អាជ្ញាធរនៃរដ្ឋបាលខេត្តបាត៎ដំបង បានជម្រុញឲ្យស្រុកគោលដៅទាំង៦ត្រូវបន្តចុះដល់ចម្ការកសិករផ្ទាល់ (មានវីដេអូ)
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងថា៖ ការចុះប្រមូលទិញផ្លែមៀន”តាង៉ែន” នៅតាមបណ្តាស្រុកគោលដៅទាំង៦ក្នុងខេត្តកន្លងមកនេះ គឺគ្មានការរើសអើងពីនិន្នាការនយោបាយអ្វីនោះឡើយ។
ការថ្លែងបែបនេះ គឺបន្ទាប់ពីមានប្រព័ន្ធបណ្តាញសង្គមអគតិមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយបំផ្លើសការពិត អំពីសកម្មភាពដែលក្រុមការងាររបស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ដឹកនាំដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានចុះទីញផ្លែមៀន”តាង៉ែន” តាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ជាបន្តបន្ទាប់កន្លងមកនេះ និងបានចុះទៅដល់ចម្ការប្រជាកសិករជាម្ចាស់ចម្ការមៀន-តាង៉ែនទាំងអស់នោះទៀតផង។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្តទៀតថាៈមកដល់ថ្ងៃនេះក្រុមការងារខុទ្ទកាល័យ របស់សម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ បានចុះប្រមូលទិញផ្លែមៀនពីប្រជាកសិករនៅតាមចំការផ្ទាល់ និងស្ថិតនៅទីលានបាល់ទាត់វាលបែកចាន ក្នុងក្រុងបាត់ដំបង ហើយការទិញនេះគឺធ្វើឡើងដោយស្មើភាពគ្នានិងគ្មានការរើសអើងពីនិន្នាការនយោបាយអ្វីនោះឡើយ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានថ្លែងបន្តទៀតថា៖ កន្លងមក ក្រុមការងារបានចុះទៅប្រមូលទិញមៀន”តាង៉ែន” ពីប្រជាកសិករ ដល់ចំការផ្ទាល់តែម្តង ហើយថែមទាំងជួយបេះ វេចខ្ទប់ និងដឹកជញ្ជូនផ្លែមៀនទាំងនេះរបស់ប្រជាពលរដ្ឋដែលគ្មានកម្លាំងពលកម្ម គឺបានជួយពួកគាត់ដោយគ្មានការប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តមបានថ្លែងទៀតថា៖ក្រុមការងារនឹងបន្តចុះទៅប្រមូលទិញកសិផល ផ្លែមៀនឬតាង៉ែន ពីប្រជាកសិករដល់ទីតាំងម្ចាស់ចំការផ្ទាល់នៅតាមបណ្ដាស្រុកចំនួន៦ដែលមានការដាំដុះដំណាំមៀនតាង៉ែនទាំងនេះដូចជាស្រុករតនៈមណ្ឌល,សំឡូតបាណន់, ភ្នំព្រឹក, សំពៅលូន និង ស្រុកកំរៀង។
ជាមួយគ្នានេះផងដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការច្រានចោលពីការមួលបង្កាច់បង្ខូចនិងពីការចោទប្រកាន់របស់ក្រមអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចជុំវិញការលេីកឡេីងថា៖ ” ប្រមូលផលផ្លែមៀនបានហេីយ មិនមានអ្នកទិញ?” ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់អាជ្ញាធរស្រុកគោលដៅ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ ត្រូវបន្តចុះស្រាវជ្រាវពិនិត្យមើលនិងស្វែងរកចម្ការបងប្អូនដែលមានមៀន”តាង៉ែន”ត្រូវប្រមូលទិញឲ្យអស់ពីចម្ការ។ឯកឧត្តមក៏បានអំពាវនាវដល់ម្ចាស់ចំការផ្លែមៀន”តាង៉ែន”ទុំ ហើយចង់លក់ ក៏ត្រូវទំនាក់ទំនងទៅកាន់អាជ្ញាធរស្រុករបស់ខ្លួនឬអាជ្ញាធរភូមិ-ឃុំ ខ្លួនផ្ទាល់ ដើម្បីងាយស្រួលដល់ក្រុមការងារចុះទៅប្រមូលទិញ នៅតាមទីតាំងចំការបងប្អូនជាក់ស្ដែង។
សូមបញ្ជាក់ថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដោយមើលឃើញពីបញ្ហាប្រឈមនិងពីការលំបាករបស់បងប្អូនប្រជាកសិករជាអ្នកចម្ការមៀន”តាង៉ែន” បាត់បងនូវទីផ្សារលក់ដូរកសិផលរបស់ខ្លួននិងដើម្បីជួយសម្រាលទុក្ខលំបាកនិងពីការខាតបង់ធ្ងន់ធ្ងររបស់ប្រជាកសិករ ក្នុងនោះសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន បានចាត់តាំង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឲ្យចុះប្រមូលទិញផ្លែមៀន ឬ”តាង៉ែន” នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងតែជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេសនិងដោយសារតែការរីករាលដាលនៃជំងឺកូវីដ-19។
ហើយជាជាពិសេសទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ត្រូវចុះប្រមូលទិញផ្លែមៀនពីប្រជាកសិករក្រីក្រដែលដាំមៀនទៅដល់ចម្ការដោយផ្ទាល់ ដែលពួកគាត់មិនអាចរកទីផ្សារលក់បានតែប៉ុណ្ណោះ។ ចំពោះចម្ការមៀនរបស់មន្ត្រីស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ ឬ របស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ គឺ៖ត្រូវទុកឲ្យគេរកទីផ្សារដោយខ្លួនឯង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )