អភិបាលខេត្តព្រះវិហារ ទទួលបានសម្ភារៈទ្រទ្រង់លើវិស័យសុខាភិបាល ស្របពេល មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កំពុងប្រឈមនឹងការខ្វះខាត !


ដោយ៖ ឡុង សំបូរ
ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ រួមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានអញ្ជើញទទួលគ្រែបត់ ( ប៉ៅអ៊ី ) ដែលមានចំនួនជាង ៧០០គ្រែ ក្រោមការចូលរួមចំណែកឧបត្ថម្ភក្នុងវិស័យមនុស្សធម៌ ពីតាមបណ្តាមន្ទីរ និងអង្គភាពនានា ដែលចំណុះឲ្យរដ្ឋបាលខេត្តព្រះវិហារ។
សម្ភារៈដែល អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ទទួលបានពីថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពចំណុះរដ្ឋបាលខេត្តនោះ គឺមានចំនួន ៧២០គ្រែបត់ ដែលការឧបត្ថម្ភនោះ បានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃបន្តបន្ទាប់គ្នា គឺ ចាប់ពីថ្ងៃទី ១១សីហា ដល់ថ្ងៃទី១៣សីហាឆ្នាំ២០២១ នៅសាលាខេត្តព្រះវិហារ។
មន្ទីរ និងអង្គភាពដែលឧបត្ថម្ភគ្រែបត់ទាំង ៧២០គ្រែនោះ រួមមាន៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រែបត់ចំនួន ១០០ ,មន្ទីរអប់រំយុវជន និងកីឡាខេត្ត ចំនួន ១០០គ្រែ ,មន្ទីរផែនការខេត្ត ចំនួន ៣០គ្រែ ,មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ចំនួន ៤០គ្រែ ,អង្គភាពពន្ធនាគារខេត្ត ចំនួន ៤០គ្រែ ភួយ៤០ និងមុង៤០ ,មន្ទីរអភិវឌ្ឍជនបទខេត្ត ចំនួន ៥០គ្រែ ,មន្ទីរកិច្ចការនារីខេត្ត ចំនួន ៤០គ្រែ ,មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចំនួន ៤០គ្រែ ,មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ចំនួន៤០គ្រែ ,មន្ទីរទេសចរណ៍ខេត្ត ចំនួន ៤០គ្រែ ,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចំនួន ១០០គ្រែ និងមន្ទីរបរិស្ថានខេត្ត ចំនួន ១០០គ្រែបត់ ផងដែរ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា តាមការគ្រោងទុក សម្ភារៈទាំងនោះ រដ្ឋបាលខេត្ត នឹងនាំយកទៅផ្តល់ជូន នៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាល នៅទូទាំងខេត្តព្រះវិហារ ដែលកំពុងជួបប្រទះការខ្វះខាត និងការផ្តល់ជូនពលករ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នូវសម្ភារៈស្នាក់នៅ ថែមទៀតផង។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ ថ្លែងអំណរគុណជាអនេក ចំពោះការចូលរួមពីតាមបណ្តាមន្ទីរ និងអង្គភាពជុំវិញខេត្ត នាពេលនេះ ដែលជាការបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធម៌ ក្នុងបុព្វហេតុរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ covid-19 ដែលកំពុងរាតត្បាតចូលក្នុងសហគមន៍ នៅក្នុងខេត្តព្រះវិហារ ក៏ដូចជានៅទូទាំងប្រទេស ជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះវិហារ នាគ្រានេះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner