មនុស្ស ២នាក់ ដែលបានបំពានទៅនឹងវិធានការរដ្ឋបាលរបស់រាជរដ្ឋាភិបាល បណ្ដាលឱ្យឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

អត្ថបទដោយ៖
ធី ដា

ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី នៅថ្ងៃទី១៦សីហាឆ្នាំ២០២១ បានចាត់កម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះអនុវត្តដីការបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យលោក តូច សុភក្ដី ។

ជនសង្ស័យមានឈ្មោះ ខៀវ ជា (ហៅជា) ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ ម្ចាស់ហាងអាជីវកម្ម KTV 555 មានទីលំនៅបច្ចុប្បន្នភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ជនសង្ស័យទាំង២នាក់ ត្រូវគេរាយការណ៍ថា បានបំពានទៅនឹងវិធានការរដ្ឋបាល ដែលមានចេញក្នុងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល បណ្ដាលអោយឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រហូតកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យទាំង២នាក់នោះ ត្រូវបានកម្លាំងជំនាញបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner