ឯកឧត្តម វេង សាខុន បានចុះពិនិត្យលើ ខ្សែសង្វាក់ផលិតកម្មនិងការ កែច្នៃម្រំនិងខ្ញីខ្មៅសម្រា ប់ប្រើប្រាស់ជាអាហារបំ ប៉នសុខភា ព ក្នុងក សិដ្ឋាន របស់ក្រុមហ៊ុ នLexmin

កំពត៖ ដើម្បីជាការលើកទឹកចិត្តជំរុញនិងគាំទ្រដល់ការអនុវត្តអនុស្សរណ: នៃការយោគយល់គ្នារវាងក្រុមហ៊ុនអូស្រ្តាលី Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី “ការ ជំរុញផលិតកម្មដំណាំស្តង់ដារសរីរាង្គនិងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបាននូវឱកាសការងារ នៅតាមបណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលីនាពេលអនាគត” នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីមួយចំនួនទៀត បានអញ្ជើញមកពិនិត្យលើខ្សែសង្វាក់ផលិតកម្ម និងការកែច្នៃម្រំ និងខ្ញីខ្មៅសម្រាប់ប្រើប្រាស់ជាអាហារបំប៉នសុខភាពក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន Lexmin ដែលមានទីតាំងស្ថិតក្នុងភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លា (តំបន់អភិវឌ្ឍន៍តេជោសែន) ស្រុកឈូក ខេត្តកំពត។

លោក Robert K.Chelliah (នាយកក្រុមហ៊ុន) បានអញ្ជើញ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទចុះពិនិត្យសកម្មភាព ទៅតាមផ្នែកនីមួយៗ នៃផលិតកម្មដាំដុះដំណាំសរីរាង្គ។ ចំពោះផលិតកម្មដាំដុះ កសិដ្ឋានបានធ្វើការដាំដុះដំណាំ សរីរាង្គលើផ្ទៃដី ២២ហិចតា មានប្រភេទដំណាំសម្រាប់កែច្នៃ​ផលិតជាអាហារបំប៉នសុខភាព ដូចជារុក្ខជាតិម្រុំ ស្លឹកគ្រៃ ម្តេង និងខ្ញីខ្មៅ ដែលផលិតផលទាំងនេះកំពុងតែមានទីផ្សារខ្ពស់នៅក្រៅស្រុក និងមានគម្រោងបន្តពង្រីកផលិតកម្មការដាំដុះ បន្លែតាមស្តង់ដារសរីរាង្គសម្រាប់ធ្វើការនាំចេញ។ ដោយឡែកផលិតកម្មកែច្នៃ ក្រុមហ៊ុនបានរៀបចំខ្សែសង្វាក់កែច្នៃ ដែលត្រូវបានពិនិត្យវាយតម្លៃទទួលស្គាល់អនុលោមភាពតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធគុណភាព សុវត្ថិភាព អនាម័យ រួមមានទាំងស្តង់ដារសហភាពអឺរ៉ុប អាមេរិក អូស្ត្រាលី កាណាដា។ល។ កន្លងមកក្រុមហ៊ុនបានកែច្នៃជាផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញភាគច្រើនទៅ កាន់ទីផ្សារប្រទេសអូស្ត្រាលីហើយថ្មីៗ នេះក្រុមហ៊ុនបានសម្រេចកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់ផលិតផលសរីរាង្គចំនួន ៥០តោន (តែម្រុំ តែស្លឹកគ្រៃ តែខ្ញីខ្មៅ តែម្ជូរព្រឹក) ឱ្យដល់ដៃគូក្នុងស្រុកគឺក្រុមហ៊ុន La Plantation ដែលជាក្រុមហ៊ុនមួយបាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងការដាំដុះ និងកែច្នៃម្រេចកំពតសម្រាប់នាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ក្រុមហ៊ុនបានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកជាមួយ MAFF ក្នុងការលើកកម្ពស់ផលិតកម្មកសិកម្មសរីរាង្គ និងធ្វើការកែច្នៃជាអាហារបំប៉នសម្រាប់សុខភាព។
លោកបន្តទៀតថាក្រុមហ៊ុននឹងបន្តអភិវឌ្ឍដើម្បីប្រែក្លាយកសិដ្ឋានរបស់ខ្លួនឱ្យក្លាយជាកសិដ្ឋានគំរូមួយសម្រាប់ធ្វើជាថ្នាលបណ្តុះ បណ្តាលផលិតកម្មកសិកម្មសរីរាង្គនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរ ជាមួយសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងបន្តគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យ​បន្តសកម្មភាពរបស់​គម្រោងដែលចង់​ពង្រីក​​ផលិត​ភាពផលិតកម្ម និងចាប់យកដៃគូក្នុងស្រុកដើម្បីផលិត និងផ្គត់ផ្គង់ឲ្យក្រុមហ៊ុន។ កិច្ចសហ ការក្នុងផលិតកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាវានឹងពង្រីកសក្តានុពលផលិត កែច្នៃ និងប្រើ ប្រាស់ធនធានដីនៅតំបន់នេះឲ្យអស់លទ្ធភាព បង្កើតការងារ ស្រូបយកពលកម្មដែលភាគច្រើនជាក្រុមគ្រួសារអតិតយុវជន។ ម្យ៉ាងវិញទៀត ផលិតផលកសិកម្មសរីរាង្គបាននិងកំពុងពេញនិយមទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដូច្នេះការចូលរួមផលិតផលិតផលសរីរាង្គស្របតាមស្តង់ដារតម្រូវនោះវានឹងនាំមកនូវគុណប្រយោជន៍សម្រាប់សុខភាពសាធារណ: តម្លៃ និងភាតរបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរឲ្យក្រុមហ៊ុនអនុវត្តអនុស្សរណ:ជាមួយអគ្គនាយកដ្ឋានកសិកម្មសម្រេចបានជោគជ័យ។ សូមអនុញ្ញាតជម្រាបជូនថា កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ ក្រុមហ៊ុនបានចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី ” ការជំរុញផលិតកម្មដំណាំស្តង់ដារសរីរាង្គនិងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបានឱកាសការងារនៅតាមបណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលី”៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner