លោក មុត ចន្ថា៖ តើនរណានៅក្រោយគណបក្សបេះដូងជាតិ?
ភ្នំពេញ : លោកមុត ចន្ថា បានលាតត្រដាងអំពីមេគំនិតដែលបានផ្តួចផ្តើមឱ្យបង្កើត«គណបក្សបេះដូងជាតិ» ឬ “Cambodia National Heart Party” ត្រូវបានគេដឹងយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក និងប្រទេសបារាំង គឺ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន លោក អេង ឆៃអ៊ាង កំពុងដេកស៉ីលុយរដ្ឋាភិបាលអាមេរិកដែលជាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកខណៈដែលគាត់កំពុងត្រៀមរៀបចំឯកសារ ធានាយកក្រុមគ្រួសារទាំងមូលទៅរស់នៅលើទឹកដីអាមេរិក។ លោក មុត ចន្ថា ត្រូវបានគេស្គាល់ថាជាមនុស្សជំនិតបំផុតរបស់ លោក កឹម សុខា។
លោក មុត ចន្ថា និងលោក កឹម សុខា
ការលាតត្រដាងនេះ បានធ្វើឡើងតាមរយៈហ្វេសប៊ុករបស់លោក មុត ចន្ថា។
លោក មុត ចន្ថា បន្តថា មិនមែនតែលោក អេង ឆៃអ៊ាង ម្នាក់ទេ ដែលនៅពីក្រោយគណបក្សថ្មីនេះ លោកស្រី មូរ សុខហួរ ក៏បានប្រកាសគាំទ្រការបង្កើតឡើងនូវគណបក្សនេះនៅក្នុងការប្រជុំជាមួយអ្នកគាំទ្រនៅអាមេរិក។ ចំណែកអ្នកនយោបាយរត់ភៀសខ្លួនកំពុងជ្រកកោននៅអាមេរិក និងតាមបណ្តាប្រទេសផ្សេងទៀត ក៏កំពុងធ្វើសកម្មភាពគាំទ្រនិងឡង់សេបក្សថ្មីនេះផងដែរ។
លោកបានបញ្ជាក់ថា សេនារីយោដែលលោក អេង ឆៃអ៊ាង បានគិតគូរៀបចំឡើង រួមមានៈសេនារីយោទី១: បញ្ចេញឱ្យ លោក ថាច់សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្រ្តយ៍នៃគណបក្សសង្រ្គោះជាតិ ដាក់ពាក្យសុំសិទ្ធិនយោបាយ ដើម្បីត្រៀមមកដឹកនាំបក្សថ្មីនេះ គឺ «គណបក្សបេះដូងជាតិ» ព្រោះគាត់ក៏ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ។ រហូតមកដល់ពេលនេះលោក ថាច់សេដ្ឋា រក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែក៏មិនបានបដិសេធពីការមិនជាប់ពាក់ព័ន្ធជាមួយគណបក្សនេះដែរ។
សេនារីយោទី២: ក្រៅពីលោក ថាច់ សេដ្ឋា, លោក អេងឆៃអ៊ាង ក៏បានផ្ចុងផ្តើមឱ្យមនុស្សម្នាក់ដែលមិនធ្លាប់ប្រឡូកក្នុងកិច្ចការនយោបាយដោយផ្ទាល់ឱ្យចូលរួមដឹកនាំបក្សថ្មីនេះ។ តាមការណ៍ឱ្យដឹងមនុស្សវ័យកណ្តាលម្នាក់នេះគឺជាអតីតមន្រ្តីនៃ អង្គការអន្តរជាតិមួយដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា នៅមុនពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ និងជាសមាជិកក្រុមការងារស្រមោល (ឈ្មោះក្លែងក្លាយ) ប្រចាំខេត្តបាត់ដំបង ដែលត្រូវបានលោក អេង ឆៃអ៊ាង ចាត់ទុកជាឈាមថ្មីនិងជាបញ្ញាវន្តដែលអាចប្រម៉ែប្រមូលយុវជនឱ្យចូលរួម និងទាញបានសមានចិត្តពីមជ្ឈដ្ឋានសង្គមស៊ីវិល។
សេនារីយោទី៣: គណបក្សថ្មីនេះនឹងផ្តោតលើការរៀបចំរចនាសម្ព័ន្ធនិងកសាងកម្លាំងថ្មីរបស់ខ្លួនដោយមិនធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានគាំទ្ររបស់អតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀនឡើយ ប៉ុន្តែមុខព្រួញរបស់គណបក្សនេះគឺកៀរគរ កម្លាំងគាំទ្រពីគណបក្សផ្សេងៗ ដូចជា គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច យុវជន ជាដើម។នេះជាសេនារីយោ បន្លំបំភ័ន្តភ្នែកដើម្បីធ្វើឱ្យគេយល់ច្រឡំថាបក្សបេះដូងជាតិមិនជាប់ពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀនដែលជាដៃគូក្នុងអតីតគណបក្សសង្រ្គោះជាតិ សំដៅបញ្ចៀសនូវការចោទប្រកាន់ពីអំពើក្បត់ភាពជាដៃគូនិងការថ្កោលទោសពីអ្នកគាំទ្ររបស់អតីត គណបក្សសង្រ្គោះជាតិ។
សេនារីយោទី៤: លោក អេង ឆៃអ៊ាង បញ្ឆេះឱ្យគណបក្សភ្លើងទៀន ដែលដឹកនាំដោយអតីតសមាជិកព្រឹទ្ធសភាចំនួន ១០រូបចាប់ផ្តើមរៀបចំកែប្រែរចនាសម្ព័ន្ធដឹកនាំ និងចុះធ្វើសកម្មភាពពង្រឹងរចនាសម្ព័ន្ធនិងកម្លាំងនៅមូលដ្ឋានតាមរយៈការចុះចែកអំណោយដោយលោក ទាវ វណ្ណុល ប្រធានគណបក្សនេះ។
ការចុះចែកអំណោយជាស្បៀងឧបភោគគាប់ជួននឹងយុទ្ធនាការលក់ប័ណ្ណនាឡិការបស់លោកសម រង្ស៉ីដែលប្រមូលបាន ប្រាក់ជាង២០ម៉ឺនដុល្លារ ដែលគេដាក់ការសង្ស័យយ៉ាងខ្លាំងថាគឺជាលុយបានមកពីយុទ្ធនាការលក់ប័ណ្ណនាឡិកា ដៃម៉ាកកាស្យូរបស់លោកសម រង្ស៉ីព្រោះរហូតមកទល់ពេលនេះគេមិនឃើញសកម្មភាពផ្តល់ជំនួយដល់ជនរងគ្រោះដោយ ជំងឺកូវីដ-១៩ ដូចគាត់បានអះអាងឡើយ។ ម្យ៉ាងទៀតដោយសារបញ្ហាផ្លូវច្បាប់គ្មានបុគ្គលណាម្នាក់ហ៊ានចេញមុខទទួលលុយពីលោកសមរង្ស៉ីដើម្បីចែកអំណោយឡើយ។ដូច្នេះគេអាចធ្វើតាមរបៀបបន្លំភ្នែកថាជាជំនួយរបស់សប្បុរសជននៅក្រៅប្រទេសជំនួសវិញ។ ចំណុចនេះហើយដែលលោក ទាវ វណ្ណុល បានអះអាងនៅពេលចែកអំណោយជាស្បៀងឧបភោគ។ លោក ជា គឹមលី ប្រធានគណបក្សសង្រ្គោះជាតិប្រចាំអាមេរិកខាងជើងនិងអាមេរិកកាំង (CNRP NORTH AMERICA-AMERICA) ត្រូវបានគេដឹងថានឹងមកចូលរួមដឹកនាំបក្សភ្លើងទៀន។
សេនារីយោទី៥: អ្នកកនយោបាយជាប់បម្រាមនៃកូតាអតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀតត្រូវបានប្រាប់ឱ្យ នៅស្ងៀមរង់ចាំរហូតបញ្ចប់បម្រាមហាមធ្វើនយោបាយ នៅក្រោយពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង បានអនុវត្តយុទ្ធសាស្រ្តវៃស្មៅបង្អើលពស់ដោយជំរុញឱ្យអ្នកនយោបាយជាប់បម្រាមកម្រិតធម្យមសាកល្បង ដាក់ពាក្យសុំសិទ្ធិនយោបាយ មានជាអាទិ៍ លោក ជូ ជុងងី, លោក ញឹម គឹមញុល និងលោក ស៊ុន ចន្ធីដើម្បីចង់ដឹងប្រតិកម្ម តប។ ជាលទ្ធផល បុគ្គលទាំងបីនាក់នេះត្រូវបានបដិសេធចំពោះសំណើសុំសិទ្ធិនយោបាយដោយហេតុផលរំលោភសាល ដីការបស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្រ្គោះជាតិ ខែវិច្ឆិកា ឆ្នាំ២០១៧។
សេនារីយោទី៦: បន្ទាប់ពីគណបក្សបេះដូងជាតិបានប្រមូលផ្តុំកម្លាំងគាំទ្រពីមជ្ឈដ្ឋានផ្សេងៗរួចហើយគណបក្សនេះនឹងត្រូវ ប្រកាសបញ្ចូលជាមួយគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី)នៅប៉ុន្មានខែមុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីបូកផ្គួបនិងបង្កើនកម្លាំងគាំទ្រឱ្យគណបក្សភ្លើទៀនឱ្យក្លាយជាគណបក្សប្រកួតប្រជែងមួយដែលមានកម្លាំងខ្លាំងប្រហាក់ប្រហែលនៅមុនពេលរួបរួមជាមួយគណបក្សសិទ្ធិមនុស្ស ដែលបានបង្កើតជាគណបក្សសង្រ្គោះជាតិ នៅខែកក្កដា ឆ្នាំ២០១២។
សេនារីយោទី៧: ក្រុមអ្នកនយោបាយនិរទេសខ្លួន មានដូចជាលោកសម រង្ស៉ី, លោកអេង ឆៃអ៊ាង, លោកស្រីមូរ សុខហួរ, លោកហូរ វ៉ាន់, លោកឡុង រី ជាដើមដើរតួនាទីជាអ្នកកៀរគរប្រភពហិរញ្ញវត្ថុគាំទ្រដល់ប្រតិបត្តិការកសាងរចនាសម្ព័ន្ធនិង កម្លាំងរបស់គណបក្សបេះដូងជាតិ និងត្រៀមបម្រុងសម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣។ ភស្តុតាងអាចបញ្ជាក់ថាប្រាក់ជាង២០ម៉ឺនដុល្លារបានពីការលក់ប័ណ្ណ នាឡិកា ប្រាក់ជាង ៣០ម៉ឺនដុល្លារប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ និងលុយទូរទស្សន៍ព្រះអាទិត្យជិត ១លានដុល្លារ គិតទាំងការទាំងដើមអាចនឹងត្រូវបានគេយកមកបណ្តាក់ទុនក្នុងគណបក្សភ្លើងទៀនដើម្បីបប្រកួតប្រជែងក្នុង ការបោះឆ្នោតទាំងពីរនៅពេលខាងមុខ។
សេនារីយោទី៨: យុទ្ធសាស្រ្តរបស់លោក អេង ឆៃអ៊ាងគឺស្វែងរកអំណាចនយោបាយជាថ្មីដើម្បីដាក់សម្ពាធលើគណបក្ស កាន់អំណាចឱ្យចរចាជាមួយលោកសម រង្ស៉ី អាចឱ្យគាត់និងគូកនវិលត្រឡប់ចូលប្រទេសវិញ។
លោក ចន្ថា បានលើកឡើងថា អំពើក្បត់ដៃគូនយោបាយនេះបង្ហាញកាន់តែច្បាស់ឡើងនៅពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជកែប្រែរចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំឡើងវិញ។ តាមពិតគណបក្សភ្លើងទៀន គ្រាន់តែជាបក្សចាំផ្ទះដូចគ្នានឹងគណបក្សសិទ្ធិមនុស្ស ព្រោះបក្សទាំងពីរបានច្របាច់កម្លាំងចូលគ្នាបង្កើតគណបក្សសង្រ្គោះជាតិរួចទៅហើយ។ការបង្កើតឡើងនូវ គណបក្សបេះដូងជាតិ គឺជាល្បិចបៀរបីសន្លឹក ដើម្បីបំភ័ន្តភ្នែកគេចចេញពីការចោទប្រកាន់ពីអំពើក្បត់ដៃគូនយោបាយ ខណៈដែលបក្សនេះមានចេតនាប្រមូលផ្តុំកម្លាំងថ្មី ដើម្បីយកទៅបូកជាមួយកម្លាំងបក្សភ្លើងទៀន។
លោក មុត ចន្ថា បានសង្កត់ធ្ងន់ថា រឿងពិតមិនអាចប្រកែកបាន លោកសម រង្ស៉ីនិងគូកននៅក្រៅប្រទេសបានក្បត់ ជាមួយលោកកឹម សុខា ជាយូរមកហើយ ចាប់តាំងពីការចេញទៅបង្កើតចលនាសង្រ្គោះជាតិ នៅដើមឆ្នាំ២០១៨ និងការដណ្តើមយកដំណែងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១៨ ពីសំណាក់លោកសម រង្ស៉ី និងគូកននៅក្រៅប្រទេស៕
ដោយ: ពលជ័យ