ក្រុមអ្នកលេងហៃទីប្រកាសផ្តល់ជំនួយ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនដល់ជាង ២ពាន់ ២០០ នាក់

ក្រុម​អ្នក​លេង​ដ៏ល្បី​​ឈ្មោះ​នៅ​ហៃទី​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​​ប្រកាស​ថា​ ខ្លួន​និង​សម្ព័ន្ធ​មិត្ត​​​បាន​សម្រេច​លើកិ​ច្ច​ព្រម​ព្រៀង​សន្តិភាព​មួយ​ ហើយ​នឹង​ជួយ​ដល់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នានា​ ខណៈ​ទីភ្នាក់ងារ​ការពារ​ស៊ីវិល​របស់​ប្រទេស​ចេញ​របាយការណ៍​ថ្មី​លើ​តួរលេខ​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧,២ ​រ៉ិចទ័រ​ ដែល​កើន​ឡើង​រហូត​ដល់​ ២ ២០៧ ​នាក់​។​

​លោក​ Jimmy ​Cherizier ​មេ​ដឹក​នាំ​កង​កម្លាំង​បដិវត្តន៍ G9​ និយាយ​​ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​លើ​បញ្ហា​ដែល​បន្សល់​ក្រោយ​រញ្ជួយ​ដី​កាលពី​ចុ​ង​សប្ដាហ៍​ទី​២​ ខែ​នេះ​ ថា​៖​ «​យើង​ចង់​ប្រាប់​ពួក​គេ​ថា​ កង​កម្លាំង​បដិវត្តន៍​ G9​ និង​សម្ព័ន្ធ​មិត្ត​រួម​គ្នា​ សូមស​ម្ដែង​ការ​អាណិត​អាសូរ​ចំពោះ​ការឈឺ​​ចាប់​ និង​ទុក្ខ​ព្រួយ​របស់​យើង​»​។ ​លោក​បន្ថែម​ថា​៖​ «​កងក​ម្លាំង​បដិវត្តន៍​ G9 ​និងស​ម្ព័ន្ធ​មិត្ត​ នឹង​ចូល​រួម​ក្នុង​ការ​ជួយ​សង្គ្រោះ​​​។ ​យើង​សូម​អញ្ជើញ​ជន​រួម​ជាតិ​ទាំង​អស់​ បង្ហាញ​សាមគ្គី​ភាព​ជាមួយ​ជន​រងគ្រោះ​ ដោយ​ព្យាយាម​ចែករំ​លែក​នូវ​អ្វី​ដែល​មាន​តិច​តួច​ជាមួយ​ពួក​គេ​»​។​

​ការ​ប្ដេជ្ញា​ថ្មី​ធ្វើ​ឡើង​ នៅ​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ ហើយ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​ពង្រីក​ ខណៈ​ដែល​អាជ្ញាធរ​​ប្រឈម​មុខ​ជាមួយ​សន្តិសុខ​នៅ​តំបន់​ចែក​ចាយ​ ដោយ​ក្រុម​អ្នក​លេង​បាន​ប្លន់​យក​រថយន្ត​ផ្ដល់​ជំនួយ​ និង​សូម្បី​តែ​រថយន្តស​ង្គ្រោះ​បន្ទាន់​ ដោយ​បង្ខំ​ឲ្យ​អ្នក​ជួយ​សង្គ្រោះ​ដឹក​ជញ្ជូន​សម្ភារៈ​តាម​ឧទ្ធម្ភាគចក្រ​។ ​ទន្ទឹម​ជាមួយ​គ្នា​នោះ​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​ក៏​ត្រូវ​បាន​រាំង​ស្ទះ​ដោយ​សារ​ទឹក​ជំនន់​ និង​ការ​ខូច​ខាត​ផ្លូវ​ថ្នល់​ ដែល​​ផ្តល់​ភាព​តាន​តឹង​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​ដែលរ​ង​ផល​ប៉ះពាល់ធ្ងន់ធ្ងរ​​។​ ​​

រដ្ឋាភិបាល​ហៃទី​​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ ៣៤៤ ​នាក់​បាន​បាត់​ខ្លួន​​ ខណៈ ​១២ ២៦៨ ​នាក់​បាន​រង​របួស​ និង​ផ្ទះ​ជិត​ ៥៣ ០០០ ​ខ្នង​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នេះ។​ គ្រោះម​ហន្តរាយ​លើក​នេះ​ កើត​ឡើង​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ប្រល័យ​នៅ​ឆ្នាំ ​២០១០ ​ដែល​បាន​សម្លាប់​ប្រជាជនហៃទី​ជាង​ ២២០ ០០០ ​នាក់​​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner