ថៃមិនឲ្យនាវាជប៉ុនផ្ទុកមនុស្សជាង២ពាន់នាក់ចូលចត បារម្ភពីវីរុសកូរ៉ូណា
ថៃនឹងមិនអនុញ្ញាតឲ្យនាវាទេសចរណ៍១គ្រឿងមកពីជប៉ុនចូលចតនៅកំពង់ផែ Laem Chabang ប៉ុន្តែប្រកាសត្រៀមផ្តល់ជំនួយមនុស្សធម៌និងសេវាសុខាភិបាល ខណៈមានផ្ទុះជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាថ្មី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ Anutin Charnvirakul បានឲ្យដឹងថា លោកបានប្រាប់ទៅអាជ្ញាធរដោយផ្ទាល់ មិនឲ្យនាវាឈ្មោះថា Westerdam ១គ្រឿងនេះចូលចតនៅប្រទេសថៃទេ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយក៏ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការដឹកជញ្ជូនផងដែរនោះបានប្រតិកម្មបែបនេះ ក្រោយពេលបានទទួលព័ត៌មានកាលពីថ្ងៃចន្ទថា នាវា១គ្រឿងនេះនឹងនាំអ្នកដំណើរចូលចតកំពង់ផែសមុទ្រទឹកជ្រៅ ក្នុងខេត្ត Chon Buri នៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈស្អែកនេះ។
នាវាផ្ទុកមនុស្ស២២៥៧នាក់ ១គ្រឿងនេះគ្រោងនឹងចូលចតកំពង់ផែ Naha នៅតំបន់ អូគីណាវ៉ាដែរ ប៉ុន្តែជប៉ុនបដិសេធមិនឲ្យចត ដោយសារតែមានអ្នកដំណើរម្នាក់សង្ស័យថាបានឆ្លងវីរុសកូរ៉ូណា។ នាវានេះក៏ត្រូវបានបដិសេធមិនឲ្យចូលចតនៅក្រុងម៉ានីឡា ប្រទេសហ្វីលីពីន និងតំបន់កោះ Guam សហរដ្ឋអាម៉េរិកផងដែរ៕