ភាពឡើងចុះនៃទំនាក់ទំនងការទូត របស់អ្នកស្រី Angela Merkel ជាមួយប្រទេសចិន

កាលពីឆ្នាំ​ ២០០៧ ​លោកស្រី ​Angela Merkel បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​​​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ប្រទេស​ ​ជា​លើក​ទីពីរ​របស់​លោក​ស្រី​ ទៅ​កាន់​ប្រទេស​ចិន​ក្នុងនាម​ ជា​អធិការ​បតី​អាល្លឺម៉ង់​។  នាឆ្នាំដដែល លោក​ស្រី​ក៏​បាន​ទទួល​ស្វាគមន៏​ព្រះសង្ឃ​ដាឡៃ​ ឡាម៉ា​ដែល​ជា​មេ​ដឹកនាំ​សាសនា​ដែល​កំពុង​និរទេស​ខ្លួន​របស់​ទីបេ​ នៅ​ឯ​អធិការកិច្ច​ដ្ឋាន​របស់​លោក​ស្រី​ នៅ​ទីក្រុង​ប៊ែរឡាំង ដែល​សកម្មភាព​ទទួល​ស្វាគមន៏​ព្រះសង្ឃ Dalai Lama នេះ ត្រូវបាន​គេ​មើល​ឃើញ​ថា​ជា​កត្តាដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ចំពោះ​ទំនាក់​ទំនង​របស់​អាល្លឺម៉ង់​ជាមួយ​ទីក្រុង​ប៉េកាំង។​

លុះ​ក្រោយ​មក​ទៀត​អ្នក​ស្រី​ Merkel មិន​បាន​ផ្តល់ ជា​សារ​ព្រមាន​ធអ្វី​ដល់​ចិន​ជា​ម្ចាស់​ផ្ទះឡើយ​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ រយៈ​ពេល ​៤ ថ្ងៃរបស់​លោកស្រី​ ទៅ​កាន់​ប្រទេស​ចិន​ចំ​ខួប​លើក​ទី​ ៣៥ ​នៃចំណង​ការទូត​របស់​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ មិន​បាន​យូរ​ប៉ុន្មានផង​ ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ​បាន​បន្ត​ដោយ​ការមើល​មុខ មិនចំ ដោយទីក្រុង​ប៉េកាំង​ បាន​លុប​ចោល​ការ​សន្ទនាស្តីពី​សិទ្ធិ​មនុស្ស​ នៅ​ទីក្រុង​ប៊ែរឡាំង​នៅ​ចុង​ឆ្នាំ​នោះ។​ អ្នក​​ស្រី​ Merkel ក៏​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ពិធី​ បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​នោ​ប៉េកាំង​ នៅ​ខែ​សីហាឆ្នាំ ​២០០៨​ផង​ដែរ។ នេះបង្ហាញឲ្យ​ឃើញ ពីភាព មិនប្រាកដប្រជា និងភាពឡើងចុះ នៃចំណងការទូត របស់​ប្រទេសទាំងពីរ។

គួរ​ឲ្យ​ចាប់​អារម្មណ៏​ផង​ដែរ​ថា​ គ្មាន​មេ​ដឹកនាំ​បស្ចិម​ប្រទេស​ណា​ម្នាក់​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅប្រទេស​ចិន​ច្រើន​ដង​ដូច អ្នក​​ស្រី​ Merkel​ ទេ​ ដែល​លោកស្រី​បាន​ទៅ​ប្រទេសចិន​ ១២​ដង​ ក្នុង​រយៈ​ពេល ១៦ ឆ្នាំ​នៃ​ការ​ធ្វើ​ជា​អធិការបតី​របស់​លោក​ស្រី​ហើយ​ អតីត​នាយក​រដ្ឋ​មន្ត្រីវ​ចិន លោក​ Wen Jianbao ធ្លាប់​ពណ៌នា​អ្នក​ស្រី​​ Angela Merkel ​ថា​ជា​អ្នក​នយោបាយ​ដែល​លោក​ទុក​ចិត្ត​បំផុត​ « ព្រោះ​លោក​ស្រី​តែង​តែនិយាយ​ការ​ពិត​» ។

ថ្វី​បើ​មាន​ការ​រិះ​គន់​ នា​ពេល​ថ្មីៗ​នេះ​ ពីសំណាក់​លោក​ខាង​លិច​ ដោយពួកគេបាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​គោល​នយោបាយ​គាំទ្រ​ និងការ​ងាក​ទៅរក​ចិនរបស់ លោកស្រី​ក៏ដោយ​ ក៏​នៅតែមាន​ការ​កោត​សរសើ​រចំពោះ​អ្នក​​ស្រី​ Merkel ដែល​មន្រ្តី​និង​អ្នក​ជំនាញ​បាន​ដាក់​ឈ្មោះ​ លោកស្រី​ថា​ជា​មេដឹក​នាំ​បរទេស​ តែ​ម្នាក់​គត់​ដែល​ស្គាល់​ប្រទេស​ចិន​ច្បាស់​ជាងគេ។

លោក Wang Yiwei សាស្ត្រាចារ្យ​ផ្នែក​ការ​សិក្សា​ពី​អឺរ៉ុប​ នៅ​សាកល​វិទ្យាល័យ​ Renmin​ បាននិយាយ​ថា​ « អ្នក​​ស្រី​ Merkel បាន​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​វិធី​រក្សា​ស្ថិរភាព​ និង​តុល្យភាព​ប្រកប​ដោយប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​ ជាមួយ​ប្រទេស​ចិន​ ហើយ​អ្នក​ស្រីមាន​ការ​ប៉ិនប្រសប់​ក្នុងការ​គ្រប់​គ្រងទំនាក់ទំនង​ដែល​ពោរពេញដោយ​ការ​រិះគន់​ដោយសារ​ភាព ខុស​គ្នា​ខាង​មនោគមន៍​វិជ្ជា​ ដែល​ទាំងនេះ​ធ្វើ​ឲ្យ​ចិន​ទទួល​យក​បាន​និង​កោត​សរសើរ​លោកស្រី​យ៉ាង​ខ្លាំង​» ។

ជាមួយ​នឹង​ការ​ចូល​និវត្តន៍​របស់​លោកស្រី​ ពី​ជីវិត​នយោបាយ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ អាល្លឺ​ម៉ង់នៅ​ថ្ងៃទី​ ២៦ ខែ​កញ្ញា​ខាងមុខនេះ ​ប្រទេស​ចិន​ កំពុង​មើល​ឃើញ​ពីការ​ការ​បញ្ចប់​នៃ​ « យុគ​សម័យ​មាស​» របស់​ទំនាក់​ទំនង​ទ្វេភាគី​ នេះ ។លោក​ Wang បាន​និយាយ​បន្ត​ថា ​«យើង​ ប្រហែល​ជា​មិន​អាច​ឃើញមេដឹក​នាំណា​​ម្នាក់​ទៀត​ដូច​លោកស្រី​ទៀត​ទេ»​ ។

ការ​នាំ​ចេញ​របស់​អាល្លឺម៉ង់​ ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​ដល់ចំនួន​​ ១១២ ពាន់​លាន​ដុល្លារនៅឆ្នាំ ​២០២០ ​គឺ​កើន​ឡើង​ ៥ ដង​បើ​ធៀប​នឹង​ឆ្នាំ ​២០០៥ ​ នៅពេល​ដែល​ លោក​ស្រី​ឡើង​កាន់តំណែង​ដំបូង ហើយ​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​តែមួយ​គត់​ដ៏​ធំ​បំផុត​ របស់​អាល្លឺម៉ង់​ចាប់​តាំង​ពី​ឆ្នាំ ២០១៦​ ។ ប្រទេស​អាល្លឺ​ម៉ង់​ ក៏​ជាប់​ចំណាត់​ថ្នាក់​កំពូល​ជា​ប្រទេស​ដែល​បាន​រផ្ទេរ​បច្ចេក​វិទ្យា​បរទេស​ទៅប្រទេស​ចិន​ផងដែរ​ ដោយ​មាន​ទឹក​ប្រាក់​សរុប ៨៨,៩ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែ​កក្កដា​ឆ្នាំ​មុន​។

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner