មន្ទីរបញ្ចកោណបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជួយការជម្លៀសប្រជាជនចេញពីអាហ្វហ្គានីស្ថាន

ក្រសួង​ការពារជាតិ​​កៀរគរ​ជើង​ហោះហើរ​ពាណិជ្ជកម្ម​ ដើម្បី​ជួយ​ដល់​កិច្ច​​ប្រឹង​ប្រែង​ជម្លៀស​ប្រជាជន​របស់​សហរដ្ឋ​អាមេរិក​ពី​អាហ្វហ្គានីស្ថាន​ដែល​កំពុង​មាន​ភាព​ច្របូក​ច្របល់​ ខណៈ​មនុស្ស​រាប់​ពាន់​នាក់​​អស់​សង្ឃឹម​ក្នុង​ការ​ចាក​ចេញ​ពី​ប្រទេស​នេះ​បន្ទាប់​ពី​ការ​វាយ​យក​បាន​យ៉ាង​ឆាប់​រហ័ស​របស់​ក្រុម​តាលីបង់​​​​។

​មន្ទីរបញ្ចកោណបាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​លោក​ Lloyd Austin​ បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​ដឹក​ជញ្ជូន​អាមេរិក​ ចាប់​ផ្តើម​ដំណាក់​កាល​ដំបូង​នៃ​កង​​ការពារ​អាកាស​ស៊ីវិល​របស់​ខ្លួន​​ ដើម្បី​ជួយ​ដល់​ការ​ជញ្ជូន​ពលរដ្ឋ​អាមេរិក​ អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​ពិសេស​ និង​បុគ្គល​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ចេញ​ពី​អាហ្វហ្គានីស្ថាន​។​

​​យោង​តាម​សេចក្ដី​ប្រកាស​ យន្តហោះ​ទាំងអស់​ដែល​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ នឹង​មិន​ហោះហើរ​ទៅ​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ Hamid Karzai ក្នុ​ង​ទីក្រុង​កាប៊ុល​ទេ​ ប៉ុន្តែ​នឹង​យក​អ្នក​ដំណើរ​បន្ត​ពី​កន្លែង​មាន​សុវត្ថិភាព​​​ និង​មូលដ្ឋាន​ឈរ​ជើង​បណ្តោះ​អាសន្ន​។

​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មនុស្ស​ជាង​​ ២​​ម៉ឺន​​នាក់​​នៅ​​ក្នុង​​ និង​​ជុំវិញ​​អាកាស​​យាន​​ដ្ឋាន​​ទី​ក្រុង​​កាប៊ុល​​ បាន​ព្យាយាម​ឡើង​យន្តហោះ​ដើម្បី​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​​។​ យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated ​Press​ ​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន ​៧ ​នាក់​​បាន​ស្លាប់​នៅ​ក្នុង​ហ្វូង​មនុស្ស​នៅ​ពេល​ព្យាយាម​សម្រុក​ចូល​ក្នុង​អាកាស​យាន​ដ្ឋាន​នេះ។​ យ៉ាង​ណា ​មនុស្ស​ប្រហែល​ ២០​ នាក់​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ស្លាប់​ដោយ​សារ​ការ​រត់​ជាន់​គ្នា​ និង​ត្រូវ​​គ្រាប់​កាំភ្លើង​កាល​ពី​សប្តាហ៍​មុន​។​ ​

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner