អ្នកនាំពាក្យក្រសួងយុត្តិធម៌ឆ្លើយតបទៅអគ្គរដ្ឋទូតអាមេរិកនិងសង្គមស៊ីវិលជុំវិញសាលក្រមកាត់ទោស រ៉ុង ឈុន
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបង្ហាញហេតុផលថា ការប្រតិកម្មរបស់អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក៏ដូចជាក្រុម អង្គការសង្គមស៊ីវិលមួយចំនួនតូចរឿងតុលាការកាត់ទោសជន ជាប់ចោទ រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ គឺមិនមានទម្ងន់ផ្នែកផ្លូវច្បាប់ និងគ្មានសម្ពាធអ្វីទៅលើតុលាការ ដែលជាស្ថាប័នឯករាជ្យនោះដែរ។

ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី១៩ ខែសីហានេះ ថា ការសម្រេចផ្តន្ទាទោសទៅលើជនជាប់ ចោទ រ៉ុងឈុន និងបក្ខពួកពីរនាក់ គឺជាដំណើរ ការនីតិវិធីធម្មតាតាមផ្លូវតុលាការ។ កាលណាមានបទល្មើសកើត ឡើងមានដំណើរការនៃការស៊ើបអង្កេត មានការចោទ ប្រកាន់ហើយ ឈានទៅការផ្តន្ទាទោស។ ជានីតិវិធីច្បាប់ជនដែលត្រូវ ផ្តន្ទាទោសនោះ បើសិនមិនសុខចិត្ត ទៅនឹងការ សម្រេច របស់តុលាការដែល ជាសាលាដំបូងនោះទេ គឺ អាចមានសិទ្ធិប្តឹងឧទ្ធរណ៍តទៅទៀតបាន ដើម្បីធ្វើការការពារខ្លួនតាមផ្លូវច្បាប់។
ឯកឧត្តមពន្យល់ថា ចំពោះភាគីដទៃ ដែលមិនមែនជាតុលាការ និងភាគីខាងក្រៅ គឺអាចសម្តែងនូវការយល់ ឃើញរៀងៗខ្លួនទៅតាមទស្សនៈទៅតាមនិន្នាការនយោបាយរបស់គេរៀងៗខ្លួន។ តែទោះជាយ៉ាងណាភាគីទាំងនោះ គឺជាភាគីខាងក្រៅទេ ហើយការយល់ឃើញយ៉ាងណានោះ គឺមិនមានទម្ងន់ផ្នែកផ្លូវច្បាប់ ឬក៏មិនមានសម្ពាធអ្វីទៅលើតុលាការដែល ជាស្ថាប័នឯករាជ្យនោះដែរ។ការ យល់ឃើញទាំងអស់នេះ គឺមិនអាចជួយដល់ជនជាប់ចោទ បាន ឡើយ។ មធ្យោបាយ ផ្លូវច្បាប់ ដើម្បីជួយការពារជនជាប់ចោទមានតែមួយទេ គឺការចូលរួម ក្នុងដំណើរការនីតិ វិធី តុលាការធ្វើការបង្ហាញភស្តុតាង សក្ខីកម្មឲ្យបានរឹងមាំដោះបន្ទុកតទល់ ទៅនិងបទ ចោទដែលសមត្ថកិច្ចមានភស្តុតាង មាន មូលដ្ឋានរឹងមាំច្បាស់ លាស់ក្នុងការដំណើរការចោទ ប្រកាន់ និងផ្តន្ទាទោសនេះ។បើសិនជាយើងគ្រាន់ តែបង្ហាញ ទស្សនយល់ឃើញ គ្រាន់តែជាការចោទប្រកាន់ ហើយមិនមានអំណះអំណាង ទឡ្ហីករណ៍ ឬក៏សក្ខីកម្មភស្តុតាងផ្នែកច្បាប់រឹងមាំ ក្នុងការដោះបន្ទុក ហើយមិនចូលរួម ក្នុងដំណើរការនីតិ វិធីតុលាការ ការយល់ ឃើញវានៅគ្រាន់ តែជាការយល់ឃើញការចោទប្រកាន់វានៅគ្រាន់តែជាការចោទ ប្រកាន់ វាមិនមានទម្ងន់ផ្នែកច្បាប់ ហើយក៏មិនអាច ជួយអី ដល់ជនជាប់ចោទបានដែរ។ បើសិនជាអង្គទូត ឬក៏អង្គការសង្គមស៊ីវិល ឬក៏ក្រុមណាក៏ដោយដែល ចង់ជួយដល់ ជនជាប់ចោទនេះ គឺថាសូមចូលរួមដំណើរ ការនីតិវិធីតុលាការ ធ្វើ ការការពារខ្លួនតាមផ្លូវច្បាប់។ បានន័យថា ប្តឹងទាស់ ឬប្តឹងឧទ្ធរណ៍ទៅនិងការសម្រេចនេះ ហើយបង្ហាញ ភស្តុតាងឲ្យបានរឹងមាំក្នុងការដោះបន្ទុកដែល ជាមធ្យោបាយ តែមួយគត់ នៅក្នុងការការពារជនជាប់ចោទ”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា អ្វីដែលគេលើកឡើងការយល់ឃើញ ហើយការចោទប្រកាន់ទៅលើតុលាការរបស់កម្ពុជា ហើយភ្ជាប់អំពើល្មើសនេះទៅនិងការ អនុវត្តសិទ្ធិ គឺមិនត្រឹមត្រូវនោះទេ ពីព្រោះផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងបញ្ញត្តិច្បាប់របស់កម្ពុជា ការផ្តន្ទាទោសការចោទប្រកាន់នេះ មិនមែនដោយសារការអនុវត្ត សិទ្ធិទេ។ បើសិនជាអនុវត្តសិទ្ធិ វាមិនមែនជាបទល្មើសទេប្រជាពលរដ្ឋខ្មែរគេប្រើសិទ្ធិសេរីភាពរបស់ គេដោយសេរីគ្មាន អ្នកណាប្រឈមមុខនិងច្បាប់ ក៏ប៉ុន្តែ មួយក្រុមនេះមិនមែនជាការអនុវត្តសិទ្ធិនោះទេ គឺជាការប្រព្រឹត្តបទល្មើស ហើយ ដែលមានបញ្ញត្តិនៅក្នុងច្បាប់របស់កម្ពុជាហើយ សមត្ថកិច្ច គេមានភស្តុតាងមានមូលដ្ឋានផ្លូវច្បាប់រឹងមាំក្នុងការចោទ ប្រកាន់ដំណើរការនីតិវិធី និងឈានទៅដល់ការផ្តន្ទាទោសកាលពីម្សិលមិញនេះ។
ទាក់ទងការលើកឡើងរបស់ក្រុម សង្គមស៊ីវិល ក៏ដូចមជ្ឈដ្ឋានមួយចំនួនតូចលើការកាត់ ទោសជនជាប់ចោទ រ៉ុង ឈុន និងបក្ខពួកនេះត្រូវបានអ្នកនាំពាក្យបាន អះអាងថា “វាជាទម្លាប់របស់អង្គការសង្គមស៊ីវិលមួយក្តាប់តូចនៅកម្ពុជា ដែល តែងតែភ្ជាប់ការអនុវត្ត ច្បាប់ទៅ និងការប្រើប្រាស់ សិទ្ធិ សរីភាព។ ទម្លាប់របស់ក្រុមនេះ គឺតែងតែ វិនិច្ឆ័យ និងសន្និដ្ឋានទៅលើរូបភាព ខាងក្រៅ និងទៅតាមរបៀបវារៈនយោបាយ របស់គេ បានន័យថា បើសិនសមត្ថកិច្ចអនុវត្ត ច្បាប់ទៅលើក្រុមគោលដៅរបស់គេ ដូចជាសកម្មជននយោបាយ ឬក៏សកម្មជនរបស់ក្រុមគេ គឺគេតែងតែធ្វើការ ចោទប្រកាន់វាយតម្លៃថាជាការរំលលោភបំពានសិទ្ធិ សេរីភាព ក៏ប៉ុន្តែ គេអត់មានបានធ្វើការវិភាគ ឬក៏អត់មានមូលដ្ឋានផ្នែក ច្បាប់ណារឹងមាំច្បាស់លាស់ ក្នុងការការពារអំណះអំណាង ឬក៏ការចោទប្រកាន់របស់គេនោះទេ ក្រៅតែពីការចោទ ប្រកាន់ថា អ្នកនឹងជាសកម្មជននយោបាយ ជាសកម្មជន សិទ្ធិមនុស្ស។ អ៊ីចឹងអនុវត្តច្បាប់
ទៅលើសកម្មជនទាំងអស់នោះ គឺជាការរំលោភសិទ្ធិ។ ប៉ុន្តែគេអត់បាន ធ្វើការវិភាគវែកញែកផ្លូវច្បាប់ថា តើសកម្មភាពទាំងអស់នោះវាបង្កើតបានទៅជាបទល្មើសទៅតាមច្បាប់ របស់កម្ពុជា ដែរ ឬអត់ ហើយសមត្ថកិច្ចគេមានភស្តុតាងមូលដ្ឋានអីខ្លះ គេរកឃើញអីខ្លះបានជាឈានដល់ការចោទប្រកាន់ ហើយមានការផ្តន្ទាទោស។ គេអត់ខ្ចីរវីរវល់ ឬខ្វាយខ្វល់គិតគូរ ទៅលើបញ្ហា ផ្លូវច្បាប់ទាំងអស់នឹងទេ គេមើលតែរូបភាពខាងក្រៅ នឹងទៅតាមរបៀបវារៈនយោបាយរបស់គេតែប៉ុណ្ណោះ ហើយជាទម្លាប់របស់គេដែលគេតែងតែធ្វើជាហូរហែរកន្លងមក”។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមដោយ កាត់ទោសជនជាប់ចោទ រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់បង្កបញ្ហា នៅ ព្រំដែនកម្ពុជា – វៀតណាម ក្នុងខេត្ត ត្បូងឃ្មុំកាលពីឆ្នាំមុន ។ ក្រៅពីកាត់ទោស រ៉ុង ឈុន សាលាដំបូង រាជធានី ភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀត ដែលចូលរួម ទាមទារឱ្យដោះលែងមេសហជីពនេះនោះ គឺ ឈ្មោះ តុន និមល និងឈ្មោះ ស កណិកា ឱ្យជាប់ពន្ធនាគារ២០ខែ ។ ជន ទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ម្នាក់២លានរៀល និង បង្គាប់ឱ្យសងជំងឺចិត្ត ទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែន សរុបចំនួន ៤០០លានរៀលផងដែរ ។
លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ « ញុះញង់ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម » បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្ត បទល្មើសញុះញង់ បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ ពរំដែន កម្ពុជា – វៀតណាម ខេត្តត្បូងឃ្មុំ ។ ក្នុងពេលចុះទៅកាន់ព្រំដែន ខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជន ថា ការបោះបង្គោលព្រំដែន ថ្មី រវាងកម្ពុជា – វៀតណាម បានចូលដីកម្ពុជាប្រហែល៥០០ ម៉ែត្រ។
បន្ទាប់ពី មានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះ កិច្ចការ ព្រំដែនកម្ពុជា បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយ ចាត់ទុកថា ជាការ ផ្សាយព័ត៌មាន មិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត ក្នុង គោលបំណងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ចំពោះ ការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕
ដោយៈ ពលជ័យ