ពិធីសំណេះសំណាល និងផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គចិត្តដូរដី ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានភ្នំពេញថ្មី

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC អញ្ជើញសំណេះសំណាល និងផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានភ្នំពេញថ្មីចំនួន ១៦នាក់ ស្មើនឹង៣១ក្បាល ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់ការគម្រោងសាងសង់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។

ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល លើផ្ទៃដី ២៦០០ហិកតា ក្នុងនោះស្ថិតក្នុងខេត្តកណ្តាល ទំហំ ២៤២៦ហិកតា និងខេត្តតាកែវ ១៧៤ហិកតា ។ ក្នុងខេត្តកណ្តាល មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង មាន ៤ឃុំ ស្មើនឹង ១៣ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ ហិកតា នៃទំហំផ្ទៃដីគម្រោងសរុប ។ ក្នុងគម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន ៣ខ្សែ ក្នុងនោះផ្លូវរត់ទី១ (Runway1) គ្រោងនឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ខាងមុខ ដែលផ្លូវរត់នេះមានទទឹង ១០០ម៉ែត្រ បណ្តោយ ៤,០០០ម៉ែត្រ ប្រើប្រាស់ផ្ទៃដីចំនួន ៤០ហិកតា ដែលត្រូវសហការគ្នាគិតគូរដោះស្រាយជាអាទិភាព ។ បច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ១១ក្បាលដីទៀត ដែលមិនទាន់យល់ព្រម ទទួលយកការដូរដី ឬការលក់ដីជូនព្រលាន ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើបងប្អូនដែលមានក្បាលដីក្នុងទីតាំងព្រលាន សូមមានការយោគយល់ខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដូរដីទៅខាងក្រៅព្រលាន ដែលអាចយកទៅលក់ដូរ សាងសងលំនៅដ្ឋានបាន ឬលក់ដីឲ្យព្រលាន ដើម្បីកុំឲ្យរាំងស្ទះដល់ដំណើរការសាងសង់ព្រលាន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner