ទំព័រដើមPolitico 360Chao Chaksmokអ្នកវិភាគចៅចាក់ស្មុក៖ ការទាមទារដោយគ្មានភាពអៀនខ្មាសរបស់សង្គមស៊ីវិលមួយចំនួន ស្ថិតក្រោមខ្សែញាក់របស់បរទេ...

អ្នកវិភាគចៅចាក់ស្មុក៖ ការទាមទារដោយគ្មានភាពអៀនខ្មាសរបស់សង្គមស៊ីវិលមួយចំនួន ស្ថិតក្រោមខ្សែញាក់របស់បរទេស ដើម្បីបញ្ចេញសំឡេងចិញ្ចឹមចលនា

ភ្នំពេញ: ពិតជាគួរឱ្យអស់សំណើចបំផុត ពេលឃើញក្រុមសកម្មជននយោបាយមួយចំនួនដែលជ្រកក្រោមស្លាកក្រុមអង្គការសង្គមស៊ីវិលបាន ចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ទាក់ទងនឹងគម្រោងនៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិដោយពួកគេទាម ទារដោយគ្មានមូលដ្ឋានថាចាំបាច់ត្រូវ«ស្តារសិទ្ធិមនុស្សឡើងវិញ មុននឹងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ»។ ជាសេចក្តីថ្លែងការណ៍ដែលពលរដ្ឋខ្មែរភាគច្រើនដូចសព្វមួយដងមិនចាប់អារម្មណ៍ និងគិតថាវាគ្រាន់តែជាសំឡេងមួយដែលអនុវត្តតាមរបៀបវារៈនយោបាយដែលចៅហ្វាយនាយពួកគេបានគូសវាសឱ្យដើរ និងធ្វើសកម្មភាពដើម្បីដូរបាយតែប៉ុណ្ណោះ។ ជាការទាមទារខុសបរិបទ និងជាការទារទារដែលដើរបញ្ច្រាសពីគោលការណ៍ច្បាប់ និងបំណងប្រាថ្នារបស់ពេលរដ្ឋភាគច្រើន ក្នុងសង្គមប្រជាធិបតេយ្យ។ តែដើម្បីយល់ច្បាស់ថាតើពួកគេជានរណាឱ្យពិតប្រាកដ ហើយហេតុអ្វីបានជាទាមទារដូច្នេះ ចៅចាក់ស្មុកសូមចូលរួមបង្ហាញនូវចំណុចមួយ ចំនួនពីក្រុមអង្គការសង្គមស៊ីវិលទាំងនេះដើម្បីឱ្យសាធារណជនបានដឹងពីចរិតពិតរបស់ក្រុមស៊ីឈ្នួលបរទេសនេះ៖ 

 ១-ក្រុមអង្គការគ្មានការចុះបញ្ជីត្រឹមត្រូវច្រើនជាងចុះបញ្ជី៖ ក្រុមតាំងខ្លួនជាអង្គការសង្គមស៊ីវិលទាំង ៦០ ដែលចេញសេចក្តីថ្លែងការណ៍រួមនេះមានប្រមាណតែ ជាង ១០ អង្គការនិងសមាគមតែប៉ុណ្ណោះដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃនិងនៅក្រសួងព័ត៌មាន ហើយក្រៅពីនោះគឺគ្មានច្បាប់ទម្លាប់ និងគ្រាន់តែយកឈ្មោះសហគមន៍មកដាក់បញ្ចូលបង្កើនចំនួនឱ្យឃើញច្រើនបន្លំពលរដ្ឋខ្មែរថាមានអង្គការច្រើនចូលរួមប៉ុណ្ណោះ។ តាមពិត មានតែសម្បក ហើយក្រុមនេះភាគ ច្រើនជាសកម្មជននយោបាយជ្រកក្រោមស្លាកអង្គការ ហើយអ្នកខ្លះត្រូវបានគេរៀបចំឡើងដើម្បីធ្វើសកម្មភាពបម្រើឱ្យរបៀបវារៈនយោបាយដែលរៀបចំដោយម្ចាស់ជំនួយរបស់ខ្លួនផង និងដោយនិន្នាការនយោបាយបុគ្គលលម្អៀងជ្រុលរបស់ពួកគេផងក្រោមលេសនៅក្នុងសំឡេងនៃក្រុមអ្នកអត់សំឡេង។ ក្រុមដដែលនេះរួមនឹងគូកនជាអង្គការបរទេសខ្លះតែងតែចេញសេចក្តីថ្លែងការណ៍លើបញ្ហាផ្សេងៗដោយអះអាងថាខ្លួនតំណាងឱ្យសង្គមស៊ីវិលទាំងមូល។ តែតាមពិតពួកគេជាក្រុមជនភាគតិចក្នុងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាង ៥០០០ ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជាប៉ុណ្ណោះ។ ក្រុមនេះបានតាំងខ្លួនជាតួឯកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ និងចេញមកទាមទារនេះទាមទារនោះធ្វើឫកខែងរ៉ែង ហើយពេលខ្លះបានប្រមាថរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានទៅ ទៀត។ ការទាមទារពេលខ្លះ មិនបានឆ្លុះបញ្ចាំងពីការពិត និងត្រូវបានគេមើលឃើញថាដើម្បីបម្រើឱ្យផលប្រយោជន៍បរទេស។ ក្រុមសហគមន៍ សមាគម និងអង្គការទាំងនេះគឺជាឧបករណ៍ ដែលគេប្រើដើម្បីបំពងសំឡេងក្នុងការធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា ហើយក៏ជាចលនាយ៉ាងសំខាន់ក្នុងការញុះញង់បង្កចលាចលសង្គម និងបង្កើតភាពវឹកវរផងដែរដើម្បីបំពេញមហិច្ឆតាទុច្ចរិត ដែលម្ចាស់ជំនួយពួកគេបង្កប់ក្នុងជំនួយហិរញ្ញវត្ថុ។

២-ចង់ឱ្យបង្កើតច្បាប់តែមិនគោរពច្បាប់៖ ក្រុមជនដែល ពោរពេញដោយមនោគមវិជ្ជាបរទេស និងពង្វក់ឱ្យភ្លេចជាតិដោយសារតែជំនួយអន្ទាក់នយោបាយ តែងតែទាមទារឱ្យមានការគោរពច្បាប់ត្រឹមត្រូវ។ តែនៅពេលដែលមានច្បាប់ ពួកគេមិនគោរព ឬទាមទារឱ្យលុបចោល ព្រោះប៉ះពាល់ផលប្រយោជន៍ និងរំខានផែនការពួកគេដូចជាច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ឬច្បាប់ស្តីពីសហជីពជាឧទាហរណ៍ស្រាប់ដែលពួកគេព្យាយាមបែរទៅរកការអនុវត្តក្រៅច្បាប់ ឬចង់បន្តធ្វើ សកម្មភាពបែបអនាធិបតេយ្យបន្តទៀតក្រោមលេសលំហប្រជាធិបតេយ្យ។ ឥឡូវនេះ ដល់ពេលពួកគេយកជើងរាទឹកក្នុងគម្រោងបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាដែលជាស្ថាប័នមួយដើម្បីលើកតម្កើងការគោរពសិទ្ធិមនុស្ស។ ពួកគេជាអ្នកទាមទារបង្កើតស្ថាប័ននេះ ហើយការងារនេះក៏ត្រូវបានប្រគល់ឱ្យសង្គមស៊ីវិលជាអ្នករៀបចំ ក៏ប៉ុន្តែជាង១០ឆ្នាំហើយពួកគេរៀបចំបង្កើតមិនចេញទេ តែនៅពេលរាជរដ្ឋាភិបាលកម្ពុជាយកមកធ្វើខ្លួនឯង និងរៀបចំចាត់ចែងធ្វើ បែរជាធ្វើការរិះគន់រដ្ឋាភិបាល រិះគន់ទៅលើស្ថាប័នសិទ្ធិមនុស្សជាតិថាគ្មានប្រសិទ្ធភាពក្នុងពេលដែលមិនទាន់នឹងបានចេញជារូបរាងនៅឡើយ។ ពួកគេយកហេតុផលថាមិនគួរបង្កើតនៅពេលនេះទេព្រោះស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្នមានការធ្លាក់ចុះជាលំដាប់។ តាមពិត នេះគឺជាភាសារបស់ជនបរទេសអគតិតែប៉ុណ្ណោះដែលបាននិងកំពុងប្រើ តែសារដូចគ្នានេះក៏ត្រូវបាននិងកំពុងប្រើដោយក្រុមអង្គការសង្គមស៊ីវិលដែលស៊ីឈ្នួលបរទេសដែរ។ បើសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះដូចពួកគេប្រឌិត ទំនងពួកគេនឹងគ្មានសិទ្ធិសេរីភាពបើកអង្គការចាំទទួលជំនួយពីចៅហ្វាយនាយបរទេសនោះទេ ហើយក៏មិនអាចចេញសេចក្តីថ្លែងការណ៍ដែលភាគច្រើនសុទ្ធតែក្រុមអង្គការសមាគមគ្មានច្បាប់នោះឡើយ។សេរីភាពនិងសិទ្ធិមនុស្សធ្លាក់ចុះ សម្រាប់តែក្រុមធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជាប៉ុណ្ណោះ ព្រោះពួកគេត្រូវកាត់បន្ថយសេរីភាពដោយសារតែជាប់ឃុំនិងការប្រព្រឹត្តខុសច្បាប់របស់ពួកគេ។ ប៉ុន្តែសម្រាប់ ពលរដ្ឋដែលគោរពច្បាប់ គឺសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមានពេញបរិបូណ៌។ ដូច្នេះកម្ពុជាគ្មាន ភាពចាំបាច់ត្រូវស្តារសិទ្ធិមនុស្សនោះទេ តែក្រុមសង្គមស៊ីវិលស៊ីឈ្នួលបរទេសទាំងនេះទេដែលត្រូវស្តារមកវិញនូវសតិសម្បញ្ជៈ និងមនសិការជាតិ ស្រឡាញ់និងតម្កល់ផលប្រយោជន៍ជាតិជាធំជាងបម្រើផលប្រយោជន៍បរទេស និងធ្វើសកម្មភាពបំផ្លាញជាតិឯង ហើយត្រូវគោរពច្បាប់និងគោរព ការសន្យារបស់ខ្លួនឡើងវិញ។ ពួកគេក៏គួរបញ្ឈប់ការបោកប្រាស់ពលរដ្ឋនិងអន្តរជាតិពីការពិតនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តទៀត និងគួរមានមនសិការជាតិពិតប្រាកដជាជាងមនសិការតាមខ្សែញាក់បរទេស។ 

៣-រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិតែមួយគត់៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេនីមួយៗ គឺមិនបានឱ្យតម្លៃលើច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជាឡើយ ពួកគេមិនទុកច្បាន់រដ្ឋធម្មនុញ្ញក្នុងក្រសែភ្នែកពួកគេទេ។ តែពួកគេបានលើកតម្កើងហួសជ្រុលលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ពួកគេធ្វើជាមិនយល់ថារដ្ឋធម្មនុញ្ញត្រូវបានតាក់តែងឡើងដោយឈរលើគោលការណ៍និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានន័យថាគោលការណ៍ទាំងឡាយរួមនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរួចស្រេចទៅហើយ និងជាច្បាប់កំពូលតែមួយគត់របស់កម្ពុជាដែលពលរដ្ឋគ្រប់រូបត្រូវតែគោរព។ តើហេតុអ្វីបានជាពួកគេទន្ទេញចាំមាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសៗ ហេតុអ្វីមិនលើកឡើងពីរដ្ឋធម្មនុញ្ញ? នេះគឺជាចេតនាប្រមាថរដ្ឋធម្មនុញ្ញយ៉ាងច្បាស់ក្រឡែត និងមិនគោរពរដ្ឋធម្មនុញ្ញ។ ពួកគេលើកតម្កើងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ដើម្បីការពារគោលការណ៍បន្តឱ្យមានការជ្រៀតជ្រែករបស់បរទេសមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាត្រួតត្រាកម្ពុជា និងគូសវាសផ្លូវឱ្យកម្ពុជាដើរ។ ពួកគេមិនចង់ឱ្យកម្ពុជាមានភាពម្ចាស់ការនិងមានឯករាជភាពឡើយ។ បច្ចុប្បន្ននេះពួកគេបាននិងកំពុងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយខ្លួនយ៉ាងពិតប្រាកដ ហើយពួកគេនឹងមិនសប្បាយចិត្តពេលឃើញកម្ពុជាមានឯករាជភាព បូរណ ភាពទឹកដី អធិបតេយ្យភាពជាតិពេញលេញឡើយ។ តើនេះឬដែលជាក្រុមអង្គការសង្គមស៊ីវិលស្នេហាជាតិ ស្នេហាប្រជាជននោះ? ស្នេហាជាតិផេះ! ពួកគេជាឆ្កែចចកពាក់ស្បែកចៀមតែប៉ុណ្ណោះ។ អ្វីៗដែលពួកគេធ្វើ គឺមានការបញ្ជា និងអង្គការចាត់តាំងច្បាស់លាស់ ហើយក៏ដើម្បីប្រមាថជាចំហមកលើច្បាប់កំពូលរបស់ជាតិកម្ពុជា និងបន្តបំភ្លៃបំផ្លើសពីស្ថានភាពពិតប្រាកដនៅកម្ពុជា។ នេះជាការវាយប្រហារលើដួងព្រលឹងច្បាប់កម្ពុជាដើម្បីបន្ទាបបន្ថោកកិត្យានុភាពជាតិនិងញុះញង់ពលរដ្ឋកុំឱ្យមានទំនុកចិត្តលើច្បាប់ជាតិ។

៤-សំឡេងប្រឆាំងនឹងការរីកចម្រើនរបស់កម្ពុជា៖ បើ ពិនិត្យលើសកម្មភាពជាក់ស្តែងនៃក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ គ្មានអ្វីពិតប្រាកដក្នុងការជួយជាតិនិងប្រជាជនកម្ពុជាឡើយ តែពួកគេស្រែកឱ្យមានសំឡេងដើម្បីទទួលបានថវិកាជំនួយពីម្ចាស់ជំនួយបរទេសខ្លួនប៉ុណ្ណោះ។ ពួកគេតែងតែដើរបញ្ច្រាសទិសនឹងភាពត្រឹមត្រូវ និងតម្រូវការរបស់ប្រជាជន។ នៅពេលនេះ ពលរដ្ឋខ្មែរត្រូវការការការពារជីវិតពីជ្រោះមរណៈនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងលើការការពារជីវិតពលរដ្ឋនិងកសាងរបងវ៉ាក់សាំងរឹងមាំការពារជំងឺកូវីដ១៩ ជូនពលរដ្ឋ និងគិតគូរពីការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ស្តារសេដ្ឋកិច្ចក្រោយវិបត្តិដោយជំងឺកូវីដ១៩ តែមើលក្រុមសង្គមស៊ីវិលទាំងនេះ ពួកគេបន្តអនុវត្តផែនការចាស់ របស់ពួកគេដដែលដោយមិនខ្វល់នឹងសុខទុក្ខពលរដ្ឋឡើយ។នៅពេលពលរដ្ឋត្រូវការការពារសិទ្ធិរស់រានមានជីវិតជាចម្បង ពួកគេស្រែកទាមទារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ ពេលពលរដ្ឋត្រូវការគិតគូរពីស្បៀងអាហារ ពួកគេគេស្រែកទាមទារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ 

នេះគឺជាចរិតពិតរបស់ក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកសង្គមស៊ីវិល។ ពួកគេនិយាយពីសិទ្ធិសេរីភាព ប្រជាធិបតេយ្យសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ ដោយមិនគិតពីការចូលរួមការពារអាយុជីវិតពលរដ្ឋពីជំងឺកូវីដ១៩ ដែលជាសិទ្ធិរស់រានមានជីវិតជាសិទ្ធិមូលដ្ឋាននៃសិទ្ធិមនុស្ស។ ពួកគេតែងតែជំទាស់ដោយគ្មានមូលដ្ឋានលើដំណើរអភិវឌ្ឍន៍ជាតិកម្ពុជា និងតែងតែព្យាយាមបំផ្លាញផែនការអភិវឌ្ឍន៍ទាំងឡាយក្រោមលេសសិទ្ធិមនុស្ស សេរីភាពនិងប្រជាធិបតេយ្យ និងបរិស្ថានជាដើម។ 

សរុបមកវិញ ក្រុមសកម្មជននយោបាយជ្រកក្រោមស្លាក អង្គការសង្គមស៊ីវិលទាំងនេះពិតជាមិនបានគោរពតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិនោះទេ តែពួកគេចង់ឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្តរីករាយឱ្យជនបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ខណៈគោលការណ៍និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរួចស្រេចទៅហើយ។ ដំបូង ពួកគេចង់ឱ្យមានស្ថាប័នសិទ្ធិមនុស្ស ដល់ពេលបង្កើតបែរជាខិតខំព្យាយាមរាំងស្ទះទៅវិញ។ ពួកគេពិតជាមិនមានភាពអៀនខ្មាសក្នុងការបំផ្លាញកម្ពុជា បំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជាបន្តិចណាឡើយ។ អ្វីដែលពួកគេបាននិងកំពុងធ្វើ គេជឿថាមិនមែនជាឆន្ទៈពិតប្រាកដរបស់ពួកគេទេ តែពួកគេបានធ្វើតាមខ្សែញាក់របស់ពួកបរទេសដែលជាអ្នកផ្តល់ទឹកដោះឱ្យបៅចិញ្ចឹមទុកដើម្បីបញ្ចេញសំឡេងរំខានតែប៉ុណ្ណោះ ហើយក្រុម នេះគឺជាអ្នកស្នេហាជាតិក្លែងក្លាយ និងជាកូនអុកដែលបរទេសប្រើប្រាស់ដើម្បីបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា៕ 

ដោយចៅចាក់ស្មុក 

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

- Advertisement -spot_img
spot_img

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

អត្ថបទវិភាគ

ព័ត៌មានថ្មី

- Advertisement -spot_imgspot_img

ព័ត៌មានពេញនិយម