អាហ្វហ្គានីស្ថាន៖ ជ័យជម្នះរបស់តាលីបង់ផ្លាស់ប្ដូររបត់នយោបាយក្នុងតំបន់

ខណៈ​ដែល​វត្តមាន​របស់​កង​ទ័ព​បរទេស​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ដក​ថយ​ តាលីបង់​បាន​បង្កើន​ការ​គ្រប់​គ្រង​របស់​ខ្លួន​យ៉ាង​រហ័ស​លើ​ទឹកដី​អាហ្វហ្គានីស្ថាន​រហូត​វាយ​បាន​ក្រុង​ទីកាប៊ុល​កាល​ពី​ចុង​សប្ដាហ៍​មុន​ បើ​ទោះ​បី​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​ មាន​កង​កម្លាំង​ត្រឹម​តែ​ប្រមាណ​ជាង​ ៨០ ០០០ ​ប៉ុណ្ណេះ​ ដែល​ជា​ចំនួន​​ខុស​គ្នា​ដាច់​ឆ្ងាយ​ធៀប​ទៅ​​នឹង​កង​កម្លាំង​របស់​អតីត​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​និរទេស​ខ្លួន​លោក​​  Ashraf ​Ghani​ ។

ការ​ដណ្ដើម​​យក​បាន​យ៉ាង​រហ័ស​របស់​ក្រុម​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ និង​ការ​ទូត​នៅ​ទូទាំង​ពិភព​លោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​ទី​ក្រុង​កាប៊ុល​ ប្រទេស​នានា​បាន​ប្រញាប់​ប្រញាល់​ជម្លៀស​អ្នក​ការ​ទូត​ ​និង​ពលរដ្ឋ​របស់​ខ្លួន​ ដោយ​រត់​ចោល​​ការងារ​ និង​ការ​វិនិយោគ​​រយៈ​ពេល​ពីរ​ទសវត្សរ៍​​មក​នេះ​។​

​ចលនា​របស់​តាលីបង់​ ទំនង​ជា​បណ្តាល​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​ខាង​ត្បូង​គួរ​ឱ្យ​កត់​សម្គាល់​​ ​ ហើយ​វា​ក៏​អាច​ជា​ការ​សាក​ល្បង​​ពិសេស​សម្រាប់​ឥណ្ឌា ​ដោយ​សារ​ទំនាក់​ទំនង​តាន​តឹង​ជា​ប្រវត្តិសាស្រ្ត​របស់​​ប្រទេស​នេះ​។​ បញ្ហាដែ​ល​សំខាន់​នោះ​គឺ​ ជម្លោះ​ព្រំដែន​រវាង​ឥណ្ឌា​ និង​ប៉ាគីស្ថាន-ចិន​ ខណៈ​ដែល​ប្រទេស​ជិត​ខាង​ឥណ្ឌា​ទាំង​ពីរ​ត្រូវ​បាន​គេ​រំពឹង​ថា​​ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នាពេល​អនាគត​។​

​ប៉ាគីស្ថាន​ដែល​មាន​ព្រំ​ប្រទល់​ជាប់​​អាហ្វហ្គានីស្ថាន​ ​ជា​អ្នក​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ផ្សេង​ៗ​នៅ​ភាគ​ខាង​ជើង​របស់​ប្រទេស​ជិត​ខាង​ខ្លួន​មួយ​នេះ​​​។ ​ទន្ទឹម​គ្នា​នោះ ​បច្ចុប្បន្ន​ចិន​ក៏​កំពុង​បង្ហាញ​ការ​ចាប់​អារម្មណ៍​ ក្នុង​ការ​ដើរ​តួនាទី​ធំ​ជាង​គេ​នៅ​អាហ្វហ្គានីស្ថាន​។​ កិច្ច​ប្រជុំ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក​ Wang Yi ​ជាមួយ​មេដឹកនាំ​តាលីបង់​ជាន់​ខ្ពស់​កាល​ពី​ខែ​មុន​ និង​ការ​ផ្ញើ​សារ​ចុងក្រោយ​ពី​រដ្ឋាភិបាល​ចិន​ក្រោយ​ជ័យ​ជម្នះ​របស់​តាលីបង​ បង្ហាញ​ថា​​ក្រុង​ប៉េកាំង​មិន​ចង់​ធ្វើ​ជា​អ្នក​លេង​ស្ងាត់​ៗ​ទៀត​នោះ​ទេ​។​

​លោក​ Gautam ​Mukhopadhaya ​អតីត​ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​​អាហ្វហ្គានីស្ថាន​ និង​ស៊ីរី​ ​និយាយ​ប្រាប់​សារព័ត៌មាន​ BBC ​ថា​៖​ «​ការ​រៀប​ចំ​ផែនការ​ភូមិសាស្ត្រ​នយោបាយ​ដែល​មាន​សក្តានុពល​នេះ​ អាច​ផ្លាស់​ប្តូរ​អ្វី​ៗ​​ឱ្យ​ទៅ​ជា​ក្រឡាប់​ចាក់​បាន​»​។​

​លោក​ថា​ អាហ្វហ្គានីស្ថាន​ គឺ​ជា​សម្ព័ន្ធភាព​យ៉ាងធូរ​រលុង​​រវាង​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​នៅ​កាប៊ុល​ លោក​ខាង​លិច​ និង​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដូច​ជា​ឥណ្ឌា​។​ ប៉ុន្តែ​ពិភព​លោក​ទំនង​ជា​ឃើញ​ប្រទេស​ប៉ាគីស្ថាន​ រុស្ស៊ី​ អ៊ីរ៉ង់​ និង​ចិន​រួម​គ្នា​ដើម្បី​លេង​វគ្គ​បន្ទាប់​នៃ​ល្បែង​ដ៏​អស្ចារ្យ​។​

​អ្នក​ខ្លះ​នៅ​ឥណ្ឌា​មើល​ឃើញ​ថា​ នេះ​ជា​ការ​បាត់បង់​មួយ​សម្រាប់​​ក្រុង​ញូវដែលី​ និង​ជា​ជ័យ​ជម្នះ​ដ៏​ធំ​មួយ​សម្រាប់​ក្រុង​អ៊ីស្លាម៉ាបាដ​។ ​យ៉ាង​ណា​មិញ​ អតីត​អ្នក​ការ​ទូត​ឥណ្ឌា​លោក​ Jitendra​ Nath​ Misra ​​​និយាយ​​ថា​​ វា​​គឺ​​ជា​​ទិដ្ឋភាព​សាមញ្ញ​ពេក​ ពី​ព្រោះ​​ថា​ការ​​មិន​​ដែល​​ទទួល​​ស្គាល់​​ព្រំដែន​​រវាង​​អាហ្វហ្គានីស្ថាន​​ និង​​ប៉ាគីស្ថាន​របស់​​តាលីបង់​​​ ​​អាច​​​បង្ក​​ជា​​ភាព​​មិន​​ស្រួល​សម្រាប់​ក្រុង​អ៊ីស្លាម៉ាបាដ​។​ លោក​ថា​ ប៉ាគីស្ថាន​ចង់​ឲ្យ​តាលីបង់​ទទួល​ស្គាល់​ព្រំដែន​ ហើយ​វា​នឹង​ក្លាយ​ជា​អាទិភាព​កំពូល​របស់​ខ្លួន​។​

​ទោះ​យ៉ាង​នេះ​ក្ដី​ វា​ក៏​ជា​ការ​ពិត​ដែល​ថា​ ការ​គ្រប់​គ្រង​របស់​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ ផ្តល់​យុទ្ធសាស្ត្រ​ស៊ី​ជម្រៅ​ឱ្យ​ប៉ាគីស្ថាន​ក្នុង​ការ​ប្រឆាំង​ជាមួយ​ឥណ្ឌា​។​ ​លោក​ Michael​ Kugelman ​អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ផ្ដល់​ប្រឹក្សា​គោល​នយោបាយ​ Wilson ​នៅ​វ៉ាស៊ីនតោន​ និយាយ​ថា​៖​ «​អ៊ីស្លាម៉ាបាដ​ទទួល​បាន​អ្វី​ដែល​ខ្លួន​តែង​តែ​ចង់​បាន​ គឺ​រដ្ឋាភិបាលមួយ​​នៅ​អាហ្វហ្គានីស្ថាន​ដែល​ខ្លួន​អាច​មាន​ឥទ្ធិពល​លើ​យ៉ាង​ងាយ​ស្រួល​»​។​

​ជាមួយ​គ្នា​នេះ​ ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ ប៉ាគីស្ថាន​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ទំនាក់​ទំនង​ដែល​កំពុង​កើន​ឡើង​រវាង​អាមេរិក​ និង​ឥណ្ឌា ​ឬ​ទំនាក់​ទំនង​មិន​ជិត​ស្និត​របស់​អតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ Ashraf​ Ghani ​ជាមួយក្រុង​​អ៊ីស្លាម៉ាបាដ​នោះទេ​។ បញ្ហា​សេដ្ឋកិច្ច​​របស់​ប្រទេស​ ក៏​​ធ្វើ​ឱ្យ​ប៉ាគីស្ថាន​មាន​អារម្មណ៍​ថា​ងាយ​រង​គ្រោះ​ដែរ​។​

​ខណៈនេះ​ ​ក្រុង​អ៊ីស្លាម៉ាបាដ​មាន​ហេតុផល​ដើម្បី​ជឿ​ជាក់​ថា​ ខ្លួន​ជា​អ្នក​ឈ្នះ ​ពី​ព្រោះ​ទំនាក់​ទំនង​មិន​ចេះ​ផ្លាស់​ប្រែ​របស់​ខ្លួន​​ជាមួយ​ចិន​ នឹង​មាន​ប្រយោជន៍​នៅ​អាហ្វហ្គានីស្ថាន​។​ ជាង​នេះ​ទៅ​ទៀត ​​ក្រុង​ប៉េកាំង​ក៏​មិន​មាន​ការ​ខ្មាស់​អៀន​ក្នុង​ការ​បង្ហាញ​ពី​កម្លាំង​របស់​ខ្លួន​តទៅ​ទៀត​ដែរ​។​ លោក​ Misra ​​និយាយ​​ថា​៖​ «​ឥឡូវ​នេះ ​ប្រទេស​ចិន​អាច​ និង​លេង​ល្បែង​តាម​វិធី​​របស់​ខ្លួន​ហើយ​»​។​

​​លោក​ Kugelman ​​និយាយ​ថា​ប្រទេស​ចិន​នឹង​មាន​ជំហរ​រឹងមាំក្នុ​ង​ការ​ស្វែង​រក​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​តាលីបង់​ដើម្បី​ផល​ប្រយោជន៍​សំខាន់​ពីរ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ រួម​មាន​ផល​ចំណេញ​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​មួយ​ខ្សែរ​ក្រវ៉ាត់​មួយ​ ​រួម​ទាំង​ការ​​ដាក់​សម្ពាធ​ដល់​ពួក​តាលីបង់​ក្នុង​ការ​ហាម​ឃាត់​ចលនា​អ៊ីស្លាម​ទួគីស្តាន់​ខាង​កើត​ (ETIM) ​ជា​ចលនា​ដែល​ខ្លួន​ស្តី​បន្ទោស​ចំពោះ​ភាព​ចលាចល​នៅ​ក្នុង​ខេត្ត​ស៊ីនជៀន​​ មិន​ឱ្យធ្វើ​ប្រតិបត្តិ​​ការ​លើទឹក​​​ដី​អាហ្វហ្គានីស្ថាន​​។​

​រុស្ស៊ី និង​អ៊ីរ៉ង់​ ក៏​ហាក់​ដូចជា​ស្ថិត​នៅ​លើ​គន្លង​តែ​មួយ​ដែរ​ ពោល​គឺ​មិន​បាន​ដក​ស្ថាន​ទូត​របស់​ខ្លួន​ចេញ​ទេ​ ដោយ​អ្នក​ការ​ទូត​របស់​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​ធ្វើ​ការ​ក្នុង​ទីក្រុង​កាប៊ុល​។​

​ងាកមកក្រុង​ញូវដែលី​វិញ​ រដ្ឋាភិបាលក្រុង​នេះ​​​តែង​​តែ​​ចូល​រួម​​ក្នុង​​ការ​​ជំរុញ​​ទំនាក់​​ទំនង​​សន្តិសុខ​​ និង​​វប្បធម៌​​ ខណៈ​ដែល​ជន​ជាតិ​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​កំពុង​សិក្សា​ ធ្វើ​ការ​ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ឥណ្ឌា​​។​ អ្នក​ជំនាញ​ថា​ បញ្ហា​ប្រឈម​ធំ​បំផុត​ដែល​ឥណ្ឌា​នឹង​ត្រូវ​ជួប​គឺ​ ថា​តើ​ត្រូវ​ខ្លួន​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់​ឬ​អត់​។​ ការ​សម្រេច​ចិត្ត​នេះ​ នឹង​មាន​ភាព​តាន​តឹង​ជា​ពិសេស​ប្រសិន​បើ​ទី​ក្រុង​ម៉ូស្គូ​ និង​ទី​ក្រុង​ប៉េកាំង​ សម្រេច​ចិត្ត​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់​ក្នុង​ទម្រង់​ណា​មួយ​។​ ក្រុម​អ្នក​ជំនាញ​បន្ត​ថា​ ទីក្រុង​អ៊ីស្លាម៉ាបាដ​ទំនង​ជា​នឹង​ទទួល​យក​រដ្ឋាភិបាល​តាលីបង់​ជា​ផ្លូវការ​ដូច​កាល​ពី​ឆ្នាំ ​១៩៩៩ ​ដែរ​។​

លោក​ Kugelman ​និយាយ​ថា​ ឥណ្ឌា​មាន​ទំនាក់​ទំនង​ស្ថិរភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​មក​ហើយ​តាម​រយៈ​ការ​ផ្តល់​ជំនួយ​អភិវ​ឌ្ឍន៍​ជាដើម​ ហើយ​ការ​ផ្លាស់​ប្តូរ​អំណាច​ចុង​ក្រោយ​នេះ​ ធ្វើ​ឱ្យ​ទីក្រុង​ញូវដែលី​ស្ថិត​ក្នុង​ស្ថានភាព​យុទ្ធសាស្ត្រ​ដ៏​ស្វិត​ស្វាញ​។​

ចំណែក​ឯ​លោក ​Amalendu​ Misra ​សាស្រ្តាចារ្យ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ Lancaster ​និង​ជា​អ្នក​និពន្ធ​សៀវភៅស្តី​ពី​អាហ្វហ្គានីស្ថាន​ និយាយ​ថា​ វា​ជា​ការ​រឹត​បន្តឹង​ផ្នែកការ​ទូត​ដែល​ឥណ្ឌា​នឹង​ត្រូវ​តែ​ដើរ​។ ​លោក​ថា​ ​វា​ប្រហែល​ជា​ត្រូវ​ការ​យុទ្ធសាស្ត្រ​ ដើម្បី​ធានា​ថា​តំបន់​ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​នៅ​កាស្មៀ​ នឹង​មិន​ក្លាយ​ជា​ចំណុច​ប្រមូល​ផ្តុំ​បន្ទាប់​សម្រាប់​ក្រុម​មូចាហ៊ីដិន​ (Mujahideen) ទៀត​​នោះ​ទេ​។​

​ខណៈ​​អ្នក​ជំនាញ​និយាយ​ថា​ឥណ្ឌា​ត្រូវ​ការ​បន្ត​កិច្ច​សន្ទនា​ជាមួយ​តាលីបង់​ ប្រទេស​នេះ​ក៏​នឹង​ត្រូវ​សម្រេច​ចិត្ត​ថា​តើ​ខ្លួន​ចង់​ចូល​រួម​ក្នុង​ក្រុម​ប្រឆាំង​តាលីបង់​កម្រិត​ណា។​ លោក​ខាង​លិច​ ទំនង​ជា​បង្កើត​រណសិរ្ស​រួប​រួម​ដើម្បី​រក្សា​សម្ពាធ​លើ​ពួក​តាលីបង់​។ ​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​លោក​ បូរីស ​ចនសុន​ (Boris Johnson) ​បាន​អំពាវនាវ​រួច​ហើយ​សម្រាប់​ការ​ឆ្លើយ​តប​រួម​គ្នា​ចំពោះ​រដ្ឋាភិបាល​តាលីបង់​។​

ការណ៍នេះ​បង្ក​អោយ​មាន​​​លទ្ធភាព​ផ្សេង​ទៀត​ដូច​ជា​សម្ព័ន្ធ​ខាង​ជើង​ប្រមូល​ផ្តុំ​គ្នា​ ​ឬ​អាហ្វហ្គានីស្ថាន​ក្លាយ​ជា​កន្លែង​មួយ​​សម្រាប់​ការ​ប្រយុទ្ធ​ដណ្តើម​អំណាច​រវាង​ប្រទេស​លោក​ខាង​លិច​ដែល​ដឹក​នាំ​ដោយ​អាមេរិក​ និង​ក្រុម​រួម​គ្នា​មាន​ចិន​ រុស្ស៊ី ​និង​ប៉ាគីស្ថាន​។​​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner