អាជ្ញាធរចិន៖បុគ្គលិកអាលីបាបាត្រូវបានគេរំលោភបំពានផ្លូវភេទជាច្រើនដង
អាជ្ញាធរចិន បាននិយាយថា ពួកគេបានរកឃើញថាបុគ្គលិកស្រីម្នាក់នៅក្រុមហ៊ុន Alibaba Group Holding Ltd. ត្រូវបានគេរំលោភបំពានផ្លូវភេទទាំងថៅកែ និងអតិថិជនជំនួញរបស់នាង ដែលការរកឃើញនេះ គាំទ្រដោយព័ត៌មានលម្អិតជាច្រើនពីគណនីរបស់ស្ត្រីម្នាក់ ដែលបានធ្វើឱ្យកក្រើកអ៊ីនធឺណេតនៅប្រទេសចិនកាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍ជាផ្លូវការ ដែលត្រូវបានផ្សព្វផ្សាយនៅចុងថ្ងៃ សៅរ៍ ដោយប៉ូលីសនៅទីក្រុងជីណានភាគខាងកើតប្រទេសចិន ចេញផ្សាយចំពេលមានការខឹងសម្បារជាសាធារណៈជុំវិញឧបទ្ទវហេតុនេះ ជាពិសេសលើក្រុមហ៊ុនអ៊ីនធឺណេតយក្សរបស់ចិន អាលីបាបា។
សេចក្តីថ្លែងការណ៍ បាននិយាយថាអាជ្ញាធរ បានចាត់វិធានការលើឧក្រិដ្ឋជនជាបុរស ២ នាក់ ដែលបង្ខិតបង្ខំលើជនរងគ្រោះ រួចហើយ ដែលវិធានការនេះបើតាមច្បាប់ចិន អាចរួមបញ្ចូលទាំងការនៅក្រៅឃុំ ការឃុំខ្លួន ឬ ការចាប់ខ្លួនក្នុងចំណោមសកម្មភាពផ្សេងទៀត។
នៅក្នុងគណនីផ្លូវការកាលពីថ្ងៃ សៅរ៍ ស្ត្រីដែលប៉ូលីសដាក់ឈ្មោះថា ចូវ បានចូលរួមពិធីទទួលទានអាហារពេលល្ងាចនៅចុងខែ កក្កដា ដែលរួមមានទាំងការពិសារស្រាបៀរ និងស្រាផងនោះ។ ប៉ូលីសបាននិយាយថា នៅឯភោជនីយដ្ឋាននាងចូវ ត្រូវបានបុរសម្នាក់ជាអតិថិជនជំនួញឈ្មោះថា ចាង ធ្វើបាប។
ប៉ូលីស បាននិយាយថា នៅពេលយប់អ្នកគ្រប់គ្រងផ្ទាល់របស់នាង ចូវ ដែលមានឈ្មោះថា វ៉ាង បានឌុប ស្ត្រីនោះទៅឯសណ្ឋាគារក្បែរនោះ ហើយលោក វ៉ាង បានចេញចូលបន្ទប់សណ្ឋាគាររបស់ចូវជាច្រើនដង។ យោងតាមប៉ូលីស នៅពេលលោកចូលបន្ទប់ស្ដ្រីនោះលើកទី ២ លោកបានបង្ខំនាង ហើយបញ្ជាឱ្យអ្នកបម្រើសណ្ឋាគារទិញស្រោមអនាម័យមកបន្ទប់នេះផងដែរ។
នៅព្រឹក បន្ទាប់លោកចាង បានទៅបន្ទប់របស់អ្នកនាងចូវទៀត ដោយយកស្រោមអនាម័យពីផ្ទះមក ហើយបង្ខំអ្នកនាង ដោះខោទ្រនាប់ចេញ។ ទោះបីជា អាជ្ញាធរនិយាយថា ការស៊ើបអង្កេតមិនទាន់បញ្ចប់នៅឡើយនោះ របាយការណ៍របស់អ្នកនាង ដែលបានរាយការណ៍ទៅប៉ូលីស ប្រមាណ ១១ ទំព័រ ត្រូវបានចែកចាយលើបណ្តាញសង្គមចិនមួយសប្តាហ៍មុននេះ។
លោក វ៉ាង ត្រូវបានក្រុមហ៊ុនអាលីបាបា បណ្តេញចេញពីការងារ បន្ទាប់ពីហេតុការណ៍នេះ ចំពោះអ្វីដែលគេពិពណ៌នាថា «សកម្មភាពស្និទ្ធស្នាលហួសហេតុ» ជាមួយនិយោជិកស្រីរូបនេះ ខណៈពេលដែលនាងស្ថិតក្រោយឥទ្ធិពល។