អ្នកវិភាគ៖ ភាពមិនប្រាកដប្រជានយោបាយម៉ាឡេស៊ី ធ្វើឱ្យការស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩កាន់តែលំបាក
ស្ថានភាពនយោបាយក្នុងស្រុកម៉ាឡេស៊ីស្ថិតក្នុងសភាពកាន់តែមិនសូវប្រាកដប្រជាបន្តទៅទៀត ក្រោយពេលដែលលោក Muhyiddin Yassin លាលែងចេញតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃច័ន្ទកន្លងទៅ។ បុរសវ័យ ៧៤ឆ្នាំរូបនេះនៅបន្តធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់ព្រះមហាក្សត្រម៉ាឡេស៊ីតែងតាំងអ្នកថ្មីមកជំនួស។

ព្រះមហាក្សត្រ Abdullah បានបង្គាប់ឱ្យសភាជាន់ទាបម៉ាឡេស៊ីបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីឱ្យបានត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ខណៈព្រះអង្គនឹងប្រជុំជាមួយស៊ុលតង់នៃរដ្ឋនានារបស់ម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការតែងតាំងនាយករដ្ឋមន្ត្រីនៅថ្ងៃសុក្រ។
គិតត្រឹមថ្ងៃពុធ បេក្ខភាពនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមានពីររូបគឺ អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិក្នុងជំនាន់លោក Yassin លោក Ismail Sabri Yaakob ជាបេក្ខភាពមកពីគណបក្សអង្គការរួបរួមជាតិម៉ាឡេ ហៅកាត់ថា UMNO ដែលគណបក្សមួយនៃសម្ព័ន្ធគណបក្សកាន់អំណាច ចំណែកបេក្ខភាពមកពីគណបក្សប្រឆាំងគឺ អ្នកនយោបាយប្រឆាំងចាស់វស្សាលោក Anwar Ibrahim។ សភាជាន់ទាបម៉ាឡេស៊ី ត្រូវបានគេរំពឹងទុកថា នឹងធ្វើការបោះឆ្នោតជ្រើសរើសបេក្ខភាពមួយក្នុងចំណោមអ្នកនយោបាយទាំងពីររូបនេះ។
នេះជាការផ្លាស់ប្ដូរនយោបាយលើកទី២ ហើយក្នុងរយៈពេល ២ឆ្នាំ ដោយកាលពីឆ្នាំ២០២០ កន្លងទៅ នៅពេលដែលមានវិបត្តិកូវីដ-១៩កើតឡើង នៅម៉ាឡេស៊ីមានវិបត្តិនយោបាយមួយស្រេចទៅហើយ បន្ទាប់លោកមហាធីរ មហាម៉ាត់ ដែលជាអ្នកនយោបាយវ័យចំណាស់មួយរូប លាលែងពីតំណែងនាយករដ្ឋមន្ត្រី។
យ៉ាងណាមិញ ស្របពេលវិបត្តិកូវីដ-១៩ នៅតែបន្តផ្គួបផ្សំជាមួយស្ថានភាពនយោបាយមិនសូវជាមានស្ថិរភាព អ្នកជំនាញផ្នែកសេដ្ឋកិច្ចហាក់មានទុទិដ្ឋិនិយមនឹងទស្សនវិស័យសេដ្ឋកិច្ចម៉ាឡេស៊ីនាពេលអនាគត។
យ៉ាងណាមិញ សម្រាប់រយៈពេលខ្លីអ្នកជំនាញភាគច្រើនយល់ថា វិបត្តិនយោបាយម៉ាឡេស៊ីនៅមិនទាន់ជះផលប៉ះពាល់ធំដុំទេ ដល់សេដ្ឋកិច្ច តែកូវីដ-១៩ទៅវិញទេ ដែលនៅជាបញ្ហាដ៏ធំមួយ។
លោកបណ្ឌិត Sivapalan Vivekarajah ដៃគូជាន់ខ្ពស់នៃក្រុមហ៊ុន ScaleUp Malaysia ដែលជាក្រុមហ៊ុនពិគ្រោះយោបល់សម្រាប់ក្រុមហ៊ុន Start Up បានលើកឡើងថា «យើងមានភាពមិនប្រាកដប្រជានយោបាយរយៈពេល ១៨ខែមកហើយ ដែលអមជាមួយនឹងវិបត្តិជំងឺឆ្លង។ យើងក៏បានស្គាល់បញ្ហានយោបាយមួយរយៈដែរហើយ ហើយជំនួញធុរកិច្ចម៉ាឡេស៊ីនៅតែមានភាពធន់ ដូច្នេះខ្ញុំមិនមើលឃើញថា មានភាពរអាក់រអួលណាធំដុំនោះទេ»។ លោកបានបន្ថែមថា «កូវីដ-១៩ នៅតែជាបញ្ហាធំ»។ នេះបើតាមការលើកឡើងរបស់លោកប្រាប់សារព័ត៌មាន Channel News Asia។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យម៉ាឡេស៊ី Sunway លោក Yeah Kim Leng បានប្រាប់សារព័ត៌មានខាងលើនេះថា ប្រសិនបើបញ្ហានយោបាយមិនដោះស្រាយឱ្យបានឆាប់នោះទេ អស្ថិរភាពនយោបាយអាចនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចម៉ាឡេស៊ី។
លោកបានលើកឡើងថា «បញ្ហានយោបាយនេះនឹងធ្វើឱ្យប៉ះពាល់ដល់សក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសនៅរយៈពេលមធ្យម និងរយៈពេលវែង ដោយសារតែសហគ្រិន វិនិយោគិននានា ចៀសវាងពីម៉ាឡេស៊ី ឬ ផ្លាស់ប្ដូរទិសដៅទោកាន់ប្រទេសផ្សេង»។
ស្រដៀងគ្នានេះដែរ លោក Andrew San នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Amundi ម៉ាឡេស៊ីបានប្រាប់សារព័ត៌មាន South China Morning Post ថា ស្ថានការណ៍នយោបាយនៅម៉ាឡេស៊ីនៅពេលនេះ ជាប្រភពនៃភាពមិនប្រាកដប្រជានៃទីផ្សារ ដែលធ្វើឱ្យការអនុវត្តគោលនយោបាយរដ្ឋាភិបាលមិនមានប្រសិទ្ធភាពទោលើវិស័យមួយចំនួនដូចជា វិស័យសំណង់ ប្រព័ន្ធទូរគមនាគមន៍ និងវិស័យថាមពល។
លោកបានបន្ថែមថា «នេះជាកត្តាដ៏ធំមួយ ដែលវិនិយោគិនចៀសវាងពីទីផ្សារម៉ាឡេស៊ី និងទៅទីផ្សារនៅប្រទេសណា ដែលមានភាពទាក់ទាញជាង»។ លោក San យល់ថា ទីផ្សារនោះមាននៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរី។
ជាមួយនឹងស្ថានភាពនយោបាយមិនសូវល្អ លោកសាស្ត្រាចារ្យ Yeah លើកឡើងថា ជំនួញ និងធុរកិច្ចនានានៅម៉ាឡេស៊ីត្រូវតែដាក់ចេញនូវយុទ្ធសាស្ត្រ ក្នុងការឆ្លើយតបនឹងសេណារីយ៉ូនានា ដែលកើតចេញពីវិបត្តិកូវីដ-១៩ វិបត្តិនយោបាយ និងស្ថានភាពសេដ្ឋកិច្ច ដែលនឹងវិវត្តក្នុងរយៈពេល ១ឆ្នាំ ឬ ២ឆ្នាំខាងមុខនេះ៕