សិង្ហបុរី និង ស.អា.រ សន្យាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា រាប់បញ្ចូលទាំងផ្នែករុករកអវកាស

សិង្ហបុរី និង​សហរដ្ឋអាមេរិក ​សន្យា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថ្មីៗ​មួយ​ចំនួន​រួម​មាន វិស័យ​សន្តិសុខ​ផ្នែក​អ៊ីនធឺណិត វិស័យ​អាកាសធាតុ ព្រម​ទាំង​សហការ​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល ហើយ​រួម​បញ្ចូល​ទាំង​ផ្នែក​រុករក​អវកាស​ទៀត​ផង​។ នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ ​បើ​តាម​សន្និសីទ​រួម​គ្នា​រវាង​លោក លី សៀនឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី និង​លោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក។​

ក្រៅ​ពី​នេះ​ទៅ​ទៀត សិង្ហបុរី​នឹង​ផ្ដល់​ឱ្យ​សហរដ្ឋអាមេរិក​ប្រើប្រាស់​នូវ​យន្តហោះ​យោធា​របស់​ខ្លួន ដើម្បី​យក​ទៅ​ធ្វើ​ការ​ដឹក​ជញ្ជូន​ អ្នក​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ក្រោយ​ពេល​ដែល​ក្រុម​សកម្មប្រយុទ្ធ​តាលីបង់​ឡើង​កាន់​អំណាច​នៅ​រដ្ឋធានី​កាប៊ុល។

លោកស្រី ហារីស ចាប់​ផ្ដើម​បំពេញ​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្ដាហ៍​របស់​លោកស្រី​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​សិង្ហបុរី និង​ប្រទេស​វៀតណាម។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​សេតវិមាន ដំណើរ​ទស្សនកិច្ច​នេះ​មាន​បំណង​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព​រវាង​សហរដ្ឋអាមេរិក នឹង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​យុទ្ធសាស្ត្រ​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​មក​កាន់​សិង្ហបុរី ក្រៅ​ពី​ជួប​ជាមួយ​លោកលី លោកស្រី ហារីស នឹង​ជួប​ជាមួយ​ប្រធានាធិបតី​សិង្ហបុរី Halimah Yacob ហើយ​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​ស្ដីពី​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក នៅ​សាលា​គោលនយោបាយ​សាធារណៈ​លី ក្វាន់យូ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner