អាមេរិកគិតគូរស្នើយកជនភៀសខ្លួនពីអាហ្វហ្គានីស្ថាន មកសំចតនៅកូរ៉េខាងត្បូង

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​គិតគូរ​ចង់​ស្នើ​យក​ជន​ភៀស​ខ្លួន​ ដែល​ភៀស​ខ្លួន​​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​មក​សំចត​នៅ​មូលដ្ឋាន​ទ័ព​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ នេះ​បើ​តាម​ការ​បំភ្លឺ​ទៅ​កាន់​សភា​របស់​លោក Chung Eui-yong រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​តាម​អង្គភាព​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង Yonhap។

ដំណឹង​នេះ​ត្រូវ​បាន​លេចឮ​ដំបូង​ចេញ​ពី​សារព័ត៌មាន​សហរដ្ឋអាមេរិក​ Wall Street Journal ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​កាល​ពី​សប្ដាហ៍​មុន ដោយ​ផ្អែក​លើ​ប្រភព​មន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក។

«វា​ជា​ការ​ពិត​ណាស់ ដែល​សម្ព័ន្ធមិត្ត​របស់​យើង​បាន​ពិភាក្សា​ក្នុង​កម្រិត​បឋម​មួយ អំពី​លទ្ធភាព​លើ​រឿង​នេះ ប៉ុន្តែ​រឿង​នេះ​មិន​ទាន់​ពិភាក្សា​ស៊ី​ជម្រៅ​នោះ​ទេ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ Chung។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ការ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង សម្រាប់​ជន​ភៀសខ្លួន​ជម្លៀស​ចេញ​ពី​អាហ្វហ្គានីស្ថាន ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ពី​សំណាក់​រដ្ឋាភិបាល​រដ្ឋធានី​សេអ៊ូល។

ក្នុង​ការ​បំភ្លឺ​សភា​ដោយ​ឡែក​ពី​គ្នា ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង​លោក Suh Hoon ក៏​បាន​ប្រាប់​សភា​ថា ខាង​រដ្ឋាភិបាល​កំពុង​ត្រួត​ពិនិត្យ​អំពី​លទ្ធភាព​ក្នុង​ការ​ទៅ​យក​ជនជាតិ​អាហ្វហ្គានីស្ថាន​មួយ​ចំនួន ដែល​ធ្លាប់​ជួយ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​គម្រោង​មនុស្ស​ធម៌​នា​រយៈពេល ២០ឆ្នាំ​កន្លង​មក។

អនុ​បញ្ជាការដ្ឋាន​កងទ័ព​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​អះអាង​ថា ខ្លួន​មិន​ទាន់​ទទួល​បាន​បញ្ជា​ណា​មួយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ៕

ប្រភព៖ YNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner