សម្តេចតេជោ ហ៊ុន សែន យល់ព្រមការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប។ ការយល់ព្រមរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ។

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប ដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺលោក ឃីម ឡាគី និងលោក ម៉ៅ សុផល។

យោងលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនសម្តេចតតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បុគ្គលចំនួន២(ពីរ)រូប ជាអតីតសមាជិកគណៈកម្មាធិការនាយក និងជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តតាកែវ អតីតគណបក្សសង្គ្រោះជាតិ បានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មុនកាលកំណត់របស់សាលដីកាតុលាការកំពូល រួមមានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ ឃឹម ឡាគី ភេទ ប្រុស កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៥
២. ឈ្មោះ ម៉ៅ សុផល ភេទ ប្រុស កើតថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៦៣

សម្តេចក្រឡាហោមបានបន្តថា ផ្អែកលើសំណើសុំខាងលើនេះ និងផ្អែកតាមបញ្ញត្តិមាត្រា៤៥ថ្មី(ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងតាមការពិនិត្យក្នុងរយៈពេលនៃការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ បុគ្គលខាងលើនេះ ពុំដែលធ្វើសកម្មភាពណាមួយរំលោភបំពានទៅនឹងសាលដីការបស់តុលាការកំពូលឡើយ។ ដូចនេះ ក្រសួងមហាផ្ទៃ សូមគោរពស្នើសុំគោលការណ៍អនុញ្ញាតផ្តល់នីតិសម្បទាឡើងវិញមុនកាលកំណត់ឲ្យបុគ្គលទាំង២(ពីរ)រូប ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកាលេខៈ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារយល់ព្រមលើលិខិតរបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ មានមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនជាង២៤រូបហើយ ដែលទទួលបាននីតិសម្បទាឡើងវិញ។ ដោយក្នុងចំណោមជាង២០រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី។
មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនជាង២០រូបហើយ ដែលទទួលបាននីតិសម្បទាឡើងវិញ មានដូចជា:
១. លោក គង់ គាំ អតីតឧត្តមទីប្រឹក្សានៃអតីតគណបក្សសង្គ្រោះជាតិ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
២. លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
៣. លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរអភិរក្ស។
៤. លោក ជីវ កត្តា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។
៥. លោក កង គឹមហាក់ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៦. លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ (បង្កើតគណបក្សកែទម្រង់កម្ពុជា)
៧. លោក ច័ន្ធ សិលា ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៨. លោកស្រី ទេព សិទ្ធី ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៩. លោក ស៊ិន សុវណ្ណនី ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩)។
១០. លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០) ។
១១. លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១២. លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១៣. លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
១៤. លោកថាច់ សេដ្ឋា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ប្រភពអះអាងថា បង្កើតគណបក្សបេះដូងជាតិ)
១៥. លោកយ៉ែម បុញ្ញឫទ្ធិ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (បង្កើតគណបក្សកម្ពុជានិយម)
១៦. លោកមុត ចន្ថា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៧. លោកឡុង គឹមឃន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៨. លោកស្រី យ៉ង់ ផាន់ណេត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៩. លោក ជុំ ចាន់ដារិន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (កឹម សុខា)
២០. លោក ឡាត់ លិតេយ្យ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
២១. លោក ទួត ឃឿត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១៕
២២. លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ
២៣. លោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោកកឹម សុខា បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅដល់ក្រសួងមហាផ្ទៃជាផ្លូវការកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner