លោកស្រីមឺកែល៖ រុស្ស៊ីមិនអាចប្រើបំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាអាវុធបានទេ

អធិការបតី​អាល្លឺម៉ង់​ លោក​ស្រី​ អេនជេឡា ​មឺកែល ​(Angela Merkel) ​ស្រាយចម្ងល់​របស់​អ៊ុយក្រែន​ជុំវិញ​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ Nord Stream 2 (NS2) ​ដែល​ជិត​បញ្ចប់​ការ​សាង​សង់​ ដោយ​និយាយ​ថា​អាល្លឺម៉ង់​នឹង​មិន​អនុញ្ញាត​ឱ្យ​រុស្ស៊ី​​យក​​បំពង់​ឧស្ម័ន​នេះ​ធ្វើ​ជា​អាវុធ​ឡើយ​។​

​លោក​ស្រី​មឺកែល​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr ​Zelensky​ ក្នុង​ទី​ក្រុង​កៀវ​ថា​៖ ​«​ឧស្ម័ន​មិន​អាច​ប្រើ​ជា​អាវុធ​បាន​ទេ​»​។ ​លោក​ស្រី​បន្ថែម​ថា​៖​ «​យើង​នឹង​ដាក់​ទណ្ឌកម្ម​ថ្មី​ ប្រសិន​បើ​រុស្ស៊ី​ប្រើ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ជា​អាវុធ​»​។

​ការ​សាង​សង់​បំពង់​​ NS2 ដែ​ល​បង្ហូរ​​ឧស្ម័ន​ពី​រុស្ស៊ី​ទៅ​កាន់​អឺរ៉ុប​ខាង​លិច​ ឆ្លង​កាត់​សមុទ្រ​បាល់ទិក​គឺជា​​ការ​ព្រួយ​បារម្ភ​មួយ​ ជា​ពិសេស​សម្រាប់​ទីក្រុងកៀវ​ដែលនឹ​ង​ខាត​បង់​ប្រាក់​ចំនួន​ ២ ​ប៊ីលាន​ដុល្លារ​ ប្រសិន​បើ​ក្រុងម៉ូ​ស្គូ​កាត់​​ផ្ដាច់​ការ​ផ្គត់ផ្គ​ង់​តាម​រយៈ​អ៊ុយក្រែន​។ ​ក្រុម​ប្រឆាំង​និយាយ​ថា​ បំពង់​បង្ហូរ​​ដែល​ចំណាយ​ទឹក​ប្រាក់​សាង​សង់​ ១១ ប៊ី​លាន​​ដុល្លារ​នេះ​ ក៏​​ជា​ផល​ប្រយោជន៍​មួយ​របស់​រុស្ស៊ី​ក្នុង​ការ​នាំ​ចេញ​ថាមពល​​ដោយ​បង្កើន​ខ្នង​បង្អែក​​របស់​ខ្លួន​សម្រាប់​អឺរ៉ុប​​។ ​ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​និយាយ​ថា បំពង់នេះ​នឹង​គាំទ្រ​ដល់​តម្រូវ​ការ​ថាមពល​របស់​ប្រទេស​នៅ​​​​ពេល​ថាមពល​​ធ្យូង​ថ្ម​ និង​​រោងចក្រ​នុយក្លេអ៊ែរ​ត្រូវ​បាន​បិទ​។​

ដោយ​ហៅ​ NS2​ ថា​ជា​គ្រោះថ្នាក់​សម្រាប់​ប្រទេស​របស់​ខ្លួន​ លោក​ Zelensky​ ​និយាយ​ថា​ លោក​ចង់​មើល​ថា​តើ​អ៊ុយក្រែន​នឹង​ទទួល​បាន​អ្វី​ខ្លះ​ ហើយ​អ្នក​ណា​នឹង​ផ្តល់​ការ​ធានា​ច្បាស់​លាស់​លើ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​។​ លោក​បន្ថែម​ថា​៖​ «​ខ្ញុំ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ដែល​មាន​សង្គ្រាម​។ ​យើង​ចាត់​ទុក​ថា​គម្រោង​នេះ​ គឺ​ជា​អាវុធ​ភូមិសាស្ត្រ​នយោបាយ​ដ៏​គ្រោះ​ថ្នាក់​ពី​​វិមាន​ក្រឹមឡាំង​»​។​ ​

ជំនួប​រវាង​មេដឹក​នាំ​ក្រុង​កៀវ​ និង​ប៊ែក​ឡាំង​ ធ្វើ​ឡើង​តែ​ប្រមាណ​ពីរ​ថ្ងៃ​ប៉ុណ្ណេះ​​បន្ទាប់​ពី​លោក​ស្រីមឺកែល​ ​ធ្វើ​កិច្ចចរចា​នៅ​ទីក្រុង​ម៉ូស្គូ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ាឌីមៀ ​ពូទីន​ (Vladimir Putin )។ ​​ក្នុង​ជំនួប​នេះ​ លោក​ស្រី​ក៏​បាន​សង្កត់​ធ្ងន់​ថា ​ប្រទេស​រុស្ស៊ី​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​​​បន្ត​បញ្ជូន​ឧស្ម័ន​តាម​រយៈ​អ៊ុយក្រែន​រហូត​ដល់​ឆ្នាំ ​២០២៤​ ហើយ​បាន​ទទូច​ថា​កិច្ច​ព្រម​ព្រៀង​នេះ​ ​«​អាច​ និង​គួរ​តែ​ត្រូវ​បាន​ពង្រីក​»​។​

​​ក្នុង​អំឡុង​សន្និសីទ​កាសែត​កាល​ថ្ងៃ​សុក្រ​​ជាមួយ​លោកស្រី​​មឺកែល​ លោក​ពូទីន​បាន​ស្តី​បន្ទោស​ទីក្រុងកៀ​វ​ដោយ​និយាយ​ថា​៖​ «​វា​ហាក់​ដូច​ជា​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​នេះ​ បាន​សម្រេច​ចិត្ត​ជា​គោលការណ៍​បោះបង់​ចោល​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​ចំពោះ​ស្ថានភាព​នេះ​»​​។​

​ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner