ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅជប៉ុនសរុបកើនជិត២១៩នាក់ ក្រោយទើបរកឃើញករណីឆ្លង៤៤នាក់ទៀតលើកប៉ាល់ Diamond Princess
ជប៉ុន៖ តួលេខមនុស្សឆ្លងវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ នៅជប៉ុនសរុបបន្តកើនឡើងដល់២១៩នាក់ បន្ទាប់ពីក្រុមជំនាញវេជ្ជសាស្ត្របានរកឃើញករណីឆ្លងថ្មីចំនួន ៤៤ករណីបន្ថែមទៀតនៅលើកប៉ាល់ Diamond Princess នេះបើតាមក្រសួងសុខាភិបាលជប៉ុននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
ទន្ទឹមគ្នា រដ្ឋាភិបាលជប៉ុនមិនបានបញ្ជាក់លម្អិតពីសញ្ជាតិនៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មី នោះទេ ហើយក៏មិនបានបញ្ជាក់ថា តើអ្នកឆ្លងថ្មីទាំង៤៤នាក់ទៀតនេះ គឺជាអ្នកដំណើរ ឬក៏ក្រុមនាវិកនៅលើកប៉ាល់នោះដែរ ដោយគ្រាន់តែបានបង្ហើបឱ្យដឹងថា បុរសចំណាស់ម្នាក់អាយុ៨០ឆ្នាំម្នាក់ និង មនុស្សដែលមិនបានរកឃើញថា បានឆ្លងវីរុសកូរ៉ូណានឹងត្រូវអនុញ្ញាតឱ្យចាកចេញពីកប៉ាល់ទេសចរខ្នាតយក្សនេះ ។
សូមរំលឹកថា កប៉ាល់ទេសចរណ៍ Diamond Princess ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាម៉េរិក Princess Cruise Lines Ltd. និងមានផ្ទុកអ្នកដំណើរ ព្រមទាំងបុគ្គលិ កសរុបជាង៣.៧០០នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមដានរយៈពេលពីរសប្តាហ៍ នៅពេលមកដល់ទីក្រុង Yokohama របស់ជប៉ុន កាលពីថ្ងៃទី០៣ ខែកុម្ភៈនេះ បន្ទាប់ពីអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុងកាលពីខែមុនត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ៕