លោកបៃដិន៖ អាមេរិកអាចពន្យារការដកទ័ពចេញពីអាហ្វហ្គានីស្ថាន

កាល​ពី​ថ្ងៃ​អាទិត្យ​​​នេះ ​​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ថា​​លោក​កំពុង​ពិចារណា​ពន្យារ​ការ​ដក​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ខណៈ​ពេល​ដែល​ការ​ជម្លៀស​ប្រជាជន​គឺ​កំពុង​បន្ត​នៅ​អាកាសយានដ្ឋាន​ ​ខណៈ​ពេល​បរិយា​កាស​​នៅ​ខាង​ក្រៅវិញ​​គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ចលាចល​។

លោក​បៃដិន​​បាន​អោយ​ដឹង​តាមរយៈ​​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «មាន​ការ​ពិភាក្សា​កំពុង​កើត​ឡើង​រវាង​យើង​និង​យោធា​អំពី​ការ​ពន្យារ​។ ក្តី​សង្ឃឹម​របស់​យើង​គឺ​យើង​នឹង​មិន​មាន​ការ​ពន្យារ​បន្ថែម​ទៀត​ទេ ​ប៉ុន្តែ​ខ្ញុំ​សង្ស័យ​ថា​នឹង​មាន​ការ​ពិភាក្សា​ថា​តើ​យើង​ដើរ​ដល់​ណា​ហើយ​ក្នុង​ដំណើរ​ការនេះ​​»​។

ជា​ថ្មី​ម្ដង​ទៀត​លោក​បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោក​ ពី​ការ​រិះគន់​យ៉ាង​ខ្លាំង​ថា​លោក​បាន​ធ្វេសប្រហែស​ក្នុង​ការ​ដក​ទ័ព​អាមេរិក​។​

លោក​​​បៃដិន​ថា​៖ «ការ​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​ចេញ​ពី​ទីក្រុង​កាប៊ុល​នឹង​ពិបាក​និង​ឈឺចាប់​មិន​ថា​ពេល​ណា​វា​ចាប់​ផ្ដើម ឬ​នៅ​ពេល​យើង​ចាប់​ផ្ដើម​វា​ទេ​»​។

លោក​បន្ត​ថា​៖ «វា​ជា​ការ​ពិត ​បើ​ទោះ​បី​ជា​យើង​បាន​ចាប់​ផ្តើម​កាល​ពី​មួយ​ខែ​មុន ឬ​មួយ​ខែ​ចាប់​ពី​ពេល​នេះ​ទៅ គ្មាន​វិធី​ដើម្បី​ជម្លៀស​ប្រជាជន​ជា​ច្រើន​ដោយ​គ្មាន​ការ​ឈឺចាប់​និង​ការ​បាត់បង់ ដូច​រូបភាព​ក្រៀមក្រំ​ដែល​អ្នក​ឃើញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ទេ​»​។

កង​កម្លាំង​លោក​ខាង​លិច​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ខណៈ​ពេល​ដែល​មាន​ភាព​ចលាចល​យ៉ាង​ខ្លាំង​នៅ​អាកាសយានដ្ឋាន​អន្តជាតិ​របស់​រដ្ឋធានី​កាប៊ុល​។ ប្រជាជន​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​នៅ​តែ​ប្រមូល​ផ្ដុំ​នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន ប៉ុន្តែ​មិន​អាច​ចូល​ទៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​កង​កម្លាំង​អាមេរិក​។

ក្រុម​តាលីបង់​ បាន​គ្រប់​គ្រង​ផ្លូវ​ភាគ​ច្រើន​ចេញ​ចូល​ពី​អាកាសយានដ្ឋាន​នេះ​ ហើយ​បាន​រៀប​ចំ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ដង​ផ្លូវ​ទាំង​នេះ​។ អ្នក​សារព័ត៌មាន​នៅ​ទី​នោះ​ បាន​រាយការណ៍​ថា​តាលីបង់​បាន​បាញ់​កាំភ្លើង​ទៅ​លើ​អាកាស និង​ប្រើ​ដំបង​ដើម្បី​ធ្វើ​ការ​គ្រប់គ្រង​ហ្វូង​មនុស្ស​ដែល​កំពុង​សម្រុក​ទៅ​អាកាសយានដ្ឋាន​។

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner