្ថានភាពនេះ បានកើតឡើងមិនយូរប៉ុន្មានក្រោយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ដដកខ្លួនចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីបានជួយរដ្ឋាភិបាលទីក្រុងកាប៊ុល ២០ឆ្នាំរួចមក។

អ្វីដែលកំពុងតែកើតឡើងនៅអាហ្វហ្គានីស្ថាននៅពេលនេះ គឺជាព្រឹត្តិការណ៍ដែលធ្លាប់បានកើតឡើងរួចមកហើយនៅប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងត្បូង កាលពីអំឡុងឆ្នាំ១៩៧៥។ តើរូប ភាពនៅអាហ្វហ្គានីស្ថានពេលនេះ គឺជាដំណើរឆ្ពោះទៅរកភាពបរាជ័យដ៏អាម៉ាស់សាជាថ្មីរបស់មហាអំណាចសហរដ្ឋអាម៉េរិកនៅទ្វីបអាស៊ី បន្ទាប់ពីចាញ់សង្គ្រាមបោសគូថខោនៅតំបន់ឥណ្ឌូចិននាកាលឆ្នាំ១៩៧៥?

ឆ្នាំ១៩៧៥ គឺជាការបរាជ័យដ៏ធំ និងដ៏អាម៉ាស់បំផុតរបស់មហាអំណាចសហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមឥណ្ឌូចិន។ ទីក្រុងភ្នំពេញត្រូវបានគ្រប់គ្រងដោយខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ និងទ្រង់ស៊ីសុវត្ថិ សិរិមតៈ ដែលសហរដ្ឋអាម៉េរិកគាំទ្រត្រូវបានផ្តួលរំលំជាស្ថាពរ។ ទីក្រុងសៃហ្គន គ្រប់គ្រងដោយរដ្ឋាភិបាលសាធារណរដ្ឋវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ត្រូវបានធ្លាក់ក្នុងដៃរបស់វៀតណាមខាងជើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ ឆ្នាំ១៩៧៥ ក្រោយប្រកាសដកខ្លួនចេញ សហរដ្ឋអាម៉េរិកមិនអាចជួយអ្វីដល់រដ្ឋាភិបាលសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ ក្រៅពីប្រើបន្សល់ទុកកម្លាំងទ័ពបន្តិចបន្តួច និងប្រើយន្តហោះទម្លាក់គ្រាប់បែកលួងចិត្តអតីតសម្ព័ន្ធមិត្តរបស់ខ្លួន។ តែតាមពិត នេះជាយុទ្ធវិធីប្រើកម្លាំងដើម្បីការពារការជម្លៀសមន្ត្រីបុគ្គលិករបស់ខ្លួនពីស្ថានទូតប៉ុណ្ណោះ ខណៈកម្លាំងនៃកងទ័ពរំដោះរុលចូលមកកាន់ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា និងកម្លាំងរបស់វៀតណាមខាងជើងរុលចូលគ្រប់គ្រងទីក្រុងសៃហ្គននៃប្រទេសវៀតណាមខាងត្បូង។

អ្វីដែលបាននិងកំពុងតែកើតឡើងនៅអាហ្វាហ្គានីស្ថាននាពេលនេះ គឺដូចគ្នាបេះបិតនឹងអ្វីដែលបានកើតឡើងនៅកម្ពុជា និងវៀតណាមខាងត្បូងកាលពី៤៥ឆ្នាំមុន។ ៤៥ឆ្នាំមុន ក្រៅពីការក្រោយត្រូវបានអាមេរិកបោះបង់ចោលរបបដឹកនាំវៀតណាមខាងត្បូងបានដួលរលំ ហើយជនជាតិវៀតណាមខាងត្បូង ដែលធ្លាប់ធ្វើការឱ្យសហរដ្ឋអាម៉េរិកត្រូវប្រឈមមុខនឹងគ្រោះថ្នាក់។ ដូចគ្នានេះដែរ ជនជាតិខ្មែរដែលបម្រើការឱ្យសហរដ្ឋអាម៉េរិក និងអ្នកដែលបានឃុបឃិតជាមួយសហរដ្ឋអាម៉េរិកធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីតំណែង ត្រូវទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតដូចជាអតីតមន្ត្រីរដ្ឋការ ទាហានរបស់សាធារណរដ្ឋខ្មែរ ហើយមេដឹកនាំនៃរបបសាធារណរដ្ឋខ្មែរត្រូវបានខ្មែរក្រហមចាត់ទុកថា ជាជនក្បត់ និងត្រូវបានចាប់ខ្លួន និងសម្លាប់ភ្លាមៗនៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេសក្នុងនោះមានទ្រង់ ស៊ីសុវត្ថិ សិរិមតៈ អតីតនាយករដ្ឋមន្ត្រីសាធារណរដ្ឋខ្មែរ ឡុង បូរ៉េត លន់ ណុន ប្អូនប្រុសរបស់សេនាប្រមុខលន់ នល់ ជាដើម។ វាសនានៃមន្ត្រីបម្រើការងារឱ្យសហរដ្ឋអាម៉េរិក និងមន្ត្រីនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានបច្ចុប្បន្ន ក៏បាននិងកំពុងប្រឈមមុខគ្រោះថ្នាក់ដូចគ្នានឹងមន្ត្រីជនជាតិខ្មែរ និងជនជាតិវៀតណាមកាលពីឆ្នាំ១៩៧៥ដែរ។

នៅកម្ពុជា ក្រោយពេលអាម៉េរិកដកខ្លួនចេញ បានធ្វើឱ្យកម្ពុជាដែលខ្ទេចខ្ទាំដោយការទម្លាក់គ្រាប់បែកប្រមាណ៣លានតោនរបស់អាម៉េរិកធ្លាក់ចូលទៅក្នុងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រព្រឹត្តឡើងដោយក្រុមខ្មែរក្រហម ប៉ុល ពត។ លើសពីនេះ មេរៀនបទពិសោធន៍ប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរគ្រប់រូបចាំមិនភ្លេចនោះ គឺព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ចុងក្រោយ ប៉ុន្មានថ្ងៃរបបសាធារណរដ្ឋខ្មែរគាំទ្រដោយសហរដ្ឋអាម៉េរិកដួលរលំ គឺព្រះអង្គបង្ហាញការខកទឹកព្រះទ័យ សោកស្តាយយ៉ាងខ្លាំងបំផុតដែលព្រះអង្គបានជឿលើ«មិត្តអាម៉េរិក» ដែលព្រះអង្គបានជឿទុកចិត្ត ថានឹងមិនបោះបង់ចោលរបបសាធារណរដ្ឋខ្មែរ ហើយចុងក្រោយ បានត្រឹមផ្តល់សិទ្ធិជ្រកកោនផ្នែកនយោបាយជាសំណងលួងចិត្តចំពោះការគាំទ្រសហរដ្ឋអាម៉េរិក និងដើរតាមបន្ទាត់នយោបាយរបស់អាម៉េរិកនាពេលកន្លងមក។

បន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលបានជូនទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក គឺជាមេរៀនប្រវត្តិសាស្ត្រដែលកូនខ្មែរគួរដឹង៖ «ជូនចំពោះឯកឧត្ដម និងមិត្ដភ័ក្ដិជាទីស្រឡាញ់នៃខ្ញុំ! ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារលិខិតក្នុងការស្នើអញ្ជើញខ្ញុំទៅកាន់ប្រទេសឯកឧត្ដម ដែលពោរពេញដោយសេរីភាព។ ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញពីប្រទេសនេះ ក្នុងស្ថានភាពកំសាកបែបនេះទេ។ សម្រាប់រូបឯកឧត្ដម និងជាពិសេសប្រទេសមហាអំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿក្នុងមួយនាទីណា ដែលឯកឧត្ដមមានគំនិតបោះបង់ ប្រជាជនមួយជ្រើសរើសយកសេរីភាពឡើយ។ ឯកឧត្ដម បានបដិសេធមិនផ្ដល់ការគាំពារដល់ពួកគេ ហើយយើងក៏មិនអាចធ្វើអ្វីបានដែរចំពោះរឿងនេះ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និង ប្រទេសរបស់ឯកឧត្ដមរស់នៅដោយសេចក្ដីសុខ។ ប៉ុន្ដែឯកឧត្ដម ត្រូវចងចាំថា ខ្ញុំសុខចិត្ដស្លាប់នៅទីនេះ នៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់ វាជារឿងអាក្រក់ណាស់ ព្រោះយើងត្រូវកើត និងស្លាប់ថ្ងៃណាមួយចៀសមិនរួច។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើឯកឧត្ដមដែលជាជនជាតិអាមេរិក»។

ភាពច្រំដែលនៃប្រវត្តិសាស្ត្រកាលពី៤៥ ឆ្នាំមុននៅឥណ្ឌូចិន ឥឡូវនេះបានកើតឡើងសាជាថ្មីក្នុងប្រទេសអាហ្វហ្គានីស្ថាន។ តើនរណាជាអ្នករងគ្រោះជំនួសប្រជាជនអាហ្វហ្គានីស្ថាន? គឺមានតែប្រជាជនអាហ្វហ្គានីស្ថានខ្លួនឯងប៉ុណ្ណោះ! ទាំងអ្វីដែលបានកើតឡើងនៅក្នុងសង្គ្រាមឥណ្ឌូចិន នាឆ្នាំ១៩៧៥ និងនៅអាហ្វហ្គានីស្ថាននៅពេលនេះ ជាទឡ្ហីករណ៍ថ្មីមួយទៀត អំពីការទុកចិត្តបរទេសដែលហួសហេតុ និងងប់ងុលជ្រុលហួសហេតុ ព្រោះនៅក្នុងទំនាក់ទំនងការទូត គ្មានពាក្យថា មិត្តឬសត្រូវឡើយ គឺមានតែផលប្រយោជន៍ប៉ុណ្ណោះ ហើយបើមិនមានផលប្រយោជន៍បន្តទៀតទេ នោះនឹងត្រូវគេបោះបង់ចោល។ ការសន្យារបស់មហាអំណាចអាម៉េរិក ចំពោះមុខនៃប្រទេស និងរដ្ឋាភិបាលសម្ព័ន្ធមិត្តរបស់ខ្លួន ទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល គឺការពាររដ្ឋធម្មនុញ្ញ ជួយការពារថែរក្សាឯករាជភាព និងអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសនោះ តែធាតុពិត អ្វីដែលសហរដ្ឋអាម៉េរិកបានធ្វើ គឺការរំលោភបំពានលើឯករាជភាព និងអធិបតេយ្យភាពដែនដី និងកិច្ចការផ្ទៃក្នុងនៃប្រទេសនោះ ដូចករណីកម្ពុជាពីអតីតកាលជាឧទាហរណ៍ស្រាប់។ រដ្ឋបាលអាម៉េរិកសម្រេចទម្លាក់គ្រាប់បែកជាសម្ងាត់មកលើប្រទេសកម្ពុជា និងថែមទាំងគាំទ្រលន់ នល់ និងស៊ីសុវត្ថិ សិរិមតៈផ្តួលរំលំរបបដឹកនាំដោយសម្តេចឪ នរោត្តម សីហនុ នាំយកកម្ពុជាចូលក្នុងសង្គ្រាមស៊ីវិល និងការសម្លាប់រង្គាលថែមទៀត។

តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសផ្សេងទៀតដូចជាអ៊ីរ៉ាក់ដែលផ្តួលរំលំរបបសាដាម ហ៊ូសេន ដោយការអន្តរាគមន៍យោធា និងបណ្តាប្រទេសមួយចំនួនទៀត ដោយការប្រើអំណាចប្រជាពលរដ្ឋផ្តួលរំលំតាមរយៈបដិវត្តន៍ពណ៌ គឺគ្មានប្រទេសណាមួយដែលមានសុខសន្តិភាព និងការអភិវឌ្ឍឡើយ តែផ្ទុយមកវិញបានក្លាយជាប្រទេសដែលស្អាតមក ជាប្រទេសដែលខ្ទចខ្ទាំដោយគ្រាប់កាំភ្លើង និងការទម្លាក់គ្រាប់បែក អគារដែលឈរស្កឹមស្កៃបែរជាដួលរាបដល់ដី ពលរដ្ឋរស់នៅក្នុងភ្នក់ភ្លើងសង្គ្រាម ឈាមនិងទឹកភ្នែក។ នេះជាមេរៀនសម្រាប់សម្ព័ន្ធមិត្តអាម៉េរិកផ្សេងទៀត ដែលមិនត្រូវទុកចិត្តខ្លាំងពេកនោះឡើយ។ ដូច្នេះគេមិនត្រូវពឹង និងផ្តេកផ្តួលលើការសន្យារបស់មហាអំណាចមួយចំនួនលើការការពារថែរក្សាឯករាជភាព និងអធិបតេយ្យភាព និងបូរណភាពដែនដី និងជួយខ្លួនគ្រប់ពេលវេលាឡើយ ហើយគួរកុំធ្វើឫកខែងរែងប្រមាថមកលើប្រទេសដទៃ ឬប្រមាថមកលើរដ្ឋាភិបាលដែលកំពុងតែដឹកនាំប្រទេស និងប្រមាថមកលើជាតិសាសន៍ខ្លួន ពេលមានបរទេសញុះញង់ និងគាំទ្រពីក្រោយខ្នងឡើយ ព្រោះគ្មានបរទេសណាគិតគូរពីជាតិខ្លួនដូចជនជាតិខ្លួនទេ។ មេរៀន នៅអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ន និងនៅកម្ពុជា និងវៀតណាមនៅឆ្នាំ១៩៧៥ ជាតឹកតាងយ៉ាងច្បាស់៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

ការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ ១៧ ខែមេសា ឆ្នាំ១៩៧៥

ការដួលរំនៃរដ្ឋាភិបាលវៀតណាមខាងត្បូង ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner