សម្តេចតេជោ នឹងថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅល្ងាចនេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថា បើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ នៅល្ងាចថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២១ ក្រោមប្រធានបទ «សូមពិភពលោក រួចផុតពីគ្រោះ នៃជំងឺរាតត្បាតសកលកូវីដ-១៩ និងអំពើ ជួញដូរមនុស្ស» ដើម្បីក្រើនរំលឹកផ្នែកស្មារតីដល់ប្រជាជន គ្រប់ជាតិសាសន៍ និងជំនឿសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ក៍ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្ដូរ ហើយសម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូដ ជាមួយនឹងការ ប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ សន្តោសប្រណី យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្ដីថ្លៃថ្នូរនៃមនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា ។

សូមបញ្ជាក់ថា យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឯ,ឧ ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋ ឲ្យបន្ដប្រុងប្រយ័ត្ន ពីជំងឺកូវីដ១៩ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អានសុន្ទរកថារួច ។

ក្នុងសេចក្ដីណែនាំ បានបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា ក៏បានណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner