រាជរដ្ឋាភិបាល​សម្រេច​បិទ​បញ្ចប់​ការអនុវត្ត “​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩” នៅ​ទូទាំងប្រទេស​

​ភ្នំពេញៈ​រាជរដ្ឋាភិបាល​សម្រេច​បិទ​បញ្ចប់​ការអនុវត្ត “​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩” នៅ​ទូទាំងប្រទេស តាម កាលបរិច្ឆេទ​កំណត់​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ នេះ​និង​សូម​ធ្វើ​ការណែនាំ ដល់​បណ្តា​គណៈ​អភិបាល រាជធានី​-​ខេត្ត ត្រូវ​បន្ត​ការអនុវត្ត​ការ​រឹតបន្តឹង​វិធានការ​សុខាភិបាល​, វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដោយ​ផ្អែក​តាម​សភាពការណ៍​វិ​វត្ត​ជាក់ស្តែង​នៃ​ជំងឺ​នេះ​ក្នុងភូមិ​សាស្ត្រ​រាជធានី​-​ខេត្ត​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​ស្ដីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០២១​នេះ​។​

​សេចក្តីណែនាំ​បានបញ្ជាក់​ថា កន្លងមកនេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាល ដាល​នៃ ជំងឺ​កូ​វីដ​-១៩ ជាពិសេស ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បណ្តាលមកពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ និង បន្ត​អនុវត្ត​នូវ យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំង ប្រទេស រយៈពេល ២១ ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ ដោយបាន​ដាក់ ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន ដែល​ត្រូវអនុវត្ត​ជាបន្ទាន់ ព្រមៗ​ពេល​ជាមួយគ្នា​នៅ​ទូទាំងប្រទេស ក្នុង យុទ្ធនាការ​នេះ សំដៅ​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​ជារួម ការអនុវត្ត​ដោយ​ម៉ឺងម៉ាត់ និង​តឹងរឹង​នូវ​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ​និង​ទប់ស្កាត់​ជំងឺ កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស រយៈពេល ២១ ថ្ងៃ កន្លងមកនេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន លទ្ធផល​វិជ្ជមាន​ដោយបាន​ជួយ​ដល់​ការ គ្រប់គ្រង និង​ការ​ពន្យារពេលបាន​មួយកម្រិត​នូវ​ការឆ្លង​រាលដាល ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta)​។ ជាក់ស្ដែង​, ការវិវត្ត​សភាពការណ៍ ក្នុង​រយៈពេល ២ សប្តាហ៍​ចុងក្រោយ​នេះ បង្ហាញថា អត្រា​នៃ​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​-១៩ និង​អត្រា​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​មធ្យម​ក៏ដូចជា​អត្រា​អ្នក ស្លាប់​ដោយសារ​ជំងឺ​នេះ មាន​ទិន្នាការ​ថេរ ហើយ ទន្ទឹមនេះ អត្រា​អ្នកជា​សះស្បើយ​ក៏មាន​ការកើនឡើង បើទោះបីជា​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) បាន​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ក្នុង​ចំនួន​កាន់តែ​ច្រើនឡើងៗ ហើយ​បច្ចុប្បន្ន បាន​រីក​រាលដាល​រហូត​ទៅដល់ ២៣ រាជធានី​-​ខេត្ត ក្តី​។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ជាមួយនឹង​ការរកឃើញ​ជា​បន្តបន្ទាប់​ក្នុង​ចំនួន​ច្រើន និង​នៅ ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​, លទ្ធភាព​នៃ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេលខាងមុខ​នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) នេះ នៅ​បន្ត​ជា​បញ្ហា​ប្រឈម​ចំពោះមុខ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់​កម្ពុជា​។​

​យោងតាម​សេចក្ដីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​លេខ ០៤ ស​ណន ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១​ការអនុវត្ត “​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩- ត្រូវ​បញ្ចប់​នៅ​ថ្ងៃ ទី​១៩ ខែសីហា ឆ្នាំ​២០២១ នេះ​។ ប៉ុន្តែ ដោយសារ​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​យុទ្ធនាការ​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល ២១ ថ្ងៃ កន្លងមកនេះ បាន រួមចំណែក​ដ៏​សំខាន់ ក្នុង​ការជួយ​ទប់ស្កាត់បាន​មួយកម្រិត​នូវ​ល្បឿន​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល (Delta) ក្នុង​សហគមន៍ ហើយ​វិធានការ​ទាំងនេះ​ក៏​មិនបាន​ធ្វើឱ្យប៉ះពាល់​ជា​ដុំកំភួន​ដល់​សកម្មភាព​ខាង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ក៏ដូចជា​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​រាជរដ្ឋាភិបាល យល់ឃើញថា វិធានការ​ទាំងនេះ​នៅតែ​ជា​វិធានការ​គន្លឹះ និង​មាន​ភាពចាំបាច់​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ន ជំងឺ​កូ​វីដ​-១៩ ជាពិសេស ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​ប្រភេទ Delta ក្នុង​សហគមន៍​។​

​ដោយ​ពិនិត្យឃើញថា ស្ថានភាព​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ នៅតាម​បណ្ត រាជធានី​-​ខេត្ត​នីមួយៗ មាន​លក្ខណៈខុសៗ​គ្នា​, ដូចនេះ រាជរដ្ឋាភិបាល សម្រេច​បិទ​បញ្ចប់​ការអនុវត្ត “​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩” នៅ​ទូទាំងប្រទេស តាម កាលបរិច្ឆេទ​កំណត់​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ នេះ និង​សូម​ធ្វើការ​ណែនាំ​ដល់​បណ្តា​គណៈ​អភិបាល រាជធានី​-​ខេត្ត​ត្រូវ​បន្ត​ការអនុវត្ត​ការ​រឹតបន្តឹង​វិធានការ សុខាភិបាល​, វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ ផ្អែក​តាម​សភាពការណ៍​វិ​វត្ត​ជាក់ស្តែង​នៃ​ជំងឺ​នេះ ក្នុងភូមិ​សាស្ត្រ​រាជធានី​-​ខេត្ត​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន​ក្រោម​ការសម្របសម្រួល​រប​ស់​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​អន្តរក្រសួង និង​អនុគណៈកម្មការ​ដែលមាន ការពាក់ព័ន្ធ​។​

​ទទួលបាន​សេចក្ដីណែនាំ​នេះ គ្រប់​ក្រសួង​-​ស្ថាប័ន គណៈ​អភិបាល​រាជធានី​-​ខេត្ត និង​គណៈ​ប្រតិបត្តិ នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​យន្តការ​ដែលមាន​ការពា​ក់​ព័ន្ធ​ផ្សេងទៀត ត្រូវ​ផ្សព្វផ្សាយ​និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner