តួនាទីយុវជនក្នុងគ្រាសន្តិភាព

ពាក្យថា «សន្តិភាព» មួយម៉ាត់ ស្តាប់ទៅហាក់បីដូចជាសាមញ្ញណាស់ ប៉ុន្តែមានអត្ថន័យធំធេង លើសពីសម្បត្តិមហាសាលដែលមិនអាចកាត់ថ្លៃបាន។ បើយើងក្រឡេកទៅមើលអតីតកាលរាប់សតវត្សមកហើយ កម្ពុជាហាក់ពុំដែលស្គាល់នូវអ្វីដែលហៅថា «សន្តិភាព» នោះទេ។ មកដល់របបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងឋាននរកទាំងរស់។ រហូតដល់ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ កម្ពុជាបានបញ្ចប់នូវសករាជដ៏ភ័យខ្លាចខ្មៅងងឹត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ការផ្តួលរំលំរបបយង់ឃ្នង និងបញ្ចប់សង្គ្រាមស៊ីវិល មិនមែនជារឿងចៃដន្យនោះទេ គឺកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំ វីរៈយុទ្ធជន យុទ្ធនារី ដែលបានយកជីវិតជាដើមទុន ដើម្បីដណ្តើមមកវិញនូវសុខសន្តិភាពជូនប្រជាជាតិ និងបន្តថែរក្សាជូនប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់។

ការធ្វើឱ្យមានសន្តិភាពជារឿងពិបាកមួយស្រាប់ទៅហើយ ប៉ុន្តែការថែរក្សាឱ្យបានសិ្ថតស្ថេរគង់វង្ស រឹតតែជាការងារមួយដ៏លំបាកទ្វេដង ដូច្នេះហើយដើម្បីថែរក្សាម្លប់ដ៏ត្រជាក់នៃសន្តិភាពនេះ ក្នុងនាមយើងជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការថែរក្សានូវដើមឈើសន្តិភាព ដែលវីរៈជនយើងបានបូជា លះបង់អាយុជីវិត ដើម្បីសន្តិភាពនេះ ជូនដល់យើងជាអ្នកជំនាន់ក្រោយ។

ហេតុដូច្នេះ យើងជាយុវជនជំនាន់ក្រោយ ត្រូវតែមានកាតព្វកិច្ចចូលរួមថែរក្សាសន្តិភាពដែលបានមកយ៉ាងលំបាកនេះ ឱ្យខាងតែបាន។ ក្នុងនាមជាយុវជនខ្មែរ ត្រូវតែស្រឡាញ់ជាតិមាតុភូមិ និងមានមោទនភាពចំពោះជាតិសាសន៍ខ្លួន ទទួលស្គាល់ពង្សាវតារ គោរពឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីជាតិខ្លួន។ យុវជនខ្មែរ ត្រូវមានស្មារតីរឹងមាំជឿជាក់លើប្រទេសជាតិខ្លួន លើការដឹកនាំរបស់ថ្នាក់ដឹកនាំ និងជឿជាក់ថា ខ្លួនឯងអាចចូលរួមចំណែកក្នុងការរុញច្រាននាវាកម្ពុជាទៅដល់ដែនកោះនៃសន្តិភាព សម្បូរសប្បាយ រីកចម្រើនរុងរឿង។ យើងត្រូវមានសាមគ្គីភាពរឹងមាំ និងឆន្ទះដ៏មុះមុតរួមគ្នាគិត ចូលរួមធ្វើ ដែលនេះជាកត្តាមួយយ៉ាងសំខាន់ នឹងជួយឱ្យកម្ពុជាយកឈ្នះគ្រប់ឧបសគ្គ និងទទួលបានជោគជ័យគ្រប់បែបយ៉ាងផងដែរ។

ជាមួយគ្នានេះ ដើម្បីថែរក្សាសន្តិភាពបាន យើងជាយុវជនត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពខ្លួន ទាំងចំណេះ និងជំនាញ។ យុវជនត្រូវខិតខំកសាងសមត្ថភាពខ្លួន និងម្ចាស់ការលើខ្លួនឯង ធ្វើឱ្យក្លាយខ្លួនទៅជាកោសិកាល្អរបស់សង្គម ដែលអាចជួយឱ្យសង្គមជាតិរីកចម្រើន ដោយមិនបង្កភាពស្មុគស្មាញដល់សង្គម ប៉ុន្តែត្រូវធ្វើខ្លួនឱ្យក្លាយជាផ្នែកមួយនៃការចូលរួមដោះស្រាយបញ្ហា និងការលំបាករបស់សង្គម។ ពិសេស គឺត្រូវធ្វើខ្លួនឱ្យជាយុវជនដែលប្រកបដោយសីលធម៌ គុណធម៌ នោះទើបធ្វើឱ្យសង្គមជាតិមានការរីកចម្រើនប្រកបដោយសុខដុមរមនា។ លើសពីនេះទៀត ក្នុងនាមយើងជាយុវជន ត្រូវធ្វើខ្លួនឱ្យជាទំពាំងស្នងឫស្សីដ៏ល្អ ដែលមិនមើលងាយដើមឫស្សី ប៉ុន្តែត្រូវត្រងត្រាប់ រៀនសូត្រ បទពិសោធន៍ល្អៗ ពីថ្នាក់ដឹកនាំ ចាស់ព្រឺទ្ធាចារ្យ ដើម្បីយកមកធ្វើជាមេរៀន និងការអនុវត្ត ដើម្បីឆ្ពោះទៅរកភាពជោគជ័យជូនខ្លួនឯងផង និងប្រទេសជាតិផង៕

#ប្រវត្ដិសាស្រ្ដកម្ពុជា#ក្អែកខ្មៅ#មេដឹកនាំខ្មែរក្រហម#ខៀវសំផន

Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner