ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ៤០គ្រួសារ ក្នុងស្រុកមង្គលបូរី បានទទួលស្បៀងអាហារជំនួយឧបត្ថម្ភ ពីអង្គការ និងសមាគមសប្បុរស ធម៌
បន្ទាយមានជ័យ ៖
ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ៤០គ្រួសារ នៅ៣ឃុំ មានឃុំ១,ឃុំចំណោម ឃុំភ្នំតូច និងស្រះរាំង ក្នុងស្រុកមង្គលបូរី ទទួលអំណោយជាស្បៀងអាហារ ជំនួយឧបត្ថម្ភពីអង្គការ អេដ អេ អាក់ស្យុង និងពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលមានលោក ជាម សុខ ប្រធាន កាលពីថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោក ឆឹង ណាវុន ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានថ្លែងអំណរគុណចំពោះ អង្គការ អេដ អេ អាក់ស្យុង និងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលមាន លោក ជាម សុខ ប្រធាន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាស្រុកមង្គលបូរី ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩ ។
លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ បញ្ជាក់ថា អំណោយទាំងនេះបានមកពីគម្រោងខ្នាតតូចដែលលើកឡើងដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិសាត់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ នៅថ្នាក់មូលដ្ឋាន ។
ជាពិសេស សហការណ៍ជាមួយងអង្គការ API និង AEA ដែលគាំទ្រថវិកាដោយសហភាពអ៊ឺរ៉ុប EU និងនាំយកទៅប្រគល់ជូនដោយសមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ។ អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ ១យួរ,ម៉ាស់ ១ប្រអប់ និងសាប៊ូដុះខ្លួន ១ដុំធំ ។ លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានបន្តអញ្ជើញចុះចែក កង់ និងសម្ភារៈសិក្សា ដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ចំនួន ៩ គ្រួសារ ស្ថិតនៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដោយមានការចូលរួមពី លោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះផងដែរ ៕ ដោយ ៖ ឃិន គន្ធា