ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ពីការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube”
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាប ជូនដំណឹងដល់សាធារណជន ជាពិសេស អ្នកផលិតមាតិកា YouTube ឬអ្នកដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកា YouTube មេត្តាជ្រាបថា ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Google និង YouTube ក្រសួង នឹងរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញ ផលិតមាតិកា YouTube (Be Professional YouTubers)” តាមរយៈប្រព័ន្ធវីដេអូ (Google Meet) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Jean Jacque Sahel អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុង និងក្រៅប្រទេសផងដែរ ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖
១. ជំរុញឱ្យមានការផលិតមាតិកាវីដេអូ កាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេស លើកស្ទួយដល់ការផលិតមាតិកាវីដេអូ ប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ
២. ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់ អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកា ដែលអាចរកចំណូលបាន
៣. ទទួលបានការចែករំលែកបទពិសោធល្អៗ ពីអ្នកផលិតមាតិកា YouTube ល្បីៗ ដែលមានអ្នកគាំទ្រ (Subscriber) ច្រើន នៅក្នុងនិងក្រៅប្រទេស ៕