អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា ឆ្លើយតបចំពោះប្រតិកម្មរបស់អគ្គរដ្ឋទូតអាមេរិក ករណីលោក រ៉ុង ឈុន

ភ្នំពេញៈ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានឆ្លើយតបចំពោះប្រតិកម្មរបស់លោក Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានប្រតិកម្មចំពោះការកាត់ទោសលោក រ៉ុង ឈុនលើករណីញុះញង់អំពី បញ្ហាព្រំដែនកម្ពុជា-វៀតណាម។

យោងតាមប្រភពបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ឯកឧត្តម ជិន ម៉ាលីន បានថ្លែងថា «ភាគីណាក៏ដោយដែលចង់ជួយ ដល់ជនជាប់ចោទនេះ គឺគួរចូលរួមក្នុងនីតិវិធីតុលាការហើយបង្ហាញ សក្ខីកម្មឱ្យរឹងមាំមកកុំចេះតែចោទប្រកាន់ហើយអត់មានភស្តុតាងសក្ខីកម្មក្នុងការដោះបន្ទុក ហើយធ្វើការប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀតទៅ ដើម្បីការពារតាមផ្លូវច្បាប់»។

ការឆ្លើយតបនេះបានធ្វើឡើងបន្ទាប់ពី អគ្គរដ្ឋទូតអាមេរិកប្រតិកម្មចំពោះការកាត់ទោស លោក រ៉ុង ឈុន មេដឹកនាំសហជីពដែល មាននិន្នាការគាំទ្រអតីតគណបក្ស។ លោក Patrick Murphy បាននិយាយថា «ការផ្តន្ទាទោសដោយតុលាការលើលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពដ៏គួរឱ្យគោរព នៅថ្ងៃនេះ ធ្វើឱ្យមានការចោទសួរយ៉ាងខ្លាំង ទៅលើសេរីភាពក្នុងការបញ្ចេញមតិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រព័ន្ធតុលាការ មិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសំឡេង សកម្មជនសន្តិភាពទេ»។

ប្រភពដដែលបន្តថា ការលើកឡើងរបស់លោក រ៉ុង ឈុន មិនបានផ្អែកទៅតាមទិដ្ឋភាពច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាទាល់តែសោះ។ ករណីលោក រ៉ុង ឈុន មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ ដែលសមត្ថកិច្ចមានភស្តុតាង មូលដ្ឋានផ្លូវច្បាប់រឹងមាំ ក្នុងការដំណើរការតាមនីតិវិធីតាមផ្លូវតុលាការ ហើយសម្រេចផ្តន្ទាទោសហើយការប្រើប្រាស់ ប្រព័ន្ធតុលាការក្នុងដំណើរការនីតិវិធីចំពោះបទល្មើស ក៏ដូចជាផ្តន្ទាជនល្មើស មិនមែនជាការរឹតត្បិត ឬគាបសង្កត់ទៅលើ សិទ្ធិសេរីភាព ប៉ុន្តែវាជាមធ្យោបាយតាមផ្លូវច្បាប់ ក្នុងការលើកតម្កើងសិទ្ធិសេរីភាព នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋទៅវិញទេ»។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រម ដោយកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំមុន។ ក្រៅពីកាត់ទោសលោក រ៉ុង ឈុន សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀតដែលចូលរួមទាមទារឱ្យដោះលែងមេសហជីពនេះនោះគឺលោក តុល និមល និងកញ្ញា ស កណិ្ណកា ឱ្យជាប់ពន្ធនាគារ២០ខែផងដែរ។ ជនទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ម្នាក់២លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែនសរុបចំនួន៤០០លានរៀលផងដែរ។

លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។

បន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់ លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ ចំពោះការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner