គណៈកម្មាធិការ CAMSOC បានដាក់គោលដៅយ៉ាងគត់មត់ ត្រៀមធ្វើជាម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា

គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើសន្និបាត តាមប្រព័ន្ធ ZOOM នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ CAMSOC បូកសរុបលទ្ធផលឆមាសទី១ ដែលសម្រេចបាន និងបន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ ដើម្បីជាគោលគំនិត ធាតុចូលសំខាន់ៗរបស់គណៈកម្មការជំនាញជូនដល់ CAMSOC ដើម្បីទទួលបាននូវភាពគត់មត់គ្រប់ជ្រុងជ្រោយ សម្រួចគោលដៅឲ្យការទទួលធ្វើម្ចាស់ផ្ទះហ្គេមតំបន់អាស៊ីអាគ្នេយ៍ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យ ។


ថ្លែងក្រោយបញ្ចប់សន្និបាត ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារថា សន្និបាតបានលើកឡើងអំពីចំណុចសំខាន់ៗ ដែលត្រូវបន្តធ្វើដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយសម្តេចប្រធានបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៅក្នុងឆមាសទី១ ដែលយើងខិតខំប្រឹងប្រែង នៅក្នុងដំណាក់កាលកូវីដ-១៩ ដែលជាសក្ខីកម្ម នៃការរុញឲ្យឆ្នាំដំណើរការពីឆ្នាំ២០២២-២០២៣ អាចប្រព្រឹត្តទៅដោយរលូន លើចំណុចសំខាន់ៗចំនួន១២ ដោយធ្វើកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត សហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីរួមកម្លាំងគ្នាអនុវត្តផែនការមេឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ។ យើងបន្តដោះស្រាយបញ្ហាដែលវានៅសេសសល់ ដូចជាការត្រៀមលក្ខណៈនៅក្នុងការរៀបចំឡើងវិញ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយពីបិទបញ្ចប់នៅកន្លែងព្យាបាលជំងឺកូវីដ-១៩ ដែលយើងត្រៀមសម្រាប់ការប្រកួត ស៊ីហ្គេមរបស់យើង ។


ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ស្តីពីការធ្វើផែនការបម្រុងបង្ការហានីភ័យ នៅក្នុងផែនការណាមួយ ដែលផែនការបម្រុងនោះនឹងអាចយកទៅកែឆ្នៃ និងឆ្លងថ្នាក់ដឹកនាំ គឺយើងអាចយកទៅអនុវត្តសម្រួចគោលដៅរបស់យើងឲ្យមានប្រសិទ្ធភាព និងដំណើរការដោយរលូន ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ជាមួយគ្នានោះ យើងក៏បានស្តាប់ប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានគណៈកម្មការសន្តិសុខ-សណ្តាប់ធ្នាប់ នៃ CAMSOC ដែលបានបង្ហាញនូវភាពហ្មត់ចង់នៃវឌ្ឍនភាពការងារ ដោយរៀបចំផែនការច្បាស់លាស់អំពីការរៀបចំសន្តិសុខ-សណ្តាប់ធ្នាប់ជាតិ និងអន្តរជាតិ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ ៕ (រូបភាព Camsoc )

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner