ប៉ូឡូញនឹងសាងសង់របង ហើយបង្កើនចំនួនទាហានទ្វេដងនៅព្រំដែនជាមួយបេឡារូស

កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៣​សីហា​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​ប៉ូឡូញ​បាន​និយាយ​ថា​ប្រទេស​របស់​លោក​នឹង​សាងសង់​របង​នៅ​ព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ​ ហើយ​នឹង​បង្កើន​ការ​ដាក់​ពង្រាយ​ទាហាន​នៅ​ទី​នោះ​ទ្វេដង​ ដើម្បី​បញ្ឈប់​លំហូរ​ជន​អន្តោប្រវេសន៍​ដែល​សហភាព​អឺរ៉ុប​និយាយ​ថា​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​បេឡារូស​ ក្នុង​ការ​សង​សឹក​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ប្រទេស​ប៉ូឡូញ​ ជាមួយ​និង​សមាជិក​សហភាព​អឺរ៉ុប​ដទៃ​ទៀត​ដូចជា​លីទុយអានី និង​ឡាតវី​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ដូចជា​អ៊ីរ៉ាក់​ និង​អាហ្វហ្គានីស្ថាន​ ដែល​ព្យាយាម​ឆ្លង​ព្រំដែន​ពី​ប្រទេស​បេឡារូស​ចូល​ប្រទេស​ពួកគេ​។ សហភាព​អឺរ៉ុប​បាន​ចោទ​ប្រកាន់​បេឡារូស​ថា​បាន​ជំរុញ​លំហូរ​នេះ​ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​សហភាព​អឺរ៉ុប​ដក​ទណ្ឌកម្ម​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​តំបន់​ព្រំដែន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៉ូឡូញ​លោក​ម៉ារីយូស ប្លាសហ្សាក់​បាន​និយាយ​ថា​របង​រឹង​ថ្មី​កម្ពស់ ២,៥ ម៉ែត្រ​នឹង​ត្រូវ​សាងសង់​នៅ​ទីនោះ​។ លោក​បន្ថែម​ទៀត​ថា​៖ «វា​ចាំ​បាច់​ក្នុង​ការ​បង្កើន​ចំនួន​ទាហាន​។ឆាប់​ៗ​នេះ​យើង​នឹង​បង្កើន​ចំនួន​ទាហាន​ទ្វេ​ដង​ដល់ ២.០០០ នាក់​»​។

រដ្ឋាភិបាល​ប៉ូឡូញ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​ការពារ​សិទ្ធ​មនុស្ស​ជុំវិញ​ស្ថានភាព​ជន​អន្តោប្រវេសន៍​មួយ​ក្រុម ដែល​ជាប់​នៅ​ក្នុង​តំបន់​ស​រវាង​ប៉ុស្តិ៍​ឆ្មាំ​ព្រំដែន​ប៉ូឡូញ​ និង​បេឡារូស​អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​។

អធិការ​សិទ្ធ​មនុស្ស​ប៉ូឡូញ​បាន​និយាយ​ថា​ឆ្មាំ​ប៉ូឡូញ​ឆ្មាំ​ព្រំដែន​បាន​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ដោយ​មិន​ទទួល​យក​សេចក្តី​ប្រកាស​ដោយ​ផ្ទាល់​មាត់​ពី​ជន​អន្តោ​ប្រវេសន៍​មួយ​ចំនួន​ដែល​ពួកគេ​ចង់​ដាក់​ពាក្យ​ស្នើ​សុំ​ការ​ការពារ​អន្តរជាតិ​នៅ​ប៉ូឡូញ​។

ប៉ូឡូញ​និយាយ​ថា​ការ​អនុញ្ញាត​ឱ្យ​ជន​អន្តោប្រវេសន៍​ចូល​ទឹកដី​ប៉ូឡូញ​តាម​រយៈ​បេឡារូស នឹង​ជំរុញ​ឱ្យ​មាន​ការ​អន្តោប្រវេសន៍ ហើយ​នឹង​ដើរ​ចូល​ក្នុង​អន្ទាក់​របស់​ប្រធានាធិបតី​បេឡារូស​អាឡិចសាន់ឌឺ លូកាសិនកូ​។ អនុ​រដ្ឋមន្ត្រី​ការបរទេស​ប៉ូឡូញ​បាន​និយាយ​ថា៖ ​«ទាំង​នេះ​មិនមែន​ជា​ជន​ភៀស​ខ្លួន​ទេ​ពួកគេ​គឺ​ជា​ជន​ចំណាក​ស្រុក​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​នាំ​មក​ដោយ​រដ្ឋាភិបាល​បេឡារូស​»​។

ប្រទេស​លីទុយអានី​បាន​និយាយ​ថា​ពួកគេ​មាន​បំណង​សាង​សង់​របង​ចម្ងាយ ៥០៨ គីឡូម៉ែត្រ​តាម​បណ្ដោយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​បេឡារូស​ឱ្យ​បាន​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​ក្រោយ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner