ស្រ្តីម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់ បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ ស្រ្តីម្នាក់ ជាអ្នកលក់មាន់ ខណៈពេលកាន់តោងរោងដែក ស្រាប់តែត្រូវខ្សែភ្លើងឆ្លងចរន្តភ្លើងអគ្គិសនីឆក់ស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុងលេខ៨៦K ទល់មុខផ្សារព្រៃទា នៅត្រង់ចំណុចភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ម៉ាន់ ធីតា អាយុ ៤១ឆ្នាំ មុខរបរលក់សាច់មាន់ សាច់ទា ស្នាក់នៅបន្ទប់ជួលជាប់នឹងកន្លែងកើតហេតុ ជាស្ត្រីម៉េម៉ាយ មានកូន ២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ មានទីលំនៅផ្ទះលេខ៧៨ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមក្រុមគ្រួសារ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានតខ្សែព្រីភ្លើងចេញពីក្នុងបន្ទប់ទៅរោងលក់ដូរនៅខាងមុខ សម្រាប់ដាក់ទុកប្រើកង្ហារ និងសម្រាប់ប្រើបញ្ចូលទូរសព្ទដៃផង លុះពេលដែលជនរងគ្រោះកាន់បង្គោលរោងដែកឡើងទៅអង្គុយ ចៃដន្យ ក៏ស្រាប់តែខ្សែភ្លើងដាច់ក្រវីទៅប៉ះនឹងរោងដែក បណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់ជនរងគ្រោះមកដីរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែជាអកុសលស្ត្រីខាងលើនេះ ត្រូវបានស្លាប់បាត់បង់អាយុជីវិតនៅតាមផ្លូវបាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ រួមទាំងក្រុមគ្រូពេទ្យឱ្យចុះមកធ្វើតេស្តសំណាករកមើលមេរោគកូវីដ១៩ ដោយលទ្ធផលអវិជ្ជមាន ទើបសមត្ថកិច្ចមូលដ្ឋាន បានធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់សពឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner