Pacquiao ត្រៀមប្រកាសពីការសម្រេចចិត្ត ការឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន នៅខែកញ្ញា

លោក Manny Pacquiao នឹង​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ ជុំ​ការ​ឈរ​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ហ្វីលីពីន​នា​ខែ​កញ្ញា​ខាង​មុខ​នេះ។ ការ​លើកឡើង​បែប​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ចាញ់​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​សមាគម​ប្រដាល់​ពិភពលោក WBA ទល់​នឹង​កីឡាករ​ប្រដាល់​សញ្ជាតិ​គុយបា​លោក Yordenis Ugás កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ទាក់ទិន​នឹង​រឿង​ឈរ​ជា​ប្រធានាធិបតី​ សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​រូប​នេះ​បាន​ថ្លែង​ថា «ខ្ញុំ​នឹង​ធ្វើ​សេចក្ដី​ប្រកាស​ចុង​ក្រោយ​នៅ​ខែ​ក្រោយ​នេះ»។ លោក​បាន​បន្ថែម​ថា «ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​តែ​ប្រឈម​មុខ​នឹង​ពិភពលោក​ដ៏​ពិបាក​ជាង​ពិភព​ប្រដាល់​នេះ​ទៅ​ទៀត តែ​ខ្ញុំ​ចង់​ជួយ​ប្រជាជន​របស់​ខ្ញុំ»។

«ពួក​យើង​បាន​សម្រេច​ក្ដី​សុបិន​ក្នុង​នាម​ជា​អ្នក​ប្រដាល់។ ខ្ញុំ​ជា​អ្នក​ប្រដាល់​ទាំង​ក្នុង​សង្វៀន និង​ក្រៅ​សង្វៀន។ ខ្ញុំ​រីករាយ​នឹង​ត្រលប់​ទៅ​កាន់​ហ្វីលីពីន​វិញ ដើម្បី​បម្រើ​ប្រជាជន​របស់​ខ្ញុំ»។ នេះ​ជា​ការ​លើកឡើង​របស់​បុរស​វ័យ ៤២ឆ្នាំ នៅ​ក្នុង​សន្និសីទ​កាសែត​បញ្ចប់​ការ​ប្រកួត។

យ៉ាងណាមិញ មនុស្ស​ជា​ច្រើន រាប់​បញ្ចូល​ទាំង​សម្ព័ន្ធ​មិត្ត​នយោបាយ​របស់​លោក Pacquiao យល់​ស្របៗ​គ្នា​ថា កីឡាករ​ប្រដាល់​ដែល​ស្ថិត​ក្នុង​ដួង​ចិត្ត​របស់​ប្រជាជន​ហ្វីលីពីន​រូប​នេះ នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ២០២២។

លោក Monico Puentevella អ្នក​នាំពាក្យ​ផ្នែក​នយោបាយ​របស់​លោក Pacquiao បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា អ្នក​នយោបាយ​ហ្វីលីពីន​រូប​នេះ​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ហើយ។

លោក​បាន​និយាយ​នៅ​មុន​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា «គាត់ [Pacquiao] ត្រៀម​ខ្លួន​រួចរាល់​ហើយ។ គាត់​គ្រាន់​តែ​សម្លឹង​មើល​ពេល​មួយ​រយៈ​ ហើយ​គ្រាន់​តែ​ចង់​បញ្ចប់​ប្រកួត​មួយ​នេះ។ គាត់​ឱ្យ​ខ្ញុំ​ប្រាប់​អ្នក​គ្រប់​គ្នា​ថា គាត់​នឹង​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី»។

ងាក​មក​មើល​អំពី​ស្ថានភាព​នយោបាយ​ក្នុង​ស្រុក​ហ្វីលីពីន​នៅ​ពេល​នេះ​វិញ លោក Pacquiao កំពុង​តែ​មាន​ទំនាក់ទំនង​ប្រេះឆា​ជាមួយ​នឹង​លោក​ប្រធានាធិបតី Rodrigo Duterte ខណៈ​បុរស​ទាំង​ពីរ​រូប​នេះ​មាន​ទំនាក់ទំនង​ល្អូកល្អិន​ណាស់ នៅ​មុន​ឆ្នាំ២០២១​នេះ។

ទាំង​ Pacquiao និង Duterte សុទ្ធ​តែ​មក​កោះ​មិនដាណាវ ដែល​ជា​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ដូច​គ្នា។ បុរស​ទាំង​ពីរ​ក៏​ឃោសនា​នយោបាយ​ស្រដៀង​គ្នា​ទៅ​ទៀត ដោយ​ធ្វើ​ជា​អ្នក​ជួយ​បង្កើន​សំឡេង​របស់​ប្រជាជន​ហ្វីលីពីន​ធម្មតា តតាំង​នឹង​អ្នក​អភិជន​ជាន់​ដើម ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ជើង​ហ្វីលីពីន។

​ដំណើរ​នយោបាយ​របស់​លោក Pacquiao មាន​សភាព​រលូន​ និង​ឡើង​ខ្ពស់​បាន​យ៉ាង​លឿន។ លោក​ឡើង​ធ្វើ​ជា​សមាជិក​សភា​ជាន់​ទាប​របស់​ហ្វីលីពីន​នៅ​ឆ្នាំ២០១០ ហើយ​នៅ​ឆ្នាំ២០១៦ លោក​ក៏​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា ហើយ​ថែម​ទាំង​បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​លើ​ផ្នែក​សីលធម៌ និង​ភាព​ថ្លៃថ្នូរ​របស់​សមាជិក​ព្រឹទ្ធសភា។

លោក Duterte ក៏​ធ្លាប់​លើកឡើង​កាល​ពី​ឆ្នាំ២០១៧ ថា លោក​ចង់​ឃើញ​ លោក Pacquiao ធ្វើ​ជា​ប្រធានាធិបតី​ទៀត​ផង​។

លុះ​នៅ​ខែ​ធ្នូ​ ឆ្នាំ២០២០ លោក​ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ ប្រជាធិបតេយ្យ​ហ្វីលីពីន និង​អំណាច​ប្រជាជន ដែល​គេ​ច្រើន​តែ​ស្គាល់​ថា PDP-Laban។ លោក​ Duterte ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​គណបក្ស​នេះ។ កាន់​តំណែង​បាន​ ៧ខែ ក្រុម​របស់​លោក Duterte ក៏​ជួប​ប្រជុំ​គ្នា​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​លោក Pacquiao ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​។

ការ​ធ្វើ​បក្ស​ប្រហារ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​ដែល​គេ​សង្កេត​ឃើញ​ថា លោក Pacquiao ច្រើន​តែ​រិះគន់​លើ​គោលនយោបាយ​របស់​លោក Duterte ដោយ​រាប់​បញ្ចូល​ទាំង​គោលនយោបាយ​ការ​បរទេស​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន និង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ទៀត​ផង​។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត មាន​សេចក្ដីរាយការណ៍​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​ឱ្យ​តម្រុយ​ថា លោក Duterte ក្រោយ​ពេល​ដែល​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ២០២២​ខាង​មុខ​នេះ មាន​បំណង​ចង់​ឱ្យ​កូន​ស្រី​របស់​លោក​គឺ លោកស្រី Sarah Duterte ដែល​ពេល​នេះ​ធ្វើ​ជា​អភិបាល​ក្រុង​ Davao ធ្វើ​ជា​បេក្ខភាព​ប្រធានាធិបតី។ ចំណែក​ឯ​លោក Duterte ខ្លួន​ឯង​ផ្ទាល់​ក៏​ធ្លាប់​ឱ្យ​តម្រុយ​ថា លោក​មាន​បំណង​ឈរ​ឈ្មោះ​ជា​អនុ​ប្រធានាធិបតី។

នៅ​ហ្វីលីពីន អាណត្តិ​ប្រធានាធិបតី​មាន​រយៈពេល ៦ឆ្នាំ ប៉ុន្តែ​អាច​ឡើង​កាន់​បាន​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ ចំណែក​ឯ​អនុ​ប្រធានាធិបតី​វិញ​មាន​អាណត្តិ ៦ឆ្នាំ​ដូច​គ្នា​ តែ​អាច​កាន់​បាន ២អាណត្តិ និង​មាន​ការ​បោះឆ្នោត​ផ្សេង​ពី​ប្រធានាធិបតី។ បន្ថែម​ពី​នេះ​ទៅ​ទៀត អនុ​ប្រធានាធិបតី​ហ្វីលីពីន​អាច​មក​ពី​គណបក្ស​ផ្សេង​គ្នា​ពី​ប្រធានាធិបតី។

ទោះ​ជា​លោក Pacquiao ទទួល​បាន​ការ​ជំរុញ​ឱ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ច្រើន​មែន​ ក៏​លោក​នឹង​ប្រឈម​មុខ​នឹង​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នានា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ផង​ដែរ។

​ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​របស់​ហ្វីលីពីន Pulse Asia កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​បាន​ឱ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ប្រែ​ក្លាយ​ជា​អ្នក​នយោបាយ លោក Manny Pacquiao ស្ថិត​ក្នុង​ចំណោម​បេក្ខជន/បេក្ខនារី​នាំ​មុខ​ទាំង​ ៥រូប។ យ៉ាងណាមិញ បើ​តាម​លទ្ធផល​ស្ទង់​មតិ​នេះ លោក​ទទួល​បាន​ការ​គាំទ្រ​តែ ៨% ប៉ុណ្ណោះ ខណៈ​លោកស្រី Sarah Duterte កំពុង​ឈរ​លេខ ១ ដោយ​មាន​ការ​គាំទ្រ ២៨%។ អភិបាល​ក្រុង​ម៉ានីល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក៏​ដូច​ជា​កូន​ប្រុស​របស់​អតីត​មេដឹកនាំ​ផ្ដាច់​ការ​ហ្វីលីពីន Ferdinand Marcos សុទ្ធ​តែ​នាំ​មុខ​លោក Pacquiao នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Richard Heydarian ដែល​ជា​អ្នក​អត្ថាធិប្បាយ​នយោបាយ​ហ្វីលីពីន​បាន​សរសេរ​នៅ​ក្នុង​វិចារណកថា​មួយ​នៅ​សារព័ត៌មាន Nikkei Asian Review ថា លោក Pacquiao កំពុង​តែ​ក្លាយ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​មាន​សក្ដានុពល​ សម្រាប់​ក្រុម​អ្នក​ប្រឆាំង​លោក Duterte។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ប្រសិន​បើ​លោក ឈរ​ឈ្មោះ​ជាមួយ​គូ​ប្រជែង Duterte លោក​អាច​នឹង​ប្រមូល​សំឡេង​គាំទ្រ​ពី​មូលដ្ឋាន​ភាគ​ខាង​ត្បូង​ហ្វីលីពីន។

លោកស្រី Clarita Carlos សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ហ្វីលីពីន​យល់​ឃើញ​ថា លោក Pacquiao ជា​អ្នក​នយោបាយ​ចិត្ត​ធម៌​មួយ​រូប ដែល​មាន​បំណង​បម្រើ​ប្រជាជន ប្រសិន​បើ​សង្កេត​មើល​តាម​រយៈ​សកម្មភាព​ ដែល​លោក​បាន​ធ្វើ​នា​ពេល​កន្លង​មក។

យ៉ាងណាមិញ លោកស្រី​ សោកស្ដាយ​ដែល​គណបក្ស​នយោបាយ​នៅ​ហ្វីលីពីន​ពឹង​ផ្អែក​តែ​លើ​បុគ្គលិកលក្ខណៈ​របស់​អ្នក​នយោបាយ ជា​ជាង​គោលនយោបាយ​ណា​ពិត​ប្រាកដ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោកស្រី​ប្រាប់​ទៅ​កាន់​ សារព័ត៌មាន Al Jazeera៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner