តំណាងកូរ៉េខាងត្បូង អាមេរិកពិភាក្សាស្វែងរកផ្លូវក្នុងការផ្ដល់ជំនួយមនុស្សធម៌ទៅកូរ៉េខាងជើង

តំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​លើ​គោល​នយោបាយ​កូរ៉េ​ខាង​ជើង លោក Sung Kim បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​របស់​លោក​គឺ លោក Noh Kyu-duk តំណាង​របស់​កូរ៉េ​ខាង​ត្បូង​ទទួល​បន្ទុក​លើ​កិច្ចការ​សន្តិភាព និង​សន្តិសុខ​ឧបទ្វីប​កូរ៉េ​ នៅ​ឯ​រដ្ឋធានី​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។ មន្ត្រី​ការទូត​ទាំង​ពីរ​រូប​បាន​ពិភាក្សា​គ្នា​លើ​ប្រធានបទ​នានា​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​នៅ​វិបត្តិ​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ។

ក្រោយ​ជំនួប​បាន​បញ្ចប់​ លោក Noh បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា «យើង​បាន​ពិភាក្សា​អំពី​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​កាន់​កូរ៉េ​ខាង​ជើង»។ លោក​បាន​បន្ត​ថា ភាគី​សហរដ្ឋអាមេរិក​បន្ត​ផ្ដល់​ការ​គាំទ្រ​មក​កាន់​កូរ៉េ​ខាង​ត្បូង​ លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​មនុស្សធម៌​អន្តរ​កូរ៉េ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Yonhap ខាង​អាមេរិក​ និង​កូរ៉េ​បាន​គិតគូរ​លើ​កិច្ច​សហប្រតិបត្តិការ​លើ​ជំនួយ​មនុស្សធម៌​ក្នុង​ផ្នែក​នានា ដែល​រាប់​បញ្ចូល​ទាំង​ផ្នែក​សុខាភិបាល។ លោក Noh ក៏​បន្ថែម​ថា ការ​ផ្ដល់​ជំនួយ​ទៅ​កាន់​កូរ៉េ​ខាង​ជើង អាច​នឹង​សហការ​ជាមួយ​អង្គការ​អន្តរ​រដ្ឋាភិបាល​ ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា។

ជាមួយ​គ្នា​នេះ​ដែរ​ ភាគី​ទាំង​ពីរ​ក៏​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​កិច្ច​សន្ទនា​ណា​មួយ ជាមួយ​កូរ៉េ​ខាង​ជើង​ផង​ដែរ។

លោក Sung Kim បាន​និយាយ​ក្នុង​ឱកាស​នោះ​ថា «ខ្ញុំ​បន្ត​ត្រៀម​ខ្លួន​ក្នុង​ការ​ជួប​ជាមួយ​សមភាគី​កូរ៉េ​ខាង​ជើង​របស់​ខ្ញុំ នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា»៕

ប្រភព៖ YNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner