ឯកឧត្តម ងួន រតនៈ ចុះពិនិត្យផ្លូវកៅស៊ូ DBST.មួយខ្សែ ប្រវែងជិត ១២គម. ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលគ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរ ឆាប់ៗនេះ

        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានចុះពិនិត្យមើលពីវឌ្ឍនភាពក្នុងការអនុវត្តគម្រោងសាងសង់ផ្លូវកៅស៊ូDBSTមួយខ្សែ ប្រវែងជិត១២គមស្ថិតនៅក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ដែលបានស្ថាបនា និងធ្វើការកែលម្អពីផ្លូវលំជដីដានរទេះតាមបណ្តោយប្របស្ទឹងសង្កែ ត្រើយខាងកើត ដែលកន្លងមកទទួលរងការខូចខាតដោយទឹកជំនន់និងបាក់ច្រាំងជាបន្តបន្ទាប់ប៉ុន្មានឆ្នាំកន្លងមកនេះ។ ត្រូវបានរដ្ឋបាលខេត្តផ្តល់ការជួសជុលឡើង ដែលគ្រោងនិងបញ្ចប់នូវការស្សង់ជាស្ថាពរនូវផ្លូវកៅស៊ូ DBST មួយខ្សែនេះ ក្នុងពេលឆាប់ៗនេះ។

       នេះបើតាមការចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវមួយខ្សែនៅទីតាំងខាងលើ នៅវេលារសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា៖ផ្លូវប្រភេទDBSTមួយខ្សែដែលមានប្រវែងប្រមាណជិត១២គម.ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងអំឡុងខែកុម្ភៈឆ្នាំ២០២១កន្លងទៅនេះ។

     ក្នុងការចុះទៅពិនិត្យមើលនូវការសាងសង់ផ្លូវនេះ ក៏មានវត្តមាន អមដំណើរពីអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗមួយចំនួន។ក្នុងនោះក៏មានវត្តមាន លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ព្រមទាំងមន្ត្រីក្នុងមូលដ្ឋានផ្ទាល់ផងដែរ។

      កន្លងមក ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចាត់ទុក ផ្លូវមួយខ្សែនេះគឺ៖ជាផ្លូវសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ក្មុងការជួយសម្រួលដល់ការដឹកជញ្ជូន នូវកសិផល របស់បងប្អូនប្រជាកសិករនៅទីនេះដើម្បីទៅកាន់ទីផ្សារ។ហើយនៅពេលដែលផ្លូវនេះរួចរាល់ជាស្ថាពរវានិងជួយកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន ហើយតម្លៃសេវានិងសោយដឹកជញ្ជូនក៏ធូរថ្លៃ និងបានថោកជាងមុនផងដែរ។ដែលទាំងនេះគឺជាការរួមចំណែកក្នុងការកាត់បន្ថយ នូវភាពក្រីក្រ របស់ប្រជាពលរដ្ឋបានមួយកម្រិត និងថែមទាំងជួយលើកស្ទួយនូវកម្រិតជីវភាពរស់នៅបងប្អូនបានកាន់តែល្អប្រសើរថែមទៀតផងដែរ។

          ឯកឧត្តម ងួន រតនៈ ក៏ធ្លាប់បានគូសបញ្ជាក់ផងដែរថា៖នៅពេលដែលយើងមានផ្លូវ មានទឹក មានភ្លើង គឺយើងមានក្តីសង្ឃឹម និងមានការអភិវឌ្ឍន៍។ ឯកឧត្តមបានបន្ថែមទៀតថានៅទីនេះយើងមានប្រភពទឹកស្ទឹងសង្កែដើម្បីធ្វើការដាំដុះនិងស្រោចស្រពលើដំណាំចម្ការផ្សេងៗរបស់បងប្អូន និងមានភ្លើងអគ្គីសនី តែអ្វីដែលបងប្អូនត្រូវការនិងជាតម្រូវការចាំបាច់ គឺពួកគាត់ចង់បានផ្លូវល្អ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនកសិផលពួកគាត់ទៅកាន់ទីផ្សារ។ដោយមើលឃើញពីតម្រូវការចាំបាច់និងសំណូមពរដ៏ទទូចរបស់អាជ្ញាធរស្រុកឯកភ្នំ ទើបរដ្ឋបាលខេត្តបាត់ដំបង ពិនិត្យលទ្ធភាពក្នុងការផ្តល់ នូវ ផ្លូវកៅស៊ូDBST.មួយខ្សែនៅទីនេះ។

        ឯកឧត្តមអភិបាល ខេត្តបាត់ដំបង ងួន រតនៈ បានចាត់ទុកផ្លូវមួយខ្សែនេះ គឺជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនេះកន្លងមក។ផ្លូវមួយខ្សែនេះ វាក៏ផ្តល់នូវសារៈប្រយោជន៍សំខាន់ក្នុងការជួយបញ្ចៀសពីទឹកជំនន់ស្ទឹងសង្កែ ក្នុងរដូវវស្សាផងដែរ ដែលតែងតែធ្វើឲ្យលិចលង់បំផ្លាញដល់ដំណាំស្រូវ និង ដំណាំចម្ការនៅទីនេះប្រមាណ ២.០០០ ហិកតា ទៀតផង។ ហើយផ្លូវមួយខ្សែនេះមិនត្រឹមតែបានផ្លូវនោះទេ?គឺថែមទាំងបានស្ពានថ្មថ្មីដែលភ្ជាប់ជាមួយទ្វារទឹកដើម្បីស្ទាក់និងទប់ទឹកជំនន់ជន់លិចពីទឹកស្ទឹងសង្កែនៅក្នុងរដូវវស្សាផងដែរ។

       តាមការគូសបញ្ជាក់ ពិលោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តបាត់ដំបង បានឲ្យដឹងថា៖ផ្លូវកៅ ស៊ូDBSTមួយខ្សែប្រវែងជាង១១គម និងទទឹងផ្លួវ ០៦ម៉ែត្រ ក្នុងនោះប្រអប់លូ ០២កន្លែង រួមនិងស្ពានថ្ម០១កន្លែង ដែលភ្ជាប់និងទ្វារទឹកសម្រាប់ស្ទាក់ទប់ទឹកជំនន់នៅក្នុងរដូវវស្សា ហើយគម្រោងនេះគឺ ថវិកាអភិវឌ្ឍ របស់រដ្ឋបាលខេត្តបាត់ដំបង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner