សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ការពារកូវីដ១៩ អាចទៅរកនៅតាមមន្ទីរពេទ្យរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ អាចទៅស្វែងរកការចាក់នៅតាមមន្ទីរពេទ្យរដ្ឋ។ នេះបើតាមសារឆ្លើយតបទៅប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសបុករបស់សម្តេច នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១៕

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «គេកំពុងចាក់រាល់ថ្ងៃតាមមន្ទីរពេទ្យរដ្ឋសម្រាប់បងប្អូនដែលមិនទាន់បានចាក់។ សាកសួរគេទៅដឹងហើយ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយពីទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «សូមឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងនាំគ្នាទៅចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា»។
យុទ្ធនាការចាក់វ៉ាក់សាំងជំរុញឬដូសទី៣ នៅរាជធានីភ្នំពេញត្រូវបានប្រកាសឱ្យអនុវត្ត បន្ទាប់ពីការប្រកាសចាក់វ៉ាក់សាំងនៅខេត្តជាប់ព្រំដែនចំនួន៧ ដែលរាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា យោធា និងប៉ូលីស។
ខេត្តចំនួន ៧ ដែលត្រូវបានជ្រើសរើសជាតំបន់អាទិភាពខ្ពស់គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ។ វ៉ាក់សាំង AstraZeneca កំពុងត្រូវបានប្រើជាវ៉ាក់សាំងសម្រាប់មន្ត្រីជួរមុខដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញជាមួយស៊ីណូហ្វាមនិងស៊ីណូវ៉ាក់។
ជាមួយគ្នានេះក្រសួងសុខាភិបាលបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ មករាជធានីភ្នំពេញវិញ។ នោះគឺជាការផ្តល់ឱ្យប្រជាជនកម្ពុជានិងជនបរទេសនៅក្នុងរដ្ឋធានីនូវឱកាសទីពីរក្នុងការចាក់វ៉ាក់សាំង។ ការចាក់វ៉ាក់សាំងលើកទី២នៅក្នុងរាជធានីភ្នំពេញនឹងដំណើរការរហូតដល់ថ្ងៃទី៨ ខែកញ្ញា។

ក្រសួងសុខាភិបាលបានប្រកាសទីតាំងចំនួន២ គឺមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិសុខភាពមាតានិងទារក សម្រាប់ផ្តល់ការចាក់វ៉ាក់សាំនៅរាជធានីភ្នំពេញលើកទី២៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner